បច្ចុប្បន្នគេសង្កេតឃើញមានយុវជនខ្មែរជាច្រើនហាក់មានទំនោរងាកទៅបង្កើតអាជីវកម្មដោយខ្លួនឯងជាជាងទៅបម្រើការងារឱ្យគេយកប្រាក់ឈ្នួល តែក៏មិនប្រាកដថាគ្រប់អាជីវកម្មរបស់ពួកគាត់សុទ្ធតែទទួលបានជោគជ័យទាំងអស់នោះដែរ។
ម្ចាស់អាជីវកម្មនីមួយៗមានចំណុចពិសេសផ្ទាល់ខ្លួនផ្សេងៗគ្នាដែលអាចធ្វើឱ្យការគ្រប់គ្រងអាជីវកម្មរបស់ខ្លួនទទួលបានជោគជ័យ។ លោក ហែម ហេម៉ា ម្ចាស់អាជីវកម្មបោកអ៊ុតទំនើប និងយក្សាបោកអ៊ុត ព្រមទាំងយក្សាកាហ្វេ បានលើកឡើងថា ទោះបីជាអាជីវកម្មរបស់លោកពុំសូវត្រូវការបុគ្គលិកបម្រើការងារច្រើនក៏ពិតមែន តែយ៉ាងណាក្នុងនាមលោកជាម្ចាស់អាជីវកម្មក៏ទទួលស្គាល់ថា ភាពជោគជ័យនៃអាជីវកម្មរបស់ខ្លួនមិនមែនបានមកពីការប្រឹងប្រែងរបស់លោកតែម្នាក់ឯងនោះទេ គឺចេញមកពីសកម្មភាពនៃការធ្វើការងាររួមគ្នាជាមួយបុគ្គលិក។
ម្ចាស់អាជីវកម្មរូបនេះបានបញ្ជាក់ថា៖“គ្រប់ពេលវេលាខ្ញុំតែងតែគិតថាបុគ្គលិករបស់ខ្ញុំជាបងជាប្អូនខ្ញុំ ពិសេសខ្ញុំចាត់ទុកថាខ្លួនឯងក៏ជាបុគ្គលិកម្នាក់នៅក្នុងក្រុមហ៊ុននោះដែរ គ្រាន់តែខ្ញុំមានតួនាទីផ្សេងពីពួកគាត់តែប៉ុណ្ណោះ ដូច្នេះរាល់ពេលដែលពួកគាត់បានលើកជាយោបល់ ឬប្រាប់ពីផលលំបាកនៃការងារមកកាន់ខ្ញុំគឺខ្ញុំតែងតែយកមកគិតដើម្បីរកវិធីដោះស្រាយ ព្រោះថាយ៉ាងហោចណាស់ក៏ពួកគាត់បានគិតចង់ឱ្យក្រុមហ៊ុនមានការរីកចម្រើនដែរទើបគាត់លើកជាយោបល់។ ម្យ៉ាងគំនិតច្រើនវាល្អជាងការគិតឃើញតែម្នាក់ឯង។
លោក ហេម៉ា បញ្ជាក់ថា ដើម្បីឈានទៅដល់ការអនុវត្ដការងារគ្រប់សកម្មភាពឱ្យបានជោគជ័យ ឬមុនពេលបើកអាជីវកម្ម ដាច់ខាតម្ចាស់អាជីវកម្មត្រូវតែមានការរៀបចំគម្រោងផែនការឱ្យបានច្បាស់លាស់ ព្រោះការរៀបចំផែនការច្បាស់លាស់ងាយស្រួលយើងអាចទប់ស្កាត់នូវហានិភ័យដែលនឹងកើតឡើងបានងាយស្រួលជាងការដែលមិនបានរៀបចំវា និងគិតទុកមុន។ ជាងនេះវានឹងបង្កភាពងាយស្រួលដល់យើងក្នុងការកែប្រែស្ថានការណ៍ ដើម្បីគេចចេញពីឧបសគ្គតាមរយៈការសិក្សាផែនការបន្ថែម និងមានភាពបទបែនជានិច្ច។ ជាមួយគ្នានេះលោកក៏បានបញ្ជាក់ថា រាល់ពេលបុគ្គលិកជួបការលំបាកយើងជាម្ចាស់អាជីវកម្មត្រូវនៅជាមួយក្រុមការងារដើម្បីដោះស្រាយជាមួយគ្នា ព្រោះថាការធ្វើកិច្ចការជាមួយគ្នា គឺវាមិនខុសពីការជិះទូករួមគ្នាឡើយ ពោលគឺយើងត្រូវធ្វើកាងារជាមួយបុគ្គលិកដើម្បីជាការផ្តល់កម្លាំងចិត្តបន្ថែមដល់ពួកគាត់ទើបយើងអាចសម្រេចគោលដៅរួមបាន។
លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ដ្រ អគ្គនាយកក្រុមហ៊ុន Luxury Smile Co., Ltd បានលើកឡើងថា ដើម្បីគ្រប់គ្រងអាជីវកម្មឱ្យទទួលបានជោគជ័យ ក្នុងឋានៈលោកជាម្ចាស់អាជីវកម្មតែងប្រាប់ខ្លួនឯងថា កុំមានមហិច្ឆតាខ្លាំងពេក និងកុំមានអំនួតឱ្យសោះ ព្រោះភាពអំនួតមិនអាចជួយយើង ឬផ្ដល់ផលចំណេញអ្វីដល់អាជីវកម្មរបស់យើងទេ។ ផ្ទុយទៅវិញវាថែមទាំងបាននាំយើងឱ្យដើរទៅរកភាពបរាជ័យទៀតផង ជាក់ស្ដែងរូបលោកក៏ធ្លាប់ជួបភាពបរាជ័យផងដែរ ដូច្នេះក្រោយពីដឹងនូវចំណុចខ្សោយរបស់ខ្លួនហើយទើបលោកយល់ថាទោះបីជាម្ចាស់អាជីវកម្មក៏ដោយ ត្រូវតែចេះទទួលយកមតិអ្នកដទៃមកពិចារណា ហើយមិនត្រូវធ្វើអ្វីដោយអត្ដនោម័តតែឯងឡើយ។
លោកឧកញ៉ា បានមានប្រសាសន៍ថា៖“ខ្ញុំអាចបង្កើតអ្វីៗគ្រប់យ៉ាងបានឡើងមកក៏ព្រោះតែខ្ញុំយកបេះដូងទៅធ្វើការងារលើគ្រប់ផ្នែក ដោយចាត់ទុកបុគ្គលិកទាំងអស់ជាសមាជិកក្នុងក្រុមគ្រួសារតែមួយ មានន័យថាយើងកំពុងតែរស់នៅរួមសុខរួមទុក្ខជាមួយគ្នា។ រាល់ការងារទាំងអស់នៅពេលដែលយើងយកបេះដូងទៅនិយាយវាមានភាពទូលំទូលាយជាងការដាក់បញ្ជា។ ជោគជ័យរបស់ខ្ញុំមានសព្វថ្ងៃបានដោយសារតែបងប្អូនខ្ញុំ(បុគ្គលិក)ជួយជំរុញគំនិតឱ្យខ្ញុំចេះច្នៃប្រឌិត យកមកធ្វើជាគម្រោង និងអនុវត្ដជាប្រចាំ។
ទោះជាយ៉ាងណា លោកឧកញ៉ា បានបន្ថែមថាសមត្ថភាពបុគ្គលិកគឺជារឿងសំខាន់ ដូច្នេះរាល់ការធ្វើអាជីវកម្មនីមួយៗ យើងត្រូវស្គាល់ពីសមត្ថភាពបុគ្គលិក និងត្រូវបណ្ដុះបណ្ដាល ហ្វឹកហាត់ពួកគាត់បន្ថែម។ ក្នុងក្រុមហ៊ុនមួយទាល់តែបុគ្គលិកមានសមត្ថភាពទើបអាចធ្វើកិច្ចការល្អ ពិសេសបញ្ហាផ្លូវចិត្ដរបស់បុគ្គលិកក៏រឹតតែសំខាន់បើសិនបុគ្គលិកធ្វើការងារដោយពុំស្រឡាញ់ និងគ្មានទំនួលខុសត្រូវក្រុមហ៊ុននឹងទន់ខ្សោយទៅតាមហ្នឹងដែរ។ ក្នុងនាមម្ចាស់អាជីវកម្មយើងត្រូវចេះបណ្ដុះគំនិតពួកគាត់ឱ្យស្រឡាញ់ក្រុមហ៊ុនរបស់យើងឱ្យដូចជារបស់គាត់។ លោកឧកញ៉ាបានបញ្ជាក់ថា៖“យើងអាចធ្វើការងារនេះបានតាមរយៈការកាត់បន្ថយការស្ដីបន្ទោស ហើយងាកមករកការសម្របសម្រួល និងដំណោះស្រាយរួមគ្នា។
លោកឧកញ៉ាបន្ថែមទៀតថា ទោះបីជាយើងជាម្ចាស់ក្រុមហ៊ុនក៏ដោយសំខាន់យើងត្រូវចេះបញ្ជ្រៀបខ្លួនចូលជាមួយបុគ្គលិក ដើម្បីឱ្យដឹងគ្រប់ជ្រុងជ្រោយ គ្រប់គន្លឹះទាំងអស់ ពិសេសត្រូវមានឆន្ទះធ្វើកិច្ចការឱ្យខ្លាំងក្លាជាងពួកគាត់។ ក្នុងនាមយើងជាម្ចាស់អាជីវកម្មក៏ត្រូវមានផែនការមួយឱ្យច្បាស់លាស់ ព្រោះរាល់មុខជំនួញទាំងអស់ត្រូវមានគោលការណ៍ ឆន្ទៈ និងគោលបំណងឱ្យច្បាស់លាស់ទើបយើងងាយស្រួលដើរឆ្ពោះទៅរកគោលដៅ។ គោលដៅរបស់យើងគឺមិនមែនបានត្រឹមតែគិតគ្មានការអនុវត្ដនោះទេ។ ដូច្នេះដើម្បីធ្វើវាបានយើងត្រូវបោះចោលគំនិតអគតិ ឬអវិជ្ជមាន ហើយគិតនូវអ្វីល្អៗ និងរកដំណោះស្រាយល្អ ធ្វើយ៉ាងណាឱ្យការងាររបស់យើងមានសកម្មភាពរស់រវើកជានិច្ចដើម្បីឱ្យចរន្ដការងារមានភាពល្អប្រសើរ៕