Virgil van Dijk ដែលជាខ្សែការពារមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោក អាចនឹងធ្វើការបង្ហាញខ្លួនជាលើកដំបូងរបស់គេសម្រាប់ក្រុម Liverpool នៅពេលប្រកួតជាមួយនឹងក្រុម Everton នាកីឡដ្ឋាន Anfield ក្នុងការប្រកួតពាន FA Cup ជុំទី៣ នៅរាត្រីថ្ងៃស្អែកនេះ។
ខ្សែការពារកណ្តាលរូបនេះ មានសិទ្ធិចូលលេងបានហើយ ក្រោយពីការចុះឈ្មោះរបស់គេត្រូវបានបំពេញជាផ្លូវការ បន្ទាប់ពីការផ្ទេររបស់គេក្នុងតម្លៃខ្លួន75លានផោន (ស្មើនឹង102លានដុល្លារអាមេរិក) ពីក្លិប Southampton។ លោក Juergen Klopp ដែលជាអ្នកចាត់ការទូទៅ មិនទាន់បញ្ជាក់ថា លោកមានបំណងក្នុងការដាក់ឲ្យខ្សែការពារអន្តរជាតិហូឡង់រូបនេះ ចូលលេងភ្លាមៗនៅឡើយទេ ជាពិសេស ក្នុងការប្រកួតដ៏ស្វិតស្វាញបែបនេះ ប៉ុន្តែ Van Dijk អាចនឹងបង្ហាញខ្លួនយ៉ាងហោចណាស់ស្ថិតក្នុងនាមជាកីឡាករបម្រុងដែរ។
ការត្រៀមលក្ខណៈក្នុងក្រុមរបស់លោក Klopp ហាក់កំពុងតែមានភាពស្មុគស្មាញ ដោយសារតែបណ្តាញសារព័ត៌មានចក្រភពអង់គ្លេសជាច្រើនបានចេញផ្សាយថា ក្លិប Barcelona នឹងដាក់ការដេញថ្លៃមួយសម្រាប់ខ្សែបម្រើស្លាបដ៏ឆ្នើម Philippe Coutinho។ ស្របពេលជាមួយគ្នានេះ Mohamed Salah និង Sadio Mane ក៏ប្រហែលជាមិនអាចចូលលេងបានផងដែរសម្រាប់ការប្រកួតនៅថ្ងៃសុក្រនេះ ក្រោយពីលោក Klopp គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ បានយល់ព្រមអនុញ្ញាតឲ្យពួកគេធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីប្រគល់រង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ទ្វីបអាហ្វ្រិកនៅប្រទេសហ្គាណា នៅថ្ងៃព្រហស្បតិ៍នេះ៕
ប្រភពពី៖ Channel News Asia