តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី27 ខែធ្នូ ឆ្នាំ2017 នេះ បានឱ្យដឹងថា ព័ត៌មានមួយនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលចំពោះអ្នកគាំទ្ររបស់តារាចម្រៀងស្រី Katy Perry និង Taylor Swift យ៉ាងខ្លាំង ដោយសារអ្នកទាំងពីរបានបង្ហាញរូបភាពឱបថើបគ្នា ប្រលែងគ្នាលេងល្អូកល្អិន បង្កើតស្នាមញញឹមរីករាយជាមួយគ្នាឡើងវិញហើយ។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន E!Newsបានអះអាងថា មិនត្រឹមតែសាងមេត្រីភាពនឹងគ្នាទេ ប៉ុន្ដែនាង Katy Perry បានបញ្ចេញបទចម្រៀងថ្មីរបស់នាងមានចំណងជើងថា End Game ដែលបានបង្ហាញឱ្យឃើញថា អ្នកទាំងពីរមិនមែនសត្រូវនឹងគ្នាដូចមុនទៀតទេ។
កាលពីសបា្តហ៍មុន Katy Perry មិនបានបញ្ជាក់ឱ្យច្បាស់ពីវីដេអូបទចម្រៀង End Game ទៅកាន់ Taylor Swift ឡើយ ក៏ប៉ុន្ដែអ្នកគាំទ្រនាង បានអះអាងថា អ្នកទាំងពីរពិតជាបានត្រូវគ្នាវិញហើយ មិនមានសង្គ្រាមពាក្យសម្ដី និងបទចម្រៀងឌឺដងដាក់គ្នាដូចមុនទៀតទេ។ គួររំឭកផងដែរថា មុនពេលផ្សះផ្សាគ្នាវិញ តារាស្រី Katy Perry បានពោលពាក្យសុំទោសទៅ Taylor Swift ថា “ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការអត់ឱន និងសូមទោសនូវអ្វីដែលខ្ញុំបានធ្វើ ហើយខ្ញុំរំពឹងទុកថា នាង (Taylor ) ក៏នឹងធ្វើដូចដែលខ្ញុំបានធ្វើនេះដែរ នេះជាក្ដីសង្ឃឹមដែលខ្ញុំចង់បានពីនាងវិញ ។ ខ្ញុំគិតថា នាងជាតារាចម្រៀងស្រីដ៏ល្អបំផុត ប្រសិនបើពួកយើងទាំងពីរអាចសម្របសម្រួលគ្នាក្នុងនាមជានារីដូចគ្នានោះ រាល់ជម្លោះរំខានទាំងឡាយ អាចនឹងប្រសើរឡើងវិញ ព្រោះអ្នករាល់គ្នាគិតថា យ៉ាងណាក៏ដោយ ក៏ពួកយើងអាចដោះស្រាយវាបានដែរ” ៕