ខណៈដែលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ទើបតែទទួលបានកាដូចំណងស្នេហាពីសំណាក់ប្រុសស្នេហ៍របស់នាងគឺតារាចម្រៀង G-Davith ដែលបានទិញកាដូថ្មីឱ្យកាលពីថ្ងៃខួបកំណើតគឺ រថយន្តប្រណីតប្រភេទ MUSTANG ដែលមានតម្លៃថ្លៃរួចមកនោះ ស្រាប់តែថ្មីៗនេះសារព័ត៌មាន ឡារ៉ែន ទទួលបានដំណឹងមកថា តារាស្រីរូបនេះត្រៀមបើកមុខជំនួញថ្មីមួយជាមួយគូស្នេហ៍គឺ ហាងលក់ផលិតផលគ្រឿងសម្អាង ដែលមានតម្លៃជាង 14 ម៉ឺនដុល្លារសហរដ្ឋអាមរិក និងលេចចេញជារូបរាងនៅឆ្នាំ 2018នេះ។
គួររំឭកផងដែរថា កាលពីថ្ងៃខួបកំណើតរបស់តារាស្រីវ័យ 24 ឆ្នាំរូបនេះ នាងធ្លាប់បានបង្ហើបប្រាប់មហាជនថា កាដូដែលគួស្នេហ៍បានប្រគល់ឱ្យនាងនោះ គឺជាចំណងដៃមុនពួកគេបើកដំណើរការរកស៊ីមុខរបរថ្មី ហើយថ្មីៗនេះ ទេព បូព្រឹក្ស និងងួន ចាន់ដេវីត ពិតជាមិនធម្មតាមែន ទើបតែចាប់ដៃគ្នាសាងស្នេហ៍បានជាង1ឆ្នាំសោះ ស្រាប់តែពួកគេហ៊ានបោះទុនចូលគ្នា បង្កើតមុខជំនួញរកស៊ីមួយមុនរៀបការទៅហើយ ដោយតារាស្រីរូបនេះបានសម្លឹងឃើញទីផ្សាលក់ផលិតផលគ្រឿងសម្អាងសម្រាប់បុរសនារី ថែមទាំងប្រុងចុះទៅសិក្សាពីផលិតផលគ្រឿងសម្អាងទាំងនោះដល់រោងចក្រនៅប្រទេសសាំងហ្គាពួផ្ទាល់ និងពេលនេះនាងកំពុងតែរកទីតាំងល្អៗសម្រាប់បើកហាងនៅកណ្តាលក្រុងភ្នំពេញដើម្បីដាក់បង្ហាញផលិតផលទាំងនោះទៀតផង។
កញ្ញា ទេព បូព្រឹក្ស បានឱ្យដឹងថា “ខ្ញុំគ្រោងបើកលក់ផលិតផលថែរក្សាសម្រស់ទាំងដងខ្លួន ស្បែក សក់ និងផ្ទៃមុខ និយាយរួមទៅ គឺជា Cosmetic តែម្តង ហើយអាចនៅដើមឆ្នាំ 2018នេះនឹងចេញជារូបរាងហើយ។ តាមគម្រោង ខ្ញុំចង់ចុះទៅផ្ទាល់ដល់រោងចក្រហ្នុង គឺនៅសាំងហ្គាពួ ហើយកាលណាយើងទិញ License បានហើយ គឺរាល់ផលិតផលទាំងនោះមានដាក់ជារូបយើងតែម្តង នៅពេលដែលយើងយកមកលក់នៅស្រុកខ្មែរ។ ជាដំណាក់កាលដំបូង គឺយើងនឹងដាក់ទុន 14ម៉ឺនដុល្លារសិន អាហ្នឹងមិនទាន់ចូលទ្រង់ទ្រាយធំផង ព្រោះបើយើងរកស៊ី ដំបូងគឺធ្វើពីតូចទៅធំអ៊ីចឹងហើយ”។
គួរបញ្ជាក់ផងដែរថា នេះត្រឹមតែអាជីពជាតារាចម្រៀងស្រីល្បីឈ្មោះ និងមានគូស្នេហ៍ជាតារាចម្រៀងល្បីដូចគ្នាប៉ុណ្ណេះ ពួកគេអាចរកចំណូលបានពីសិល្បៈក្នុងការទិញផ្ទះវីឡា រថយន្ដប្រណីត បើកមុខជំនួញ ដោយចាយទុនអស់រាប់ម៉ឺនដុល្លារបានយ៉ាងងាយស្រួល ព្រោះថា គ្រាមុននេះនាងទើបតែទិញវីឡាដ៏ប្រណីត1ខ្នងនៅបុរីប៉េង ហួត បឹងស្នោ តម្លៃ14ម៉ឺនដុល្លារ និងទិញរថយន្តទំនើបម៉ាក Land Cruiser V8 តម្លៃជិត10ម៉ឺនដុល្លារទៀតផង៕