គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី1របស់ខ្សែបម្រើស្លាប Raheem Sterling បានជួយឲ្យក្រុម Manchester City បន្តកំណត់ត្រាឈ្នះរបស់ខ្លួន ក៏ដូចជាបន្ថែមការនាំមុខរបស់ពួកគេនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក្រោយពីបានផ្តួលក្រុមផ្តោតតែលើតំបន់ការពារ Newcastle United ក្នុងលទ្ធផល 1-០ កាលពីថ្ងៃពុធ។
ជ័យជម្នះនេះ ពិតជាបានកើតឡើងទាំងភាពស្វិតស្វាញ ខណៈដែលក្រុម Newcastle បានផ្តោតទៅលើតំបន់ការពារទាំងស្រុង និងមិនបោះបង់ឡើយ បើទោះបីមានការវាយសម្រុកយ៉ាងខ្លាំងពីសំណាក់ក្រុមរបស់លោក Pep Guardiola ក៏ដោយ។ គ្រាប់បាល់បញ្ចូលទីនៅនាទីទី31របស់ Sterling បានធ្វើឲ្យក្រុម Man City បន្ថែមការនាំមុខរបស់ពួកគេរហូតដល់ទៅ15ពិន្ទុលើក្រុមឈរលេខ2 Manchester United ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើជាមួយនឹងក្រុម Burnley កាលពីថ្ងៃអង្គារ។
ក្លិបតែមួយក្នុងចំណោមក្របខ័ណ្ឌលីកដ៏ធំបំផុតទាំង5របស់អឺរ៉ុប ដែលមានកំណត់ត្រាឈ្នះជាប់ៗគ្នាច្រើនជាងគេគឺ Bayern Munich ដែលបានកត់ត្រាជ័យជម្នះ19លើកជាប់ៗគ្នាក្រោមការដឹកនាំរបស់លោក Guardiola ដូចគ្នាក្នុងរដូវកាលឆ្នាំ2013-2014។ Man City អាចតាមស្មើកំណត់ត្រារបស់ក្រុម Bayern ក្នុងការប្រកួតបន្ទាប់របស់ពួកគេនៅលើទឹកដីក្រុម Crystal Palace នាថ្ងៃទី31 ខែធ្នូ។ Man City ក៏បានតាមស្មើកំណត់ត្រានៃការឈ្នះក្រៅទឹកដីចំនួន11លើកជាប់ៗគ្នាផងដែរ ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ខណៈដែលកំណត់ត្រានោះត្រូវបានបង្កើតឡើងដោយក្រុម Chelsea កាលពីឆ្នាំ2008៕
ប្រភពពី៖ The Guardian