សេអ៊ូល៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung បានចេញមុខប្រកាសក្ដែងៗថា ខ្លួនមិនបានកាត់បន្ថយល្បឿនដំណើរការរបស់ទូរស័ព្ទម៉ូដែលចាស់ៗ ដូចទៅនឹងក្រុមហ៊ុន Apple ធ្វើនៅលើ iPhone ឡើយ ផ្ទុយទៅវិញខ្លួនក៏គ្មានគម្រោងធ្វើបែបនេះទៅថ្ងៃអនាគតផងដែរ។
សារព័ត៌មាន GSM Arena បានចេញផ្សាយថា មិនមែនមានតែក្រុមហ៊ុន Samsung តែមួយប៉ុណ្ណោះទេ ដែលចេញមុខអះអាងបែបនេះ គឺនៅមានក្រុមហ៊ុន LG, HTC និង Motorola ក៏បានចេញមុខអះអាងប្រាប់អតិថិជនរបស់ខ្លួនកុំឲ្យខ្វល់ខ្វាយ ឬមានចម្ងល់ទៅលើបញ្ហានេះ ព្រោះថា ក្រុមហ៊ុនរបស់ពួកគេមិនធ្វើដូច Apple ឡើយ។
ការលើកឡើងរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android ទាំងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Apple បានសារភាពថា ខ្លួនពិតជាបានកាត់បន្ថយល្បឿនដំណើរការបស់ iPhone ម៉ូដែលចាស់ៗទៅតាមអាយុកាលនៃថ្មពិតមែន ហើយជាការឆ្លើយតបទៅនឹងបញ្ហានេះ Apple បានស្នើដល់អ្នកប្រើ ទៅធ្វើការប្ដូរថ្មថ្មី ក្នុងតម្លៃទាប ជាពិសេសគឺនៅដើមឆ្នាំ 2018 នេះ Apple នឹងចេញ Software ថ្មី ដើម្បីឲ្យអ្នកប្រើអាចតាមដានអាយុកាលរបស់ថ្មបាន៕