តារាឆ្នើម Philippe Coutinho របស់ក្លិប Liverpool ពិតជាស្រេកឃ្លានក្នុងការផ្ទេរទៅកាន់ក្លិប Barcelona នៅខែមករា នេះ ប៉ុន្តែ ក្លិប Liverpool ដែលមានមូលដ្ឋាននៅតំបន់ Merseyside មួយនេះនឹងទាមទារតម្លៃខ្លួនយ៉ាងហោចណាស់130លានផោន (ស្មើនឹង176.7លានដុល្លារអាមេរិក) ទើបពិចារណាទៅលើការពិភាក្សាគ្នាបាន។
ការបើកទីផ្សារដោះដូរកីឡាករ បានបង្កើតឲ្យមានពាក្យចចាមអារ៉ាមឡើងវិញនៅកីឡដ្ឋាន Anfield ខណៈដែល Coutinho បានបញ្ជាក់យ៉ាងច្បាស់ថា រូបគេនៅតែចង់ចាកចេញ បើទោះបីក្លិប Liverpool ព្យាយាមការពារធនធានកីឡាកររបស់ក្លិបក៏ដោយ។
ជាមួយនឹងការមានជំហរផ្ទុយគ្នាស្រឡះកាលពីរដូវក្តៅមុន វានៅតែមានភាពស្ងៀមស្ងាត់នៅឡើយទៅលើបញ្ហាថា Coutinho នឹងត្រូវអនុញ្ញាតឲ្យចាកចេញ ឬយ៉ាងណានោះ។ នៅពេលដែលសំណើដេញថ្លៃផ្សេងៗពីក្លិប Barcelona ត្រូវបានផ្តល់ឲ្យកាលពីខែកក្កដា ឆ្នាំមុន ក្លិប Liverpool បានចេញសេចក្តីប្រកាសមួយដើម្បីបញ្ជាក់ថា ពួកគេនឹងមិនលក់តារាឆ្នើមរបស់ខ្លួនឡើយ។
ប៉ុន្តែ នៅពេលនេះ ជំហររបស់លោក Klopp បានផ្លាស់ប្ដូរ ហើយពាក្យសម្តីដ៏មុតមាំនានាកាលពីខែកក្កដា និងសីហានោះបានបាត់ស្រមោលអស់ហើយ។ ជាមួយគ្នានេះដែរ Coutinho នៅតែមានការប្តេជ្ញាក្នុងការចូលរួមជាមួយនឹងក្លិប Barcelona ហើយបើទោះបីការព្រមព្រៀងគ្នាមួយអាចនឹងកើតឡើងនៅខែនេះ ដែលនឹងអនុញ្ញាតឲ្យរូបគេចាកចេញនៅរដូវក្តៅខាងមុខក៏ដោយ ប៉ុន្តែ បំណងរបស់គេគឺការចាកចេញនៅត្រឹមខែមករានេះ។ រូបគេបានស៊ុតបាល់បញ្ចូលទី12គ្រាប់ក្នុងការបង្ហាញខ្លួន20លើកនៅរដូវកាលនេះ និងបានដើរតួនាទីដ៏សំខាន់ក្នុងការជួយឲ្យក្រុមខ្លួនឈានទៅវគ្គ16ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League៕
ប្រភពពី៖ The Telegraph