ពុទ្រាម្រេច កំពុងទទួលបានការពេញនិយមច្រើនពីអ្នកបរិភោគ ហើយថែមទាំងផ្តល់ប្រាក់ចំណូលបានច្រើនគួរសមដល់អ្នកដាំទៀតផង ដោយក្នុងមួយសប្តាហ៍អាចលក់បានប្រមាណ 800ដុល្លារ សម្រាប់ការដាំនៅលើផ្ទៃដីជាង 30អា។
លោក ថន ធី កសិករនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ថា ចាប់តាំងពីងាកមកដាំពុទ្រាម្រេចនេះបានរយៈពេល 4ឆ្នាំមក ជីវភាពគ្រួសាររបស់លោកបានប្រសើរឡើងជាលំដាប់ ហើយកូនៗក៏បានចូលរៀនគ្រប់ៗគ្នាដែរ។ លោកបានបន្តថា ពុទ្រាដែលលោកដាំនេះនៅលើដីបណ្តោយ 200ម៉ែត្រ និងទទឹង 18ម៉ែត្រ នេះមានដើមសរុបចំនួន230 ហើយក្នុងមួយសប្តាហ៍អាចបេះលក់បាន2ដង ដោយក្នុង1ដង បានជាង 200គីឡូក្រាម។ បច្ចុប្បន្នក្នុង1គីឡូក្រាមលក់បានតម្លៃ 8,000រៀល ប៉ុន្តែបើខែណាមិនសូវសម្បូរអាចលក់បានដល់ទៅ10,000រៀលឯណោះ។
ចំណែកលោក ខឹម កិ អាយុ 65ឆ្នាំ ដែលជាកសិករដាំពុទ្រាម្រេចម្នាក់ដែរនោះ ក៏បាននិយាយដែរថា គាត់បានដាំពុទ្រានេះជាង 8ឆ្នាំមកហើយ ដោយបានទិញពូជពីឃុំព្រែកគយ ក្នុង1ដើមតម្លៃ1ដុល្លារ។ លោកបានបង្ហើបអំពីវិធីសាស្ត្រដាំដុះ និងថែទាំថា ពុទ្រាម្រេចមិនពិបាកដាំ និងថែទាំប៉ុន្មាននោះទេ ដំបូងគឺត្រូវភ្ជួរដីហាលចោល1ទៅ2ខែ ទើបរាស់ហើយហាលចោល1អាទិត្យទៀត ទើបឆូតជាគន្លងកាប់រណ្តៅទំហំ5តឹកដាក់ជីលាមកគោចូលហើយយកកូនពុទ្រាមកដាំជាការស្រេច និងត្រូវទុកគម្លាតពីគ្នាប្រមាណពី4-5ម៉ែត្រពីដើមមួយទៅដើមមួយទៀត។
នៅរដូវវស្សាគេមិនបាច់ស្រោចទឹកទេ តែត្រូវស្រោចទឹក1-2ដងក្នុងសប្តាហ៍នៅរដូវប្រាំង។ ពុទ្រាមិនពិបាកថែទាំទេ ចំណែកឯជីទៀតសោតគឺប្រើតែជីធម្មជាតិ លាមកគោ មាន់ ទា និងបាញ់ថ្នាំការពារដង្កូវតែ1ដងប៉ុណ្ណោះក្នុង1ខែ។ ក្រោយដាំបាន6ខែ អាចប្រមូលផលបានហើយ ដោយក្នុង1សប្តាហ៍អាចបេះបានចំនួន2ដង។ នៅពេលដើមពុទ្រា អាយុបាន2ឆ្នាំគេត្រូវតែអារដើមចោលខ្លះ ដោយទុកគល់កន្លះម៉ែត្រដើម្បីឱ្យលាស់ថ្មី ហើយក្រោយអារចោល6ខែ ពុទ្រានឹងចាប់ផ្តើមចេញផ្លែ ប៉ុន្តែដល់ដើមពុទ្រា អាយុ6ឆ្នាំ ផ្លែវាចាប់ផ្តើមតូច ទើបគេគាស់ដើមចាស់ចោលដាំសាជាថ្មី។
អ្នកស្រី ប៉ាង សារ៉េត ជាអ្នកលក់ម្នាក់ក្នុងចំណោមអ្នកលក់ជាង10តូបនៅចំណុចច្រាំងបាក់ ក្បែរផ្សារស្អាង បានប្រាប់ឱ្យដឹងថា ពុទ្រាម្រេចមានរសជាតិជូរអែម និងស្រួយឆ្ងាញ់ ហើយកំពុងទទួលបានការគាំទ្រពីអតិថិជន។ ជាមធ្យមក្នុង1ថ្ងៃគាត់អាចលក់បានប្រមាណ50គីឡូក្រាម តែបើថ្ងៃសៅរ៍ អាទិត្យនិងថ្ងៃឈប់សម្រាកវិញ គឺលក់បានច្រើនរហូតដល់ទៅជាង 100គីឡូក្រាមក៏មានដែរ ដែលក្នុងមួយគីឡូរកប្រាក់ចំណេញបានប្រមាណជា2,000រៀល៕