តាមរយៈសារព័ត៌មានថៃ Teenee ដែលបានចេញផ្សាយនៅថ្ងៃទី3 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា នៅវេលាម៉ោង 6 : 00 ថ្ងៃទី2 ខែមករា ឆ្នាំ2018 មន្ត្រីប៉ូលិសបាននាំខ្លួនតារាចម្រៀង សេក ឡូសូ ឬមានឈ្មោះពិត សេកសាន់ មកដុសខាត់ចរិត ហើយបញ្ជូនខ្លួនទៅមន្ទីឃុំឃាំងនៅក្នុងខេត្ត ណាខនស៊ីថាំមៈរ៉ាត ហើយខណៈនោះដែរ គេសង្កេតឃើញមិត្តស្រីរបស់លោក គឺកញ្ញា អ៊ីហ្វ បានតាមមើលថែរក្សាតារាចម្រៀងរូបនេះ មិនឃ្លាតឆ្ងាយមួយជំហានណាឡើយ។
មូលហេតុដែលបណ្ដាលឱ្យមានការចាប់ខ្លួនតារាប្រុសរូបនេះ គឺនៅថ្ងៃប្រគំតន្ត្រីរបស់លោកដែលបានរៀបចំឡើងនៅក្នុងវត្តអាមនា ខេត្ត ណាខនស៊ីថាំមៈរ៉ាត តារារូបនេះបានប្រើប្រាស់កាំភ្លើង និងបាញ់បោះខុសច្បាប់ ដោយលោកបានដើរសំដៅចូលទៅក្នុងព្រះវិហារ រួចបាញ់ឡើងទៅលើចំនួន 9 គ្រាប់ បង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង មិនតែប៉ុណ្ណោះថែមទាំងមានការ Live Video នៅលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់ទៀតផង ជាហេតុបណ្ដាលឱ្យអ្នកគាំទ្រមួយចំនួនរិះគន់ថា ក្នុងនាមសិល្បករល្បីតែប្រព្រឹត្តទង្វើខុសច្បាប់ និងបង្ហាញចរិតពាល បាញ់កាំភ្លើងនៅទីសាធារណៈ ហើយកណ្ដាលវត្តអារាមទៀត។ បន្ទាប់ពីត្រូវបានឃាត់ខ្លួនភ្លាមៗហើយនោះ តារាចម្រៀងរូបនេះបានបដិសេធ ដោយនិយាយថា ខ្លួនវង្វេងស្មារតីដោយការប្រើប្រាស់ថ្នាំងងុយដេក ដើម្បីការពារជំងឺ Bipolar។
មន្ត្រីបូលីសបានបញ្ជាក់ផងដែរថា បន្ទាប់ពីការធ្វើការត្រួតពិនិត្យទឹកមូត្ររបស់តារាចម្រៀងប្រុសរូបនេះរួចមក លទ្ធផលបានរកឃើញថា តារាចម្រៀង សេក ឡូសូ មានទឹកមូត្រពណ៌ស្វាយ ដែលជាសញ្ញាថាមានផ្ទុកសារធាតុថាំញៀនមួយប្រភេទ ក៏ប៉ុន្ដែសាមីខ្លួននៅតែបន្តធ្វើការបដិសេធ។ ចំពោះអាវុធខ្លីដែលបានបាញ់ដូចឃើញនៅក្នុងឃ្លីបវីដេអូដែលបានបង្ហោះនោះ ត្រូវបានសមត្ថកិច្ចដកហូតទុក និងធ្វើសំណុំរឿងបញ្ជូនខ្លួនទៅតុលាការជាបន្ត៕