ខ្សែបម្រើដ៏មានឥទ្ធិពល Juan Mata របស់ក្លិប Manchester United បានបញ្ជាក់ថា មិត្តរួមក្រុមរបស់គេ ពិតជាខឹងយ៉ាងខ្លាំង ក្រោយពីបានបាត់បង់2ពិន្ទុនៅលើទឹកដីក្រុម Leicester City ប៉ុន្តែ រូបគេសង្ឃឹមថា ពួកគេអាចស្តារមុខមាត់ឡើងវិញនៅពេលប្រកួតជាមួយនឹងក្រុម Burnley នៅរាត្រីនេះ។
ក្រុមរបស់លោក Jose Mourinho បានជួបភាពអាម៉ាសដោយសារតែគ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតពីសំណាក់ក្រុមនៅសល់សមាជិកត្រឹមតែ10នាក់ Leicester ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ដែលបានធ្វើឲ្យក្រុម Man Utd ដេញតាមពីក្រោយក្រុមកំពុងនាំមុខ Manchester City រហូតដល់ទៅ13ពិន្ទុនៅពាក់កណ្តាលផ្លូវនៃរដូវកាលនេះ។ លោក Mourinho បានសម្តែងនូវការខឹងសម្បាយ៉ាងខ្លាំងចំពោះការខ្ជះខ្ជាយឱកាសល្អៗជាច្រើន និងការធ្វើឲ្យមានកំហុសដ៏គួរឲ្យចង់សើចជាច្រើនពីកីឡាកររបស់លោក ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើកាលពីថ្ងៃសៅរ៍។ ប៉ុន្តែ Mata ដែលបានរកគ្រាប់បាល់ទាំង 2គ្រាប់សម្រាប់ក្រុម Man United ក្នុងការបំពេញតួនាទីយ៉ាងល្អរបស់គេនោះ សង្ឃឹមថា ក្រុមរបស់គេនឹងឆ្លើយតបជាវិជ្ជមានចំពោះការខកចិត្តដោយសារតែការប្រកួតនៅកីឡដ្ឋាន King Power។
Mata បានឲ្យដឹងថា៖ «អ្នកត្រូវតែរក្សាការឆ្ពោះទៅមុខជានិច្ច។ វាជាពេលវេលានៃបុណ្យណូអែល អ្នកត្រូវលេងការប្រកួត2 ឬ3ថ្ងៃម្តង។ បច្ចុប្បន្ន យើងមានអារម្មណ៍ខកចិត្ត និងមានកំហឹង ប៉ុន្តែ យើងត្រូវតែរក្សាការឆ្ពោះទៅមុខ ហើយចាប់ពីថ្ងៃស្អែកនេះ យើងត្រូវសម្រាក និងគិតអំពីការប្រកួតបន្ទាប់ និងមានសុច្ឆន្ទៈក្នុងការបញ្ចប់ការប្រកួតបន្ទាប់ជាមួយនឹងអារម្មណ៍ដ៏ល្អប្រសើរ»។ ក្រុម Burnley បានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល 3-០ នៅលើទឹកដីខ្លួនឯង ក្រោមស្នាដៃក្រុម Tottenham កាលពីថ្ងៃសៅរ៍។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង10យប់៕
ប្រភពពី៖ Sport24