បន្ទាប់ពីកើតទុក្ខធំដោយសារអ្នកម្ដាយបានទទួលមរណភាពកាលពីពេលថ្មីៗនេះ អតីតតារាចម្រៀងប្រុសរបស់ផលិតកម្មរស្មីហង្សមាស លោក សាពូន មីដាដា កំពុងតែសប្បាយចិត្ត និងត្រេកអរបំផុតដែលភរិយារបស់លោកអ្នកនាង សឿ សុធារា ប្រសូតបានកូនប្រុសយ៉ាងស្រស់ស្អាត និងបានដាក់ឈ្មោះថា សាពូន ដារ៉ាបុរស។
តាមរយៈរូបថតជាច្រើនសន្លឹកដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន តារាចម្រៀងប្រុសរូបនេះក៏បានឱ្យបញ្ជាក់ឱ្យដឹងផងដែរថា នៅថ្ងៃសីល 15 កើត ខែបុស្ស ពេញបរមី ឆ្នាំរកា នព្វសក ព.ស 2561 ត្រូវនឹងថ្ងៃ1 មករា ឆ្នាំ 2018 វេលាម៉ោង 3 និង58នាទីព្រឹក “កូនប្រុសពុក សាពូន ដារ៉ាបុរស បានកើតមកហើយ លើទឹកដីសុវណ្ណភូមិ ដ៏ស្រស់ស្អាតនេះ ឪពុកជូនពរកូនឱ្យក្លាយជាមនុស្សសែនរឹងមាំ ដែលប្រកាន់ខ្ជាប់នូវសុចរិតភាពជានិច្ច និងមានជ័យជោគ ក្នុងឆាកជីវិត…” នេះគឺជាសាររបស់លោក មីដាដា។
លោកក៏បានរំឭកផងដែរថា «ស្រ្តីមានផ្ទៃពោះគឺមហាសែនលំបាកក្រៃ ដេក ដើរ ឈរ អង្គុយ គឺប្រៀបបាននឹងដាក់ខ្អមទឹកពេញនៅនឹងពោះអីចឹង ហ៊ឺ!!!! អាណិតអូនណាស់ ទ្រាំបន្តិចណាអូន សល់តែ9ថ្ងៃទៀតទេ អាមីដូចដូចកូនប្រុសពូជយើង នឹងចេញមកឃើញពិភពលោកដ៏ស្រស់ស្អាតនេះហើយ…»៕