បើតាមរយៈសារព័ត៌មាន Radaronline ដែលចេញផ្សាយនៅថ្ងៃទី2 ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា តារាចម្រៀងប្រុស Justin Bieber បានបញ្ចេញរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីការចំណាយពេលវេលាដ៏ផ្អែមល្ហែមជាមួយ Selena Gomez នៅថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល 2018 នៅលើទឹកដីឆ្នេរខ្សាច់ប្រទេសម៉ិកស៊ិក។
សារព័ត៌មានខាងលើបានអះអាងថា Justin Bieber បានចំណាយលុយជួលរីសតប្រណីតសម្រាប់ស្នាក់នៅជាមួយមិត្តស្រី ដែលមានតម្លៃ 18,000 ដុល្លារនៅក្នុងមួយយប់។ ហើយមិត្តស្និទ្ធស្នាលរបស់ពួកគេ ក៏បានបញ្ជាក់ប្រាប់ផងដែរថា អ្នកទាំងពីរកំពុងតែចាប់ផ្ដើមរួមរស់ជាមួយគ្នាជាគ្រួសារតែមួយដោយបើកចំហនៅក្នុងឆ្នាំថ្មីនេះហើយ។ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ម្ដាយរបស់ Selena កំពុងតែខឹង JB យ៉ាងខ្លាំង និងថែមទាំងបានព្យាយាមទាញកូនស្រីឱ្យត្រឡប់មកផ្ទះវិញ តែយឺតពេលទៅហើយ ព្រោះ Selena Gomez ត្រូវបាន JB ទាក់ចិត្តឱ្យរស់នៅជាមួយរូបគេបានសម្រេចដូចបំណងបាត់ទៅហើយ។
គួរបញ្ជាក់ផងដែរថា ខណៈនេះតារាចម្រៀង The Weeknd ក៏កំពុងតែពិបាកចិត្តយ៉ាងខ្លាំងផងដែរ ហើយក៏ទន្ទឹងរង់ចាំការវិលត្រឡប់មកវិញរបស់តារាស្រីរូបនេះយ៉ាងអន្ទះសាដែរ នេះបើតាមការបញ្ជាក់ប្រាប់ពីមិត្តស្និទ្ធស្នាលរបស់លោកទៅសារព័ត៌មាន Radar៕