បើទោះបីជាស្ថិតនៅក្នុងចំណោមបេក្ខភាពប្រលងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ដែលមានភាពលេចធ្លោជាងគេក្នុងចំណោម 4 នាក់ចុងក្រោយ ក៏ប៉ុន្ដែបទចម្រៀងរបស់តារាចម្រៀង សាន ស្រីឡៃ មិនសូវជាមានប្រជាប្រិយភាព និងទទួលបានការគាទ្រខ្លាំងដូចជាតារាចម្រៀងជំនាន់ជាមួយនាងឡើយ។ បន្ទាប់ពីនាងបានចូលច្រៀងក្នុងផលិតកម្មរស្មីហង្សមាស គេសង្កេតឃើញថា បទចម្រៀងរបស់អតីតតារាចម្រៀងស្រីរូបនេះ មានការផលិត និងបញ្ចេញបទចម្រៀងបានតិចជាងគេ រហូតដល់អ្នកនាងធ្លាប់បានបង្ហើបថា អ្នកនាងធ្លាប់មានការពិភាក្សា និងគ្រោងផលិតបទចម្រៀងខ្លួនឯង ព្រមទាំងជាបទនិពន្ធថ្មីជាមួយលោក សាន ផានិត ទៀតផង។
លុះដល់ក្រោយពីតារាចម្រៀងស្រីរូបស្រស់រូបនេះ បានទទួលមរណភាព ខាងផលិតកម្មចម្រៀងហង្សមាស បានបង្ហោះបទចម្រៀងរបស់តារាស្រីនេះជាច្រើនបទ ដែលមិនទាន់បានចេញលក់ ហើយភ្លាមៗក៏ស្រាប់តែសង្កេតឃើញថា បទចម្រៀងនាងមានការគាំទ្រខ្លាំងដែលធ្លាប់នឹកស្មានដល់ ដូចជាបទ «ឈឺចាប់ពីរដងបានហើយ» មានអ្នកចូលទៅទស្សនាយ៉ាងភ្លូកទឹកភ្លូកដីរហូតដល់ 2 លាននាក់ និង « នឹកគេស្ទើរស្លាប់ខ្លួន» ដែលទទួលបានទស្សនាជាង 1 លាន 1 សែននាក់ ថែមបទចម្រៀងផ្សេងៗទៀត រួមទាំងវីដេអូចម្រៀងនៅពេលប្រលង មិនក្រោមពីលាននាក់ទេ។ គួរឱ្យសោកស្ដាយបំផុត ដែលភាពល្បីល្បាញរបស់តារាស្រីរូបនេះបានសាងមក ស្របពេលដែលបានលាចាកលោកនេះទៅ ប្រសិនបើអ្នកនាង សាន ស្រីឡៃ នៅរស់ឃើញលទ្ធផលនៃការគាទ្រ និងមានប្រជាប្រកិយភាពបែបនេះ មិនដឹងជាអ្នកនាងសប្បាយចិត្តយ៉ាងណាទេ។
គួររំឭកផងដែរថា សោកនាដកម្មនៃការទទួលមរណភាពរបស់តារាចម្រៀស្រីល្បីឈ្មោះ សាន ស្រីឡៃ បានបង្កភាពភ្ញាក់ផ្អើលទៅដល់បណ្ដាលប្រទេសជិតខាងដូចជា ថៃ និង វៀតណាម រួមទាំងពិភពលោកបានដឹងឮផងដែរ។ អ្នកនាងបានទទួលមរណភាពនៅថ្ងៃទី 16 ខែតុលា ឆ្នាំ2017 ដោយសារការបាញ់សម្លាប់ពីសំណាក់អតីតស្វាមីអ្នកនាង៕