សហស្ថាបនិកម្នាក់នៃគេហទំព័រ Bitcoin បានលក់កាក់របស់គាត់ទាំងអស់ក្រោមហេតុផលថា ប្រភេទនៃរូបិយវត្ថុនេះលែងរីកដុះដាលថែមទៀតហើយ។ នេះបើតាមគេហទំព័រ www.standard.co.uk។
លោក Emil Oldenburg ប្រធានផ្នែកបច្ចេកវិទ្យានៃ Bitcoin.com បាននិយាយថា Bitcoin គឺជាការវិនិយោគដែលគ្រោះថ្នាក់បំផុត។ ភាពឆ្អែតនៃទីផ្សារនាពេលបច្ចុប្បន្ននេះគឺគេត្រូវចំណាយប្រាក់ច្រើនដើម្បីវិនិយោគទៅលើវា តែវានឹងមានការលំបាកក្នុងការលក់ចេញ ដែលធ្វើឱ្យអ្នកវិនិយោគចំណេញតិច ឬអាចខាតបង់ទៀតផង។ លោក Oldenburg បានប្រាប់ថា គាត់បានបង្វែរថវិការបស់គាត់ពី Bitcoin ទៅជាសាច់ប្រាក់ ហើយយកទៅវិនិយោគក្នុងប្រព័ន្ធសាច់ប្រាក់ថ្មីមួយទៀតដែលទើបនឹងបង្កើតកាលពីខែសីហាកន្លងមក។
លោកនិយាយថា៖“ការវិនិយោគលើ Bitcoin គឺគ្រោះថ្នាក់ខ្លាំងណាស់ ហើយវាពិតជាមានហានិភ័យខ្ពស់។ ហេតុនេះហើយទើបខ្ញុំលក់កាក់ Bitcoin របស់ខ្ញុំទាំងអស់ ដើម្បីប្តូរទៅជា Bitcoin Cash វិញ។
លោកបានបន្តថា៖“ពេលខ្ញុំលក់ Bitcoin ខ្ញុំបានចំណាយលុយ35អឺរ៉ូ ឬស្មើនឹង50ដុល្លារអាមេរិក និងប្រើពេល12ម៉ោងសម្រាប់ប្រតិបត្តិការផ្ទេរលុយពីការងារនេះ។ ទីបំផុតប្រតិបត្តិការរបស់ខ្ញុំក៏បានរួចរាល់ដោយគ្មានបញ្ហា។ អ្នកគ្រប់គ្រង Bitcoin.com និងជាសហស្ថាបនិកនៃគេហទំព័រដែលបានជួយដេញថ្លៃឱ្យតម្លៃនៃ Cryptocurrency ឡើងថ្លៃ បាននិយាយថា ក្រុមហ៊ុនបានបញ្ចប់ការវិនិយោគលើសេវាថ្មីសម្រាប់ប្រព័ន្ធ Bitcoin ហើយពេលបច្ចុប្បន្ននេះបានបង្វែរការផ្តោតទៅលើ Bitcoin Cash។
លោកបានបញ្ជាក់ថា៖“ការចំណាយសម្រាប់វិនិយោគលើ Bitcoin Cash គឺតិចជាង Bitcoin ធម្មតាឆ្ងាយណាស់។ ប្រព័ន្ធ Bitcoin ចាស់លែងរីកចម្រើនទៀតហើយ ហើយមានតែប្រព័ន្ធ Bitcoin Cash នេះទេ ទើបអាចជួយដល់អ្នកវិនិយោគឱ្យទទួលបានប្រាក់ចំណេញមកវិញទៅថ្ងៃអនាគត។
ខណៈដែល Bitcoin បានចាប់ផ្តើមរីកដុះដាលនៅខែមករា វាបានកើនឡើងតម្លៃរបស់វាចាប់ពី1,000ដុល្លារ សម្រាប់ Coin មួយទៅ18,000ដុល្លារនោះ អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានព្រមានទុកជាមុនហើយថា វាអាចនឹងត្រូវបញ្ចប់ដោយទឹកភ្នែក។ Bitcoin គឺជាប្រព័ន្ធរូបិយវត្ថុដែលទិញតៗគ្នាតាមប្រព័ន្ធឌីជីថល ដោយមិនមានឆ្លងកាត់ធនាគារកណ្តាលនោះទេ៕