បច្ចុប្បន្នគេសង្កេតឃើញថា វិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានការរីកចម្រើនខ្លាំងឡើងៗនៅលើទីផ្សារប្រទេសកម្ពុជា ពិសេសគឺវត្តមាននៃអគារការិយាល័យសាខាធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ដូចជានៅតាមទីប្រជុំជនទូទាំងប្រទេស។ តើហេតុអ្វីបានជាវិស័យនេះមានការរីកចម្រើនខ្លាំងដូច្នេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ?
លោកស្រី ចាន់ សុធាវី ម្ចាស់ហាងលក់ទូរស័ព្ទដៃមួយកន្លែងនៅតាមបណ្តោយមហាវិថីព្រះសីហនុ បាននិយាយថា បើប្រៀបធៀបការលក់ពីមុន និងបច្ចុប្បន្នគឺមានលក្ខណៈខុសគ្នាឆ្ងាយ ដោយការលក់នាពេលនេះមានភាពល្អប្រសើរជាង ព្រោះភាគច្រើនអតិថិជនអាចមានលទ្ធភាពទិញដោយបង់រំលស់។ លោកស្រីបានបន្ថែមថា ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាបានធ្វើឱ្យ Lifestyle នៃការរស់នៅរបស់ប្រជាជនមានការផ្លាស់ប្តូរ គឺពួកគេត្រូវការដើរឱ្យទាន់សម័យកាលនៃបច្ចេកវិទ្យា ដូច្នេះតម្រូវការនៃការប្រើប្រាស់ទូរស័ព្ទស៊េរីថ្មីប្រភេទ Smart Phone ក៏ដូចជាកុំព្យូទ័រ និងសម្ភារប្រើប្រាស់ទំនើបៗផ្សេងទៀតមានការកើនឡើងខ្លាំង ដែលជាឱកាសល្អមួយសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ក្នុងការពង្រីកខ្លួនផ្តល់កម្ចីលើការបង់រំលស់សម្ភារទាំងនោះទៅតាមតម្រូវការរបស់អតិថិជន។
បច្ចុប្បន្នយើងសង្កេតឃើញថា ធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនក៏មានបង្កើតសេវាកម្មផ្តល់កម្ចីជាច្រើនប្រភេទដើម្បីជាជម្រើសសម្រាប់អតិថិជនផងដែរដូចជា កម្ចីសម្រាប់ធ្វើជំនួញ កម្ចីទិញដីទិញផ្ទះ ទិញសម្ភារប្រើប្រាស់ផ្សេងៗ ទិញរថយន្ត ម៉ូតូទូរស័ព្ទដៃ កុំព្យូទ័រ កម្ចីផ្នែកអប់រំ និងកម្ចីអាពាហ៍ពិពាហ៍ជាដើម។ ការពង្រីកនូវសេវាកម្មផ្តល់កម្ចីទាំងអស់ខាងលើនេះស្របពេលដែលតម្រូវការនៃការប្រើប្រាស់សម្ភារទំនើបៗមានការកើនឡើងទើបធ្វើឱ្យមានការរីកចម្រើនវិស័យនេះយ៉ាងឆាប់រហ័សដូច្នេះ។
លោក មុត សុភក្ត្រ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងស្ថិតក្នុងខេត្តព្រៃវែង បាននិយាយថា ដើមឡើយលោកចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែដោយសម្លឹងឃើញតម្រូវការសាច់ជ្រូកនៅលើទីផ្សារកើនឡើង ស្របពេលដែលមានការនាំចូលច្រើនពីប្រទេសជិតខាង លោក និងគ្រួសារបានសម្រេចចិត្តខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដើម្បីពង្រីកកសិដ្ឋានចិញ្ចឹមជ្រូករបស់លោកឱ្យបានដល់ទំហំដីជាង1ហិកតា ហើយសហការជាមួយក្រុមហ៊ុន CP ធ្វើការចិញ្ចឹមកូនជ្រូកទទួលបានជោគជ័យ ដែលធ្វើឱ្យចំណូលគ្រួសារកាន់តែបានល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបន្តថា ការរីកចម្រើនទៅលើអាជីវកម្មចិញ្ចឹមជ្រូក គឺដោយសារទទួលបានប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បើពុំដូច្នោះទេលោកនឹងមិនមានលទ្ធភាពពង្រីកកសិដ្ឋានបានទេ។
ចំណែកលោកឧកញ៉ា ហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាអគ្គនាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានមានប្រសាសន៍ថា ការរីកចម្រើននៃវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គឺដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពល្អប្រសើរ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនក្នុង និងក្រៅប្រទេស ក្នុងការប្រកបរបរជួញដូររកទទួលទាន ហើយកាលណាប្រជាជនរកស៊ីជួបកង្វះខាតផ្នែកហិរញ្ញវត្ថុ គឺគាត់មានធនាគារ ក៏ដូចជាមីក្រូហិរញ្ញវត្ថុរង់ចាំជួយផ្តល់ប្រាក់កម្ចី ដែលអាចជួយឱ្យគាត់មានលទ្ធភាពពង្រីកសង្វាក់ផលិតកម្ម និងមុខរបរផ្សេងៗកាន់តែរីកធំធាត់ឡើងៗ និងមានចំណូលត្រឡប់មកវិញកាន់តែច្រើនឡើង។
លោកឧកញ៉ាអះអាងថា អ្វីដែលសំខាន់បំផុត គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ បានជួយដល់កំណើនសេដ្ឋកិច្ចជាតិតាមរយៈការបញ្ចេញថវិកាបញ្ចូលទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលជាកត្តារួមចំណែកដ៏សំខាន់ក្នុងការជួយដល់កំណើនសេដ្ឋកិច្ច7% ជារៀងរាល់ឆ្នាំ និងជួយឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះយ៉ាងណា លោកឧកញ៉ា បានផ្តល់អនុសាសន៍ទៅកាន់ប្រជាពលរដ្ឋថា មុននឹងសម្រេចខ្ចីប្រាក់ពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រជាពលរដ្ឋត្រូវមានផែនការអាជីវកម្ម (Business Plan) មួយច្បាស់លាស់ហើយត្រូវប្រកបរបរអាជីវកម្មណា ដែលជាតម្រូវការទូទៅរបស់សង្គម ទើបនាំឱ្យអាជីវកម្មមានការគាំទ្រនៅលើទីផ្សារ មិនជួបហានិភ័យ និងមិនជួបការលំបាកក្នុងការបង់ប្រាក់ត្រឡប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុវិញ។
គួរបញ្ជាក់ថា មកទល់បច្ចុប្បន្នហត្ថាកសិករ បានផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ និងអាជីវករទូទៅប្រមាណ100,000នាក់ ដែលមានប្រាក់កម្ចីសរុបជា 400លានដុល្លារ និងបានជួយផ្តល់ការងារដល់ពលរដ្ឋខ្មែរប្រមាណជា3,000នាក់ ដែលកំពុងធ្វើការនៅតាមសាខាចំនួន168 ទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានអគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដា មានប្រសាសន៍ស្រដៀងនេះដែរថា តាមទ្រឹស្តីក៏ដូចជាការអនុវត្ត ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការជួយដល់កំណើនសេដ្ឋកិច្ចជាតិ ។
លោកបណ្ឌិត បញ្ជាក់ថា តាមរយៈការរីកចម្រើនលើវិស័យហិរញ្ញវត្ថុនេះហើយដែលជាចំណែកដ៏សំខាន់ក្នុងការផ្តល់ប្រាក់កម្ចីទៅដល់ប្រជាពលរដ្ឋ ដើម្បីពង្រីកដើមទុន និងមុខរបរផ្សេងៗ ជួយឱ្យសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ កាន់តែមានភាពប្រសើរ។
គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន ធនាគារអេស៊ីលីដា ពង្រីកសាខាបានចំនួនដល់ 260សាខានៅក្នុងប្រទេសកម្ពុជា 41សាខានៅប្រទេសឡាវ និង 8សាខាទៀតនៅប្រទេសមីយ៉ាន់ម៉ា ដែលបានបញ្ចេញសាច់កម្ចីសរុបជិត 3,000 លានដុល្លារអាមេរិកនិងជួយផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ 12,000នាក់ទៀតផង។ គិតមកទល់ខែវិច្ឆិកា ឆ្នាំ2017 នេះធនាគារនៅប្រទេសកម្ពុជា មានចំនួនសរុប 54ស្ថាប័ន ក្នុងនោះរួមមានធនាគារពាណិជ្ជ ចំនួន39ស្ថាប័ន និងធនាគារឯកទេសមានចំនួន15ស្ថាប័ន ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានរហូតដល់76ស្ថាប័ន ហើយក្នុងចំណោមនោះគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានសិទ្ធិទទួលប្រាក់បញ្ញើមានចំនួន 7ស្ថាប័ន៕