ជាទូទៅសៀវភៅសិក្សាគោលរបស់សិស្សតែងតែត្រូវបានផ្លាស់ប្តូរឱ្យកាន់តែប្រសើរឡើង ដើម្បីធ្វើយ៉ាងណាឱ្យសិស្សទទួលបាននូវចំណេះដឹងថ្មីស្របទៅតាមការអភិវឌ្ឍរបស់ពិភពលោកទាំងផ្នែកវិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម។
ជាលទ្ធផលនៃសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើផែនការគោលសម្រាប់ក្របខណ្ឌកម្មវិធីសិក្សាថ្មីឆ្នាំ2018 ដល់ឆ្នាំ2023 បានបង្ហាញថាក្រសួងអប់រំយុវជន និងកីឡា នឹងបោះពុម្ពផ្សាយសៀវភៅថ្មីជំនួសសៀវភៅចាស់ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ នៅឆ្នាំ2020 ដល់ឆ្នាំ2023 ខាងមុខ។ សៀវភៅថ្មី នឹងក្លាយជាសៀវភៅសិក្សាគោលដែលចាំបាច់ត្រូវតែធ្វើការកែសម្រួលឱ្យកាន់តែមានលក្ខណៈប្រសើរ ដោយបន្ថែមនូវប្រភពព័ត៌មានសំខាន់ៗដល់សិស្សានុសិស្សនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា ក្រសួងអប់រំ បានរៀបចំកម្មវិធីសិក្សាថ្មីដោយផ្តោតលើការបង្រៀនអក្សរសាស្ត្រខ្មែរ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ និងភាសាបរទេសចាប់ពីថ្នាក់ទី4 ដល់ថ្នាក់ទី12 ជាភាសាបារាំង ឬភាសាអង់គ្លេស និងរៀបចំវិធីសាស្ត្របង្រៀនថ្មីៗដើម្បីឱ្យសិស្សមានមូលដ្ឋានគ្រឹះរឹងមាំចាប់ពីថ្នាក់ក្រោមដល់ថ្នាក់ខ្ពស់។
ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ៖ កម្មវិធីសិក្សាថ្មីដែលក្រសួងបានដាក់ចេញនេះមានបញ្ចូលនូវមុខវិជ្ជាសំខាន់ៗដូចជា មុខវិជ្ជាអប់រំសុខភាពបន្តពូជ និងផ្លូវភេទ មុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ មុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន មុខវិជ្ជាភាសាអង់គ្លេស មុខវិជ្ជាភាសាបារាំង មុខវិជ្ជាអប់រំសិល្បៈ និងមុខវិជ្ជាអប់រំកាយជាដើម។ នៅក្នុងនោះដែរ ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោក អោ សៀម បានលើកឡើងថា ក្រៅពីការរៀបចំកម្មវិធីសិក្សាថ្មីនេះ ក្រសួងបានបង្កើនម៉ោងសិក្សាពី 25ម៉ោង ក្នុងមួយសប្តាហ៍សម្រាប់កម្រិតបឋមសិក្សា ទៅ30ម៉ោងក្នុងមួយសប្តាហ៍។ ស្របពេលជាមួយគ្នានេះដែរ យើងបានបង្កើនម៉ោងសិក្សាពីប្រមាណ32ម៉ោងក្នុងមួយសប្តាហ៍សម្រាប់កម្រិតមធ្យមសិក្សា ទៅ40ម៉ោងក្នុងមួយសប្តាហ៍ផងដែរ។
លើសពីនេះទៅទៀត ការរៀបចំស្តង់ដារថ្នាក់រៀនក៏ត្រូវបានយកចិត្តទុកដាក់ តាមរយៈការបន្ថយចំនួនសិស្សពីថ្នាក់រៀនដែលមានចំនួនច្រើន ដោយកំណត់យកចំនួនសិស្សត្រឹមតែ 35នាក់ប៉ុណ្ណោះក្នុងមួយថ្នាក់សម្រាប់សិស្សថ្នាក់ទី1 ដល់ថ្នាក់ទី3 និងកំណត់សិស្សត្រឹមតែ40នាក់ សម្រាប់សិស្សថ្នាក់ទី4 ដល់ថ្នាក់ទី12។
លោក អោ សៀម បាននិយាយថា ៖ “ក្រសួងបានរៀបចំសៀវភៅផែនការគោលសម្រាប់អនុវត្តកម្មវិធីសិក្សាថ្មីនេះ ដែលផែនការនេះនឹងត្រូវបញ្ចប់នៅខែឧសភា ឆ្នាំ2018 ខាងមុខ។
អ្នកជំនាញផ្នែកអភិវឌ្ឍកម្មវិធីសិក្សាខាងលើ បានលើកឡើងផងដែរថា ក្រសួងនឹងបោះពុម្ពសៀវភៅសិក្សាថ្មីនៅឆ្នាំ2020 រហូតដល់ឆ្នាំ2023 ដោយបែងចែកជា3ដំណាក់កាលសំខាន់។ ដំណាក់កាលទី1 គឺបោះពុម្ពសៀវភៅសម្រាប់ថ្នាក់ទី1 ថ្នាក់ទី4 ថ្នាក់ទី7 និងថ្នាក់ទី10 នៅក្នុងឆ្នាំ2020-2021។
ដំណាក់កាលទី2 គឺបោះពុម្ពសៀវភៅសិក្សាសម្រាប់ថ្នាក់ទី2 ថ្នាក់ទី5 ថ្នាក់ទី8 និងថ្នាក់ទី11 នៅឆ្នាំ2021-2022 និងដំណាក់កាលទី3 គឺបោះពុម្ពសៀវភៅសម្រាប់ថ្នាក់ទី3 ថ្នាក់ទី6 ថ្នាក់ទី9 និងថ្នាក់ទី12 នៅឆ្នាំ2022-2023៕