ក្លិប Liverpool នឹងចុះហត្ថលេខាជាផ្លូវការជាមួយនឹង Virgil van Dijk ពីក្លិប Southampton នៅសប្តាហ៍ក្រោយនេះ ក្រោយពីយល់ព្រមលើតម្លៃខ្លួន75លានផោន (ស្មើនឹង100លានដុល្លារអាមេរិក) សម្រាប់ខ្សែការពារអន្តរជាតិហូឡង់រូបនេះ ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកសម្រាប់កីឡាករខ្សែការពារម្នាក់។
ក្លិបមានមូលដ្ឋាននៅ Merseyside ចង់បានកីឡាករម្នាក់នេះតាំងពីរដូវក្តៅមុនមកម្ល៉េះ និងបានបង្ហាញពីសុច្ឆន្ទៈរបស់ខ្លួនក្នុងការចំណាយប្រាក់ដល់ទៅ60លានផោន ដើម្បីការផ្ទេរនេះ តែបានទទួលបរាជ័យ ក្រោយពីក្លិប Southampton បានបញ្ជាក់ថា Liverpool បានធ្វើការស្នើមិនផ្លូវការទៅកាន់កីឡាករ Van Dijk។ ទោះបីជាយ៉ាងណា លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool នៅតែមានការប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខាជាមួយនឹង Van Dijk ខណៈដែលលោកព្យាយាមក្នុងការពង្រឹងតំបន់ការពារដែលបានកម្ទេចមហិច្ឆតានៃការប្រជែងពានក្របខ័ណ្ឌ Premier League របស់ក្រុម Liverpool។
Van Dijk បានសរសេរនៅលើបណ្តាញសង្គម Twitter រួមជាមួយនឹងការបង្ហោះរូបថតរបស់គេកំពុងតែកាន់អាវរបស់ Liverpool ថា៖ «ខ្ញុំពិតជារីករាយណាស់ និងមានកិត្តិយសក្នុងការយល់ព្រមដើម្បីក្លាយជាកីឡាករម្នាក់របស់ Liverpool FC»។ បើទោះបីក្លិប Chelsea និង Manchester City ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ទៅលើ Van Dijk ដូចគ្នាក៏ដោយ ប៉ុន្តែទីបំផុត លោក Klopp បានទទួលកីឡាករក្នុងគោលដៅរបស់លោកជាមួយនឹងការផ្តល់ប្រាក់ចំណូល18ម៉ឺនផោន ក្នុងមួយសប្តាហ៍។ ក្លិប Liverpool បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបបាល់ទាត់ Liverpool អាចប្រកាសថា ពួកគេបានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹង Southampton សម្រាប់ការផ្ទេរ Virgil van Dijk ហើយ»។
ខ្សែការពារវ័យ26ឆ្នាំរូបនេះ នឹងបំពេញការផ្ទេរជាផ្លូវការរបស់គេទៅកាន់ Liverpool នៅថ្ងៃទី1 ខែមករា ខាងមុខនេះ ខណៈដែលតម្លៃខ្លួនជាកំណត់ត្រាពិភពលោកកាលពីមុនសម្រាប់ខ្សែការពារម្នាក់គឺមានចំនួន54លានផោន ដែលក្លិប Manchester City បានចំណាយដើម្បីទិញ Kyle Walker ពីក្លិប Tottenham នៅមុនពេលចាប់ផ្តើមរដូវកាលនេះ៕
ប្រភពពី៖ The Guardian