បើតាមការចេញផ្សាយរបស់សារព័ត៌មាន Teenee នៅពេលថ្មីៗនេះបានឱ្យដឹងថា បន្ទាប់ពីអធិរាជចម្រៀងប៉ប់លោក Michael Jackson ធ្លាប់ត្រូវបានចោទប្រកាន់ថា លោកបានប្រព្រឹត្តបទល្មើសបំពានលើផ្លូវភេទអ្នករាំរបស់ខ្លួនគឺ លោក Wade Robson នោះ នៅទីបំផុតតុលាការបានសម្រេចបិទរឿងក្ដីនេះទាំងស្រុងហើយ ដោយអះអាងថា អ្នករាំប្រុសរូបនេះមានចេតនារកផលប្រយោជន៍ដោយខ្លួនឯង។
តុលាការកំពូល Santa Monica Court បានបិទសំណុំរឿងដែលលោក Wade Robson បានដាក់ពាក្យប្ដឹងកំពូលតារាចម្រៀងខាងលើនេះ ដោយបានប្ដឹងថា លោកត្រូវតារាចម្រៀង Michael Jackson លួងលោមបៀតបៀន និងបំពានលើផ្លូវភេទរបស់លោក នៅអំឡុងឆ្នាំ 1990-1997។ ដោយសារតែតុលាការបានមើលឃើញថា មរតកទ្រព្យសម្បត្តិរបស់ Michael Jackson មិនត្រូវបានប្រគល់ និងបានទទួលខុសត្រូវចំពោះរឿងក្ដីនេះរួចហើយ ព្រោះថាអ្នករាំរូបនេះ ធ្លាប់បានធ្វើការបំភ្លឺនៅតុលាការកាលពីឆ្នាំ 2005 ថា “Michael មិនធ្លាប់បានលួងលោម និងបំពានផ្លូវភេទ ឬធ្វើទង្វើអាក្រក់លើរូបលោកសូម្បីតែបន្ដិចឡើយ” ប៉ុន្ដែនៅពេលតារាចម្រៀងប្រុសរូបនេះបានទទួលមរណភាពភ្លាម លោក Wade Robson បែរជាក្រឡាស់សម្ដី ហើយប្ដឹងទាមទារមរតក ដោយលើកឡើងថា Michael Jackson បានបៀតបៀនកេរ្តិ៍ខ្មាសលោកនៅពេលដែលលោកនៅក្មេងវ័យ។
គួរបញ្ជាក់ផងដែរ ការប្រកាសសាលដីកាចុងក្រោយនេះ តុលាការបានសម្រេចបិទសំណុំរឿងនេះ ហើយអ្នករាំប្រុសរូបនោះក៏មិនបានទទួលទ្រព្យសម្បត្តិរបស់អធិរាជចម្រៀងប៉ប់លោក Michael Jackson ជាសំណងដែរ៕