សំណួរដែលអាណាព្យាបាលជាច្រើនចាប់អារម្មណ៍ចង់ដឹងនាពេលបច្ចុប្បន្ននេះគឺ តើរវាងកុមារតូចដែលចូលរៀនតាំងពីអាយុ 2-3ឆ្នាំ និងកុមារតូចដែលចូលរៀននៅអាយុ 6ឆ្នាំ មានភាពខុសគ្នាដូចម្តេចខ្លះ? សំណួរនេះត្រូវបានគេលើកឡើងស្របពេលដែលមានសាលាជាច្រើននៅកម្ពុជាចាប់ផ្តើមបង្កើតសេវាកម្មទទួលមើលថែទាំ និងបង្រៀនក្មេងតូចៗតាំងពីអាយុ6ខែឡើងទៅខណៈដែលឪពុកម្តាយជាច្រើនជាប់រវល់ធ្វើការដោយមិនមានពេលនៅមើលថែទាំកូនបានគ្រប់គ្រាន់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី គឹម សុជាតា នាយិកាសាលាអន្តរជាតិ សាស្តា បានលើកឡើងថា ក្មេងតូចៗដែលបានចូលសាលាតាំងពីអាយុ2-3ឆ្នាំមានភាពរហ័សរហួនជាងក្មេងដែលចូលសាលានៅអាយុ6ឆ្នាំ ព្រោះថាក្មេងតូចអាយុក្រោម 6ឆ្នាំត្រូវការការគាំពារច្រើនពីការមើលថែទាំផ្នែកសុខភាពទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ទាំងចំណីអាហារ ការហ្វឹកហាត់ឥរិយាបទ និងត្រូវបង្រៀនពីរបៀបនៃការរស់នៅផ្សេងៗទៀត។
លោកស្រី គឹម សុជាតា បាននិយាយថា ៖ ប្រសិនបើអាណាព្យាបាលមិនសូវបានគិតគូរខ្វល់ពីរឿងរបបអាហាររបស់កូនតូចនោះទេ អាចធ្វើឱ្យសុខភាពរបស់ក្មេងខ្សោយ ហើយកាលណាសុខភាពខ្សោយ ខួរក្បាលក៏មិនសូវរហ័សរហួនតាមនោះដែរ។
លោកស្រីបានលើកឡើងថា អាណាព្យាបាលគួរចេះជ្រើសរើសសាលាដែលល្អអាចទុកចិត្តបានប្រសិនបើចង់ដាក់កូនឱ្យចូលរៀនតាំងពីអាយុ2-3ឆ្នាំ ព្រោះគេមានអ្នកជំនាញផ្នែកអាហារដែលធ្វើតម្រូវទៅតាមលក្ខខណ្ឌសុខភាព និងវ័យរបស់ក្មេងតូច។ ជាទូទៅក្មេងតូចៗត្រូវការអាហារ និងវីតាមីនច្រើនប្រភេទក្នុងមួយថ្ងៃដែលយើងត្រូវផ្តល់ឱ្យគាត់ ដោយមានតុល្យភាពត្រឹមត្រូវ មិនអាចខ្វះ ឬលើសច្រើនពេកនោះទេ បើពុំនោះទេ វាអាចនឹងប៉ះពាល់ដល់ការរីកលូតលាស់របស់ក្មេង។ លោកស្រីបានបន្តថា កុមារតូចៗដែលទទួលបានការមើលថែទាំដិតដល់ដោយអ្នកជំនាញនៅក្នុងសាលានឹងអាចក្លាយជាមនុស្សដែលមានភាពឈ្លាសវៃ ក្លាហាន និងរហ័សរហួន ចំណែកកុមារដែលមានសុខភាពមិនល្អដោយសារកង្វះការថែទាំភាគច្រើនជាក្មេងដែលមិនសូវស្វាហាប់ មិនសូវចុះចំណោមនៅពេលដែលក្មេងដទៃកំពុងលេង។
ស្រដៀងគ្នានេះដែរ លោក ប៉ិច ប៉ូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បានលើកឡើងថា កុមារតូចៗដែលទទួលបានការបង្រៀនត្រឹមត្រូវនៅក្នុងសាលាបណ្តុះបណ្តាលនៅវ័យ2-3ឆ្នាំ គឺមានភាពឆ្លាតវៃ ហើយមានការទទួលខុសត្រូវខ្ពស់ជាងកុមារដែលចូលរៀននៅវ័យធំស្រាប់អាយុ6ឆ្នាំឡើង ព្រោះថាកុមារត្រូវការការយកចិត្តទុកដាក់ និងមើលថែទាំដោយអ្នកជំនាញច្បាស់លាស់។
លោក ប៉ូឡែន បាននិយាយថា ៖ ជាទូទៅការបង្រៀនកុមារតូចៗគឺមានលក្ខណៈខុសគ្នាពីការបង្រៀនកុមារធំៗ ព្រោះថាកុមារខ្លះមិនទាន់ចេះនិយាយ ឬមិនទាន់យល់ច្រើនដូចកុមារធំៗដែលមានវ័យ5-6ឆ្នាំនៅឡើយ តែអ្នកជំនាញនឹងបង្រៀនពួកគាត់ដោយការលេងល្បែងដែលអាចបណ្តុះសមត្ថភាពដល់ពួកគាត់ផ្នែកគំនិតស្មារតីឱ្យចេះមានការទទួលខុសត្រូវ និងរៀនតាមរយៈកាយវិការ ក៏ដូចជាការលេងជាដើម។
អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បានបន្ថែមទៀតថា កុមារតូចៗដែលទទួលបានការបណ្តុះបណ្តាលផ្នែកគំនិតបានល្អ គាត់នឹងអាចងាយស្រួលក្នុងការបណ្តុះបណ្តាលឱ្យក្លាយជាមនុស្សពូកែនៅពេលដែលគាត់ឈានដល់វ័យចូលរៀននៅបឋមសិក្សា ព្រោះថានៅពេលដែលគាត់បានឆ្លងកាត់ការបណ្តុះបណ្តាលពីអ្នកជំនាញ ការគិត និងកម្រិតខួរក្បាលរបស់គាត់គឺត្រូវបានអភិវឌ្ឍជាដំណាក់កាលៗ ចាប់តាំងពីទារករហូតដល់ក្លាយជាសិស្សពេញវ័យ។ ជាទូទៅ ក្មេងដែលទទួលបានការបណ្តុះបណ្តាលបានល្អតាំងពីតូចមក ច្រើនមានភាពជាអ្នកដឹកនាំខ្ពស់ មានគំនិតច្រើនដែលអាចធ្វើការដោះស្រាយបញ្ហាបានលឿន។
លោកស្រី ឡាយ មុនីរ័ត្ន ជាអ្នកម្តាយដែលមានកូនប្រុសច្បងបានចាប់ផ្តើមចូលរៀននៅវ័យ6ឆ្នាំ និងកូនប្រុសប្អូនចូលរៀននៅមុនអាយុ3ឆ្នាំ បានលើកឡើងថា កាលណោះសាលាឯកជនមិនទាន់មានច្រើនដូចពេលបច្ចុប្បន្ន ដូច្នេះកូនប្រុសច្បងរបស់លោកស្រីបានចូលរៀននៅសាលាបឋមសិក្សាអាយុ6ឆ្នាំតែម្តង ខុសពីកូនប្អូនដែលបានចូលរៀនមត្តេយ្យតាំងពីអាយុតិចជាង3ឆ្នាំ។ ជាការសង្កេត លោកស្រីមើលឃើញថា កូនដែលបានចូលរៀននៅវ័យតិចជាង3ឆ្នាំ មានភាពក្លាហាន និងមានការទទួលខុសត្រូវច្រើនជាកូនដែលចូលរៀននៅវ័យ6ឆ្នាំ។
លោកស្រី ឡាយ មុនីរ័ត្ន បានអះអាងថា ៖ “ជាការសង្កេត ខ្ញុំឃើញថាកូនប្អូនដែលបានចូលរៀនតាំងពីតូច គាត់មានភាពខុសប្លែកមួយចំនួន ដូចជាការធ្វើអ្វីមួយគាត់មិនសូវពឹងមនុស្សធំនោះទេ គឺគាត់ចូលចិត្តធ្វើអ្វីៗដោយខ្លួនឯង ដូចជាការរៀបចំសម្ភាររៀនរបស់គាត់ គាត់មិនចង់ឱ្យយើងរវល់ជាមួយគាត់នោះទេ គាត់តែងតែទារចង់ធ្វើដោយខ្លួនឯង ដើម្បីបង្ហាញថាគាត់ធំដឹងក្តីហើយ បើទោះបីជាគាត់ទើបនឹងរៀនថ្នាក់ទី1ក៏ដោយ។
លោកស្រីក៏បានប្រាប់ផងដែរថា កូនដែលចូលរៀននៅវ័យធំហើយ គាត់មិនខុសពីយើងនៅក្មេងៗប៉ុន្មានឡើយ មានការអៀនច្រើន ខ្លាចជួបមនុស្សឬធ្វើអ្វីមួយចាំបាច់ត្រូវពឹងមនុស្សធំ គាត់ហាក់មិនសូវមានភាពជឿជាក់លើខ្លួនឯងប៉ុន្មានឡើយ។ តែទោះជាយ៉ាងណាក៏យើងមិនអាចបន្ទោសគាត់បានដែរ ព្រោះនៅពេលដែលគាត់នៅក្មេងយើងមិនបានដាក់គាត់ឱ្យរៀនសាលាល្អ ហេតុនេះមានតែខំគ្រប់លទ្ធភាពដើម្បីផ្តល់ឱ្យគាត់នូវក្តីស្រឡាញ់ និងការលើកទឹកចិត្តឱ្យគាត់ក្លាយជាមនុស្សម្នាក់ដែលមានភាពជឿជាក់ខ្លាំងជាងមុន តែសម្រាប់កូនប្អូនវិញ គឺមិនពិបាកនិយាយច្រើននោះទេ ព្រោះគាត់មានទម្លាប់ល្អច្រើនពីក្មេងរួចទៅហើយ ហេតុនេះអ្វីដែលឪពុកម្តាយត្រូវធ្វើ គឺជួយតម្រង់ទិស និងបង្កើនភាពស្និទ្ធស្នាលដើម្បីផ្តល់ភាពកក់ក្តៅ ក៏ដូចជាសហការល្អជាមួយសាលាជាដើម៕