ក្រុម Middlesbrough ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League នៅរដូវកាលក្រោយ ក្រោយពីពួកគេបានជួបបរាជ័យក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុមកំពុងនាំមុខលើតារាងលីក Chelsea កាលពីថ្ងៃចន្ទ។
លទ្ធផលនេះមានន័យថា Middlesbrough ដេញតាមពីក្រោយក្រុមស្ថិតក្នុងតំបន់សវុត្ថិភាពដល់ទៅ ៧ពិន្ទុ ខណៈដែលនៅសល់ការប្រកួតត្រឹមតែ ២លើកទៀតប៉ុណ្ណោះ ហើយនិឹងវិលទៅកាន់ក្របខ័ណ្ឌ Championship វិញ ក្រោយពីបានចំណាយពេលត្រឹមតែ១ឆ្នាំក្នុងក្របខ័ណ្ឌកំពូល។ ពួកគេនឹងត្រូវចូលរួមជាមួយនឹងក្រុមឆ្មាខ្មៅ Sunderland នៅរដូវកាលក្រោយ បន្ទាប់ពីក្រុមមានមូលដ្ឋាននៅភាគឦសានមួយនេះ ត្រូវបានកាត់ចេញកាលពីខែមុន។ ប៉ុន្តែ ការទទួលជ័យជម្នះនេះ បានធ្វើឲ្យក្រុមតោខៀវ Chelsea ត្រូវការជ័យជម្នះត្រឹមតែ ១លើកទៀតប៉ុណ្ណោះ ពីការប្រកួតដែលនៅសល់ ៣ប្រកួតទៀតដើម្បីលើកពានក្របខ័ណ្ឌ Premier League ជាលើកទី២ក្នុងរយៈពេល៣ឆ្នាំ។
Chelsea នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម West Brom ក្នុងការប្រកួតបន្ទាប់របស់គេនៅថ្ងៃសុក្រ ខាងមុខនេះ។ លោក Antonio Conte គ្រូបង្វឹករបស់ក្រុម Chelsea បានឲ្យដឹងថា៖ «យើងប្រាកដជារីករាយ។ វាជាការបង្ហាញពីទម្រង់លេងដ៏អស្ចារ្យមួយ ហើយកីឡាកររបស់ខ្ញុំបានបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំដើម្បីប្រជែងយកបីពិន្ទុ»។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបន្ថែមទៀតថា៖ «ក្នុងដំណាក់កាលនេះ វាពិតជាសំខាន់ណាស់ក្នុងការឈ្នះ និងដណ្តើមយកប្រៀបលើការបរាជ័យរបស់ Tottenham។ បច្ចុប្បន្ន វាសល់តែមួយជំហានទៀតប៉ុណ្ណោះក្នុងការឈ្នះពាន។ យើងត្រូវតែសម្រាកឲ្យបានល្អ និងត្រៀមលក្ខណៈឲ្យរួចរាល់ដើម្បីជួបជាមួយនឹងក្រុម West Brom»។ ដោយឡែក លោក Steve Agnew គ្រូបង្វឹករបស់ក្រុម Middlesbrough បានឲ្យដឹងថា៖ «ខ្ញុំពិតជាសោកស្តាយ និងខកចិត្តណាស់ជាមួយនឹងលទ្ធផលនេះ ហើយបច្ចុប្បន្នយើងបានបាត់បង់ទីតាំងរបស់យើងក្នុង Premier League»៕
ប្រភពព័ត៌មាន៖ Reuters