តាមរយៈសារព័ត៌មាន Daily Mail នៅថ្ងៃទី29 ខែធ្នូ ឆ្នាំ2017នេះ បានឱ្យដឹងថា ស្រ្តីចំណាស់ជនជាតិរុស្ស៊ីម្នាក់ ត្រូវបានគេរកឃើញថា មានគ្រឿងដែកប្រមាណជា152 ដើម ដែលមានទាំងដែកគោលផងដែរនោះនៅក្នុងពោះរបស់គាត់ ដោយហេតុថា លោកយាយរូបនេះបានបរិភោគគ្រឿងដែកទាំងអស់នោះចូលទៅ ព្រោះតែជឿថា នឹងអាចជួយបង្កើនកម្រិតសារធាតុដែកនៅក្នុងខ្លួនបាន។
លោកយាយខាងលើ ដែលមានវ័យ74ឆ្នាំទៅហើយ និងត្រូវបានគេស្គាល់អត្តសញ្ញាណថាឈ្មោះ Nina នេះ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៃទីក្រុង Ulan-Ude ស្ថិតនៅចម្ងាយប្រមាណ233គីឡូម៉ែត្រ ភាគខាងជើងពីព្រំប្រទល់ជាមួយប្រទេសម៉ុងហ្គោលី ភាគអាគ្នេយ៍ប្រទេសរុស្ស៊ី។ លោកយាយរូបនេះ បានចូលទៅមន្ទីរពេទ្យ ដោយត្អូញត្អែរអំពីអាការក្តៅខ្លួន ហើយក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលពួកគេបានរកឃើញពីមូលហេតុពិត នៅពីក្រោយអាការរោគរបស់លោកយាយ តាមរយៈការថតអ៊ិច្សរេយ៍។ ក្រុមគ្រូពេទ្យវះកាត់បានរកឃើញគ្រឿងដែកប្រមាណជា 152ដើម នៅក្នុងខ្លួនរបស់លោកយាយ រួមមានដែកគោលវែងៗ និងខ្ចៅធំៗជាដើម។ លោកយាយអាយុ74ឆ្នាំរូបនេះបានប្រាប់វេជ្ជបណ្ឌិតថា ខ្លួនគាត់មានភាពស្លេកស្លាំងខ្លាំងដោយសារខ្វះជាតិដែក និងជឿថាតាមរយៈការបរិភោគគ្រឿងដែកទាំងនេះចូលទៅ នឹងជួយឱ្យរាងកាយគាត់កើនសារធាតុដែកឡើងវិញ។
គួរជម្រាបផងដែរថា បើតាមក្រុមគ្រូពេទ្យ ស្រ្តីចំណាស់ម្នាក់នេះបានចាប់ផ្តើមហូបគ្រឿងដែកទាំងនោះ តាំងតែពីប្រហែលជា14ឆ្នាំមុនមកម្ល៉េះ ហើយក៏ពុំមាននរណាផ្សេង ក្រៅតែពីរូបលោកយាយផ្ទាល់ដែរ ដែលដឹងថាមានវត្ថុទាំងអស់នោះនៅក្នុងពោះ។ ជាសំណាងល្អណាស់ ព្រោះក្រុមគ្រូពេទ្យបានអះអាងថា វាពុំបានបង្ករបួស ឬបញ្ហាធ្ងន់ធ្ងរអ្វីដល់ពោះ និងបំពង់អាហាររបស់លោកយាយឡើយ ហើយក៏មិនមានគ្រោះថ្នាក់ដល់អាយុជីវិតដែរ៕