ការបណ្តុះបណ្តាលមនុស្សជំនាន់ថ្មី គឺជារឿងចាំបាច់បំផុតសម្រាប់គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ព្រោះថាប្រទេសណាក៏បណ្តុះបណ្តាលមនុស្សឱ្យសិក្សាយ៉ាងហោចណាស់កម្រិតមូលដ្ឋានដែរ ដើម្បីឱ្យប្រជាជនរបស់គេក្លាយជាមនុស្សដែលមានសក្តានុពល។ ក្នុងនោះគេសង្កេតឃើញថាសិល្បៈ គឺជាមុខវិជ្ជាដែលមានគ្រប់ទីកន្លែងនៅលើពិភពលោក ខណៈអាណាព្យាបាលខ្មែរជាច្រើនមិនសូវយកចិត្តទុកដាក់នោះទេ។
គេហទំព័រផ្នែកអប់រំកុមារ PBSparents បានលើកឡើងថា សិល្បៈសំខាន់ខ្លាំងណាស់សម្រាប់កុមារដែលមនុស្សជាច្រើនមើលរំលង តែប្រសិនបើយើងពិនិត្យឱ្យបានល្អិតល្អន់ យើងនឹងឃើញថាវាមានធាតុសំខាន់ៗជាច្រើនដែលអាចពង្រឹងផ្នែកបញ្ញាស្មារតីរបស់កុមារ។
អត្ថប្រយោជន៍របស់សិល្បៈសម្រាប់កុមារមានដូចជា៖
- សិល្បៈពង្រឹងជំនាញក្នុងការសម្រេចចិត្ត
អ្នកជំនាញផ្នែកសិល្បៈ និងជាអ្នកនិពន្ធសៀវភៅសិល្បៈសម្រាប់កុមារ MaryAnn Kohl បានលើកឡើងថា តាមរបាយការណ៍របស់ Americants for the Arts បានបង្ហាញថា សិល្បៈជំរុញឱ្យកុមារក្លាយជាមនុស្សដែលចូលចិត្តដោះស្រាយបញ្ហា និងមានជំនាញក្នុងការគិតបានស៊ីជម្រៅ ព្រោះថានៅពេលដែលកុមារស្រឡាញ់អ្វីមួយដែលមានសម្រស់ស្រស់ស្អាត ឬសមិទ្ធផលសិល្បៈដែលរូបគេចូលចិត្ត គេនឹងព្យាយាមបង្កើតវាដោយខ្លួនឯង ហើយព្យាយាមដោះស្រាយបញ្ហាដើម្បីធ្វើវាឱ្យបាន។
នៅពេលដែលកុមារចាប់ផ្តើមទទួលបានការជំរុញពីសិល្បៈឱ្យបង្កើតអ្វីម្យ៉ាងដោយខ្លួនឯង ក្មេងនឹងអាចក្លាយជាអ្នកសម្រេចចិត្តដ៏ពូកែ ឬហ៊ានសម្រេចចិត្តលើបញ្ហាដែលគេកំពុងធ្វើដោយខ្លួនឯង ដែលអាចធ្វើឱ្យគេក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់នៅថ្ងៃអនាគត។
- សិល្បៈជំរុញឱ្យមានគំនិតបង្កើតថ្មី
សមិទ្ធផលទាំងអស់នៅលើពិភពលោកកើតឡើងពីក្តីស្រឡាញ់ និងសិល្បៈនៃការបង្កើតស្នាដៃថ្មី ហេតុនេះសិល្បៈគឺជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញមនុស្សឱ្យមានគំនិតច្នៃប្រឌិតប្រកបដោយថាមពល និងភាពរីករាយ។ ជាធម្មតា ក្មេងដែលស្រឡាញ់សិល្បៈគាត់នឹងចង់បង្កើតស្នាដៃសិល្បៈ ហើយនៅពេលដែលគាត់បង្កើតបានរបស់អ្វីមួយ គាត់នឹងយល់ពីហេតុផលនៃធាតុផ្សំនានាដែលបង្កើតជាស្នាដៃនោះ។ ចំណេះដឹងជាមូលដ្ឋានរបស់សិល្បៈ និងគំនិតតូចៗរបស់វាអាចនឹងក្លាយជាចំណុចសំខាន់ៗដែលជំរុញឱ្យក្មេងប្រើវាជាមូលដ្ឋានក្នុងការកែច្នៃ ឬរកឃើញគំនិតថ្មីដើម្បីបង្កើតរឿងដ៏អស្ចារ្យជាច្រើនដែលមនុស្សទូទៅនឹកស្មានមិនដល់។
- សិល្បៈជួយឱ្យកុមារក្លាយជាមនុស្សដែលមានគំនិតវិជ្ជមាន
សិល្បៈបង្កើតក្តីស្រឡាញ់ ជាមួយនឹងភាពស្ងប់ស្ងាត់ដែលអាចអនុញ្ញាតឱ្យក្មេងមានឱកាសសិក្សាពីជីវិតខ្លួនគេបានយ៉ាងល្អ ហេតុនេះកុមារដែលមានចំណេះដឹង ឬកម្សាន្តជាមួយសិល្បៈដែលវិជ្ជមាន នឹងក្លាយជាមនុស្សដែលមានគំនិតសុទិដ្ឋិនិយម និងតស៊ូជាងកុមារធម្មតា។ កុមារដែលមានគំនិតសិល្បៈជាមនុស្សដែលចេះរង់ចាំ មានភាពក្លាហានក្នុងការមើលលើរឿងគ្រប់យ៉ាងដែលកុមារដទៃគិតថាមិនអាចទៅរួច ហើយថែមទាំងហ៊ានប្រើថាមពលរបស់ខ្លួនដើម្បីសម្រេចនូវរឿងល្អៗជាច្រើនដែលអាចធ្វើឱ្យមនុស្សធំភ្ញាក់ផ្អើល ព្រោះសិល្បៈអាចធ្វើឱ្យពួកគេអាចមានពេលគ្រប់គ្រាន់ក្នុងការមើលពីចំណុចជាច្រើនដែលមនុស្សដទៃមិនដែលគិតដល់៕