លោក Jurgen Klopp បាននិយាយថា ក្រុម Liverpool របស់លោក ពិតជាផ្តល់ការរីករាយក្នុងការទស្សនា ខណៈដែលពួកគេបានពង្រឹងទីតាំងរបស់ពួកគេក្នុងចំណាត់ថ្នាក់កំពូលតារាងទាំងបួននៃក្របខ័ណ្ឌ Premier League តាមរយៈការកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល 5-០ លើក្រុមបាតតារាង Swansea កាលពីថ្ងៃអង្គារ។
ការស៊ុតបាល់កោងបញ្ចូលទីយ៉ាងល្អពីចម្ងាយរបស់ Philippe Coutinho ក្រោយពីការបញ្ជូនបាល់របស់តារាឆ្នើម Mohamed Salah បានជួយឲ្យក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់បើកឆាកនៅនាទីទី6 មុនពេលជួយឲ្យខ្សែប្រយុទ្ធ Roberto Firmino រកបានគ្រាប់បាល់1គ្រាប់ផ្សេងទៀត។ ការព្យាយាមរបស់កីឡាករ Trent Alexander-Arnold បានជួយឲ្យគេរកបានគ្រាប់បាល់ទី3សម្រាប់ Liverpool បន្ទាប់ពីបញ្ចប់តង់ទី1 មុនពេល Firmino និង Alex Oxlade-Chamberlain បន្ថែមម្នាក់1គ្រាប់ទៀតដើម្បីបំពេញជ័យជម្នះយ៉ាងកក់ក្តៅសម្រាប់ក្រុមម្ចាស់ផ្ទះ។
លោក Klopp បានប្រាប់ទូរទស្សន៍ BBC Sport ថា៖ «ក្រោយពីរយៈពេល 55នាទី វាពិតជាអស្ចារ្យណាស់។ វាមិនមែនងាយស្រួលឡើយ។ ប៉ុន្តែ រយៈពេលកន្លះម៉ោងចុងក្រោយ ពិតជាអស្ចារ្យណាស់ និងពិតជាផ្តល់ការរំភើបក្នុងការទស្សនា ហើយយើងស័ក្តិសមក្នុងការទទួលជ័យជម្នះ»។ ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham បានបំបែកកំណត់ត្រារបស់ក្របខ័ណ្ឌ Premier League តាមរយៈការស៊ុតបាល់បញ្ចូលទី3គ្រាប់ ក្នុងពេលក្រុមខ្លួនលត់ក្រុម Southampton យ៉ាងចាស់ដៃក្នុងលទ្ធផល 5-2 កាលពីថ្ងៃអង្គារ។
នៅកីឡដ្ឋាន Wembley ឯនោះវិញ Kane បានបង្កើតកំណត់ត្រាថ្មីសម្រាប់ការរកគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងក្របខ័ណ្ឌ Premier League តាមរយៈការរកបាន39គ្រាប់ក្នុងរយៈពេល12ខែ៕
ប្រភពពី៖ BBC