ភ្នំពេញ៖ នៅក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ2017 ចូល 2018 នៅខេត្តសៀមរាប មានភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេចរជាតិ មកពីបណ្តាប្រទេស និងខេត្តផ្សេងៗរួមជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាម សរុបប្រមាណជាង 33ម៉ឺននាក់ ដែលបានចូលរួមឆ្លងឆ្នាំសាកលនៅខេត្តសៀមរាប ដោយចំនួននេះ មានការកើនឡើងជាងឆ្នាំ មុនប្រមាណជិត 75ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់ AKP នៅថ្ងៃទី 02 ខែមករា ឆ្នាំ 2018។
ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានអះអាងថា នៅក្នុងឱកាសឆ្លងឆ្នាំសកលឆ្នាំ2017 ចូលឆ្នាំ2018 នេះ អាជ្ញាធរបានរៀបចំឱ្យមាន កន្លែងកម្សាន្តជាច្រើន គឺនៅតាមសណ្ឋាគារ នៅសួនច្បាមុខព្រះរាជដំណាក់ និងតំបន់ផប់ស្ទ្រីត ផ្សារចាស់ ផ្សាររាត្រី តំបន់អង្គរឃ្យុងយូ នៅផ្សារកុងតឺន័រ ហើយកន្លែង ដែលភ្ញៀវសម្រុកទៅសប្បាយច្រើនជាងគេគឺ នៅតំបន់ផប់ស្ទ្រីត ផ្សារចាស់ និងផ្សាររាត្រី។ ចំណែកសន្តិសុខវិញ អាជ្ញាធរបានដាក់ពង្រាយសត្ថកិច្ចជាច្រើន ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលបានមកកម្សាន្ដនៅក្នុងខេត្ដសៀមរាប។
ឯកឧត្តម អភិបាលខេត្ដ បានបន្ដថា ក្នុងឆ្នាំនេះមើលឃើញថា ប្រជាពរដ្ឋខ្មែរមកពីតាមបណ្តា ខេត្តនានាបាន មកកម្សាន្តនៅខេត្តសៀមរាបច្រើនជាងបណ្តាឆ្នាំមុនៗ ដោយសារតែឆ្នាំនេះ អាជ្ញាធរខេត្តបានរៀបចំឱ្យមាន កន្លែងសប្បាយច្រើន និងតុបតែងភ្លើងលម្អក្រុងបានស្អាតជាង ឆ្នាំមុនផងដែរ។ ទន្ទឹមនេះ សម្រាប់សន្តិសុខ សណ្ឋាប់ធ្នាប់ សមត្ថកិច្ចការពារយ៉ាងយកចិត្តទុក ដាក់បំផុតមិនមានបញ្ហាអ្វីកើតឡើងនោះទេ។ រីឯតម្លៃសេវា ផ្សេងៗដូចជាសណ្ឋាគារ ម្ហូប អាហារ ក៏មិនមានការឡើងថ្លែហូសហេតុដែរ ពីព្រោះក្រុមមន្ត្រីជំនាញបាន ចុះទៅផ្សព្វផ្សាយ ណែនាំឱ្យអាជីវករទាំងអស់មិនឱ្យឡើងថ្លៃជាប្រចាំ។
យោងតាមរបារការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេចរ ជាតិ ដែលបានមកចូលរួមឆ្លងឆ្នាំសកល2018 នៅខេត្តសៀមរាប មានសរុបចំនួនប្រមាណ 333.085នាក់ មានការកើនឡើង 74.91ភាគរយ ក្នុងនោះភ្ញៀវ ទេសចរអន្តរជាតិមានចំនួន 33.085នាក់ មានការកើន ឡើង 9.38ភាគរយ ភ្ញៀវទេសចរ ជាតិមានប្រមាណ 300.000នាក់ មានការកើនឡើង 76.47ភាគរយ៕