ក្លិបទូកក្តោង Everton នឹងត្រូវបំពេញការផ្ទេរខ្សែប្រយុទ្ធ Cenk Tosun ពីក្លិប Besiktas របស់តួកគី ក្នុងតម្លៃខ្លួន25លានផោន (ស្មើនឹង33.6លានដុល្លារអាមេរិក)។ ខ្សែប្រយុទ្ធវ័យ26ឆ្នាំរូបនេះ កំពុងតែស្ថិតនៅលើទីលានហ្វឹកហាត់ Finch Farm របស់ក្លិប Everton ដើម្បីពិនិត្យសុខភាព និងយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេង។
តម្លៃខ្លួនរបស់ Tosun ដើម្បីចូលរួមជាមួយនឹងក្រុមរបស់លោក Sam Allardyce នឹងមានចំនួន20លានផោន ដែលនឹងកើនដល់25លានផោន បើបូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗផង។ ក្លិបមានមូលដ្ឋាននៅ Goodison Park មួយនេះ បានស្វែងរកខ្សែប្រយុទ្ធម្នាក់ ចាប់តាំងពីការចាកចេញរបស់ខ្សែប្រយុទ្ធ Romelu Lukaku ទៅកាន់ក្លិប Manchester United កាលពីរដូវកាលមុនមកម្ល៉េះ។
Tosun ដែលមានដើមកំណើតនៅប្រទេសអាល្លឺម៉ង់ គឺជាខ្សែប្រយុទ្ធអន្តរជាតិតួកគី ប៉ុន្តែ ទម្រង់លេងដ៏ល្អរបស់គេជាមួយនឹងក្លិប Besiktas បានផ្តល់ការចាប់អារម្មណ៍ដល់ក្លិប Everton តែម្តង។ រូបគេបានស៊ុតបាល់បញ្ចូលទី41គ្រាប់ ក្នុងការប្រកួត96លើកនៃក្របខ័ណ្ឌ Super Lig សម្រាប់ក្លិប Besiktas ចាប់តាំងពីផ្ទេរមកពីក្លិប Gaziantepspor។ ស្របពេលជាមួយគ្នានោះ Tosun ក៏បានស៊ុតបាល់បញ្ចូលទី4គ្រាប់ផងដែរក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់បញ្ចូលទី2គ្រាប់របស់គេក្នុងពេលក្រុម Besiktas យកឈ្នះលើក្រុម Monaco 2-1 ផងដែរ៕
ប្រភពពី៖ The Sun