ដោយយោងតាមសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី4 ខែមករា ឆ្នាំ2018នេះ បានដកស្រង់ព័ត៌មាន ABC News បានឱ្យដឹងថា កំពូលអ្នកលេងបណ្ដាញសង្គមយូធូប (Youtube) ល្បីម្នាក់ដែលអាចរកចំណូលបានពីគណនីយូធូបរាប់ម៉ឺនដុល្លារ មានឈ្មោះថា Logan Paul មានវ័យ 22 ឆ្នាំ បានចេញមុខសូមទោសជាសាធារណៈទៅកាន់មហាជន បន្ទាប់ពីលោកបានបង្ហោះវីដេអូចុងក្រោយមួយ បង្ហាញពីការសើចចំអក មើលងាយប្រមាថដល់សាកសពក្រុមមនុស្សធ្វើអត្តឃាតនៅក្នុងព្រៃដ៏អាណោចអាធ័មមួយ គឺព្រៃអត្តឃាត អាអូឃិងៈហារៈ នៅក្នុងតំបន់ភ្នំហ្វូជិ ប្រទេសជប៉ុន។
ក្រោយពីវីដេអូនោះត្រូវបានបង្ហោះឡើង ភ្លាមៗនោះក៏ទទួលបានអ្នកចូលទស្សនារាប់ពាន់ រាប់ម៉ឺននាក់ ប៉ុន្តែជាអកុសល កំពូលអ្នករកលុយពីយូធូបម្នាក់នេះ ត្រូវបានមហាជនសម្ដែងមតិរិះគន់នៅខាងក្រោមវីដេអូថា លោកមិនគោរពដល់វិញ្ញាណក្ខន្ធមនុស្សដែលបានធ្វើអត្តឃាតយ៉ាងអាណោចអាធ័មនៅក្នុងព្រៃ និងថែមទាំងសើចចំអក កំប្លែងលេងសើចគ្មានសុជីវធម៌ មើលងាយប្រមាថដល់សេចក្ដីទុក្ខសោករបស់សាកសព។ ដូច្នេះហើយ ក្រោយរងការិះគន់ បុរសវ័យ 22 ឆ្នាំខាងលើនេះ ត្រូវបានគេដកហូតការងារជាច្រើនកន្លែង និងលែងអនុញ្ញាតឱ្យរកលុយនៅលើយូធូបជាបន្ដទៀត ដែលជាហេតុបណ្ដាលឱ្យលោកបាត់បង់ប្រាក់ចំណួលអស់រាប់ម៉ឺនដុល្លារនៅក្នុងមួយខែៗ។
វីដេអូសូមទោសរបស់បុរសនេះ បានរៀបរាប់ថា ខ្លួនមិនធ្លាប់ត្រូវគេជេរប្រមាថរិះគន់យ៉ាងចាស់ដៃបែបនេះពីមុនទេ ព្រោះលោកក៏មិនធ្លាប់ធ្វើរឿងខុសឆ្គងបែបនេះពីមុនមកដូចគ្នាដែរ ក្ដីអស់សង្ឃឹម និងការរអៀសខ្លួនបានធ្វើឱ្យលោកដឹងពីកំហុសខ្លួនជាខ្លាំង ហើយលោកក៏ជាមនុស្សម្នាក់ព្រមទទួលកំហុសមួយនេះដែរ។
គួរបញ្ជាក់ផងដែរថា ព្រៃអត្តឃាត អាអូឃិងៈហារៈ ដែលស្ថិតនៅតំបន់ភ្នំ ហ្វូជិ ប្រទេសជប៉ុន គឺជាព្រៃ ឬជាកន្លែងមួយសម្រាប់មនុស្ស និងក្រុមមនុស្សដែលមានបំណងចង់ស្លាប់មកធ្វើអត្តឃាតបញ្ចប់ជីវិត និងបញ្ហារបស់ខ្លួន ហើយក៏ជាទីកន្លែងបញ្ចប់ជីវិតដ៏ពេញនិយម និងល្បីល្បាញមួយនៅក្នុងប្រទេសជប៉ុន រហូតបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដែលចង់ដឹង នឹងចង់ឃើញពីភាពភ័យខ្លាចនៅក្នុងព្រៃនេះទៀតផង។ នៅខាងមុខផ្លូវទៅកាន់ព្រៃមរណៈមួយនេះ ក៏មានការបិទបដាណែនាំ និងដាស់តឿនដល់មនុស្សដែលសម្រេចចិត្តគិតខ្លីថា «សូមទៅពិគ្រោះជាមួយគ្រូពេទ្យផ្លូវចិត្តជាមុនសិន មុនសម្រេចចិត្តមកធ្វើអត្តឃាតនៅទីនេះ»៕