ទំនាក់ទំនង គឺជារឿងដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ការរស់នៅ ពិសេសសម្រាប់ពាណិជ្ជករដែលជាអ្នកមានគោលដៅទំនាក់ទំនងច្រើនបំផុតទាំងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម ទំនាក់ទំនងជាមួយអតិថិជននិងជាមួយបុគ្គលិក ជាដើម។
នាយកប្រតិបត្តិនៃសហគ្រាសផលិតថ្នាំពណ៌ជាតិ Cam-Paint លោក សោម សម្បត្តិ បាននិយាយថា ការបង្កើតទំនាក់ទំនងគឺជារឿងដ៏ចាំបាច់របស់មនុស្ស ពិសេសអ្នករកស៊ីដែលជាការចាំបាច់ដើម្បីផ្តល់ឱ្យ និងទាក់ទាញផលប្រយោជន៍ពីដៃគូអាជីវកម្ម និងអតិថិជនរបស់ខ្លួន។ លោកបញ្ជាក់ថា ការបង្កើតទំនាក់ទំនងល្អអាចជំរុញឱ្យមនុស្សម្នាក់កាន់តែមានសក្តានុពលក្នុងការរស៊ី ព្រោះនៅពេលដែលគាត់លក់ផលិតផលណាមួយ ឬប្រកាសពីផលិតផលណាមួយ គាត់នឹងអាចទទួលបានការគាំទ្រច្រើនពីមនុស្សទូទៅ ព្រោះមនុស្សបានជឿជាក់ទៅលើគាត់មុនជឿជាក់លើផលិតផលរបស់គាត់ទៀតផងដែរ។
លោក សម្បត្តិ បានថ្លែងថា៖“ក្រៅពីការបង្កើតទំនាក់ទំនងល្អជាមួយមនុស្សទូទៅ ការបង្កើតទំនាក់ទំនង និងយកចិត្តទុកដាក់ជាមួយបុគ្គលិកក៏ជារឿងសំខាន់មួយផងដែរសម្រាប់អ្នកជំនួញ ព្រោះថាបុគ្គលិកជាផ្នែកដែលសំខាន់ដើម្បីនាំអាជីវកម្មឱ្យទទួលជោគជ័យ។ ប្រសិនបើបុគ្គលិក និងថៅកែមិនយល់ពីគ្នានោះបញ្ហានឹងកើតឡើងមិនចេះចប់មិនចេះហើយ។
នាយកប្រតិបត្តិនៃសហគ្រាសផលិតថ្នាំពណ៌ជាតិ Cam-Paint បានបន្ថែមទៀតថា ជាទូទៅអ្នករកស៊ីខ្លះតែងតែភ្លេចខ្លួនរឿងទំនាក់ទំនងនេះ ដោយមានអ្នកខ្លះព្យាយាមគ្រប់លទ្ធភាពដើម្បីទំនាក់ទំនងល្អជាមួយមនុស្សទូទៅ តែដល់ពេលដែលមានបានក៏ចាប់ផ្តើមឃ្លាតឆ្ងាយពីការទំនាក់ទំនង ឬចាប់ផ្តើមដំឡើងខ្លួន។ ចំណុចនេះអាចនឹងធ្វើឱ្យគាត់ក្លាយជាមនុស្សម្នាក់ដែលងាយបរាជ័យបំផុត ព្រោះការរកស៊ីមិនមែនចេះតែចំណេញរហូតនោះទេ វាត្រូវតែមានការប្រកួតប្រជែង ហេតុនេះការរក្សាទំនាក់ទំនងជារឿងសំខាន់ដែលត្រូវតែធ្វើជារៀងរហូត ទោះក្នុងលក្ខខណ្ឌណាក៏ដោយ។
បង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងនេះដែរ លោកឧកញ៉ា គួច ម៉េងលី អគ្គនាយកក្រុមហ៊ុន Mengly J. Quach បានថ្លែងថា គ្រប់គ្នាដែលនៅជុំវិញខ្លួនយើងសុទ្ធតែជាអតិថិជន ហេតុនេះការធ្វើអ្វីមួយគឺត្រូវតែប្រយ័ត្ន។ ការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សជុំវិញខ្លួនជារឿងចាំបាច់បំផុតសម្រាប់អ្នករកស៊ី ព្រោះពេលខ្លះគេអាចមើលមនុស្សណាម្នាក់ហើយវាយតម្លៃគាត់ថា គ្រាន់តែជាមនុស្សធម្មតា ឬគ្រាន់តែជាអ្នកដែលមិនសូវសំខាន់ក្នុងសង្គមដែលមិនចាំបាច់ខ្វល់ខ្វាយពីការបង្កើតទំនាក់ទំនងជាមួយប៉ុន្មាននោះទេ តែពួកគេអាចភ្លេចថាក្រៅពីភាពជាបុគ្គលធម្មតា អ្នកទាំងអស់នោះអាចមានមុខងារមួយទៀតដែលយើងចាំបាច់ត្រូវតែទាក់ទង គឺគាត់ជាអតិថិជនរបស់យើង។
លោកឧកញ៉ា គួច ម៉េងលី បាននិយាយថា៖ “អ្នកដែលនៅជុំវិញខ្លួនយើង អ្នកណាក៏ដោយ ក៏ត្រូវតែយកចិត្តទុកដាក់ទាំងអស់ ព្រោះថាមនុស្សមិនអាចធ្វើការងារ ឬរស់តែម្នាក់ឯងបានទេ។ មនុស្សកុំមើលងាយមនុស្សពេលខ្លះមនុស្សសាមញ្ញម្នាក់នៅថ្ងៃនេះ អាចនឹងក្លាយជាមនុស្សសំខាន់ដែលយើងត្រូវទាក់ទងនៅថ្ងៃក្រោយក៏ថាបាន។
ស្ថាបនិកគ្រឹះស្ថានអប់រំ ខាងលើបានបញ្ជាក់ថា ទំនាក់ទំនងជាគន្លឹះយ៉ាងសំខាន់ដែលអាចរុញច្រានឱ្យមនុស្សគ្រប់គ្នាមានភាពរីកចម្រើន។ ហេតុនេះសូមកុំមើលរំលងរឿងដែលសំខាន់មួយនេះ ទោះបីជាយើងមានស្ថាប័នធំហើយក៏ដោយ ក៏មិនអាចមើលរំលងពីមនុស្សគ្រប់គ្នាដែលតូចទាបជាងខ្លួនដែរ។ ការព្យាយាមបើកចិត្តឱ្យទូលាយ ហើយភ្ជាប់ទំនាក់ទំនងល្អជាមួយគ្នា អាចជួយឱ្យយើងទទួលជោគជ័យទាំងការរកស៊ី និងមានភាពត្រជាក់ត្រជុំក្នុងការរស់នៅ។
អគ្គនាយកក្រុមហ៊ុន សេដ្ឋីនី លោក ឆាក់ សុជាតិ បានលើកឡើងថា ការទំនាក់ទំនងជាដង្ហើមយ៉ាងសំខាន់សម្រាប់ការរកស៊ី។ អ្នកដែលឱ្យតម្លៃខ្លាំងលើការទំនាក់ទំនងជាមនុស្សដែលមានភាពឆ្លាតវៃបំផុតក្នុងការរកលុយព្រោះថា មនុស្សដែលអាចទទួលប្រយោជន៍ពីសង្គមច្រើនបំផុត គឺជាអ្នកដែលមើលឃើញពីតម្លៃនៃសង្គម និងការរស់នៅរបស់មនុស្សទូទៅ។
លោក សុជាតិ បាននិយាយថា៖“យើងសាកស្រមៃទៅមើលថា យើងមានមនុស្សប្រហែល1លាននាក់នៅក្នុងដៃ បន្ទាប់មកយើងបង្កើតអាជីវកម្មមួយដែលចំណេញតែ50សេនប៉ុណ្ណោះក្នុងមួយខែ គឺយើងអាចចំណេញបាន 50ម៉ឺនដុល្លារ វាងាយជាងការដែលយើងទៅយកលុយ 50ម៉ឺនដុល្លារពីមនុស្សម្នាក់ឆ្ងាយណាស់។
សហគ្រិនរូបនេះ បានបន្ថែមទៀតថា មនុស្សជាច្រើនបានយល់ច្រឡំថា ការរកស៊ី គឺត្រូវតែប្រមូលពីអ្នកមានលុយធំៗទើបល្អ តែគំនិតនេះមិនប្រាកដថាត្រូវនោះទេ ព្រោះបើយើងចង់បានលុយ 50ម៉ឺនដុល្លារពីនរណាម្នាក់ ម្ចាស់លុយនោះក៏មានវិធីការពារលុយរបស់គេដែរ តែប្រសិនបើយើងប្រមូលតែ 50សេនពីមនុស្ស1លាននាក់ យើងនឹងអាចទទួលបាន50ម៉ឺនដុល្លារដូចគ្នា។ ការរកស៊ី គឺត្រូវមានភាពវៃឆ្លាត និងចេះបត់បែនគ្រប់កាលៈទេសៈ ហេតុនេះពេលខ្លះការបង្កើតទំនាក់ទំនងល្អ អាចធ្វើឱ្យយើងក្លាយជាអ្នករកស៊ីជោគជ័យបាន ទោះបីជាយើងលក់តូចតាច ឬបន្តិចបន្តួចក៏ដោយ៕