Skip to content

Costa និង Vitolo ត្រូវ​បាន​ប្រកាស​ជាកីឡាករ​របស់ក្លិប Atletico ជាផ្លូវការ

ខ្សែ​ប្រយុទ្ធ​​អេ​ស្ប៉ាញ​ដើមកំណើត​ប្រេស៊ីល Diego Costa បាន​បង្ហាញខ្លួន​ទៅកាន់​អ្នកគាំទ្រ​នៃក្លិប Atletico Madrid រួម​ជាមួយ​នឹង​​ខ្សែ​បម្រើស្លាប​អន្តរ​ជាតិ​អេស្ប៉ាញម្នាក់​ទៀត​គឺ Vitolo ក្រោយ​ពី​ក្លិប​យក្ស​អេ​ស្ប៉ាញមួយនេះ បានប្រកាស​ពីការផ្ទេរកីឡាករ​ទាំង​ពីរ​ជាផ្លូវ​ការ​កាលពីថ្ងៃអាទិត្យ​។

តា​រាឆ្នើម Costa បាន​សម្រេច​ក្តី​សុបិន​របស់​គេ​ក្នុង​ការ​​វិល​ទៅកាន់​ក្លិប Atletico ក្រោយ​ពីបាន​ចំណាយ​ពេល​អស់​៣​ឆ្នាំ ជាមួយ​នឹងក្លិប Chelsea និង​ឈ្នះពានក្រប​ខ័ណ្ឌ Premier League ចំនួន​2លើក​។ នៅពេល​ដែល​​ត្រូវ​បាន​ចោ​ទ​សួរ​ថា តើ​ពេល​វេលា​​របស់​គេ​ជាមួយនឹងក្លិប Chelsea យ៉ាង​ម៉េច​ដែរ រូបគេ​បាន​សើច​ និងនិយាយ​ថា៖ «ខ្ញុំ​បាន​រៀន​ភាសា​អង់គ្លេសនៅ​ទី​នោះ​។ អ្នកគាំទ្រ មនុស្សក្នុងក្លិប និង​មិត្ត​រួមក្រុមរ​បស់ខ្ញុំ​បានជួយ​ខ្ញុំ​យ៉ាងច្រើន​​​។ Chelsea ជា​ក្លិបដ៏អស្ចារ្យមួយ​ហើយ​ខ្ញុំ​មានការ​ចង​​ចាំ​ដ៏ល្អ​នៅ​ទីនោះ​»​។

Costa វ័យ​29​ឆ្នាំ មិនអាចលេង​ឲ្យក្រុម Atletico របស់​លោក Diego Simeone បានឡើយ ដោយ​សារ​តែ​ក្លិប​នេះ​ជាប់ពិន័យព្យួរលើការ​ទិញចូល​កីឡាករ​ថ្មី មុននឹង​ការពិន័យនេះ បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី1 ខែមករា ម្សិលមិញ​។ កាល​ពី​ខែ​កញ្ញា ក្លិប Atletico បាន​ប្រកាស​ពី​ការ​​ចុះ​ហត្ថ​លេខា​ជា​មួយ​នឹង Costa ខណៈ​ដែល​បណ្តាញ​សារ​ព័ត៌​មាន​អេ​ស្ប៉ាញ បាន​បញ្ជាក់ថា ​ពួក​គេ​បាន​យល់​ព្រម​ចំណាយ​ប្រាក់​ឲ្យ Chelsea 60​លាន​អឺ​រ៉ូ (ស្មើ​នឹង​71.3​លាន​ដុល្លារ​អាមេរិក) ដើម្បី​នាំ​យក​​កីឡាករ​ម្នាក់ ដែល​ធ្លាប់​ជា​តា​រាឆ្នើម​របស់​ពួក​គេ ក្នុង​ពេល​ពួក​គេ​បាន​ឈ្នះ​ពាន La Liga និង​ឈាន​ទៅ​ប្រកួត​វ​គ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ក្រប​ខ័ណ្ឌ Champions League ក្នុង​រដូវ​កាល​ឆ្នាំ​2013-2014​។ ស្រប​ពេល​ជាមួយ​គ្នានេះ Atletico ក៏​យល់​ព្រម​​លើ​តម្លៃខ្លួន​37.5​លាន​​​អឺ​រ៉ូ ដើម្បី​ចុះ​ហត្ថ​លេខា​យក Vitolo ពី​ក្លិប Sevilla ផងដែរ​។ Vitolo បាន​ចំណាយ​ពេល​ពាក់​កណ្តាល​រដូវ​​កាល​នេះ​​ក្នុង​នាម​ជា​កីឡាករ​កម្ចីនៅ​ឯ​ក្លិប Las Palmas បើ​ទោះ​បី​រូប​គេ​​បាន​អវត្ត​មាន​កាល​ពេល​ថ្មី​ៗ​នេះ ដោយ​សារ​តែ​បញ្ហា​របួស​ភ្លៅ​ក៏ដោយ​​៕

ប្រភព​ពី៖ The Sun

Leave a Reply

Your email address will not be published. Required fields are marked *