តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅពេលថ្មីៗនេះបានឱ្យដឹងថា សមាជិកក្រុមចម្រៀង BIGBANG ពីរដួងបានចូលរួមកម្មវិធីសម្ភាសរបស់ស្ថានីយទូរទស្សន៍កូរ៉េ រួមមាន លោក Taeyang និង G-Dragon ដោយបានបង្ហើបឱ្យដឹងថា ពួកលោកនឹងវិលត្រឡប់មកចូលរួមក្រុមវិញនៅដើមឆ្នាំ 2018។ បើតាមព័ត៌មានលេចឮបានឱ្យដឹងថា តារាទាំងពីរដួងនោះ នឹងត្រូវចាកចេញពីក្រុមមួយរយៈពេល ដោយសារតែពួកគេត្រូវចូលធ្វើបរិច្ចាគកិច្ចយោធាបម្រើជាតិ។ តែយ៉ាងណាមិញ កម្មវិធីខាងលើបានអញ្ជើញអ្នកទាំងពីរ មកបំភ្លឺព័ត៌មានបន្ថែមជូនអ្នកគាំទ្រ។ ក៏ប៉ុន្ដែ សមាជិកនៅក្នុងក្រុមពីរនាក់ទៀត រួមមាន Daesung និង Seungri នៅមិនទាន់មានព័ត៌មានរឿងចូលធ្វើបរិច្ចាគកិច្ចយោធានៅឡើយ។
តារាចម្រៀង Taeyang និង G-Dragon បានបញ្ចាក់ប្រាប់ថា ក្រុមចម្រៀង BIGBANG និងត្រឡប់មកវិញនៅដើមឆ្នាំ 2018 នេះ ដោយនឹងរៀបចំការប្រគំតន្ត្រីនៅក្នុងបរិវេណអគារ Tokyo Dome ក្នុងទីក្រុង Tokyo ប្រទេសជប៉ុន ដោយមានសមាជិកចម្រៀង 4 នាក់។ ពួកគេបានបន្ថែមថា «យើងសោកស្ដាយបំផុត ដែលការប្រគំតន្ត្រីនៅគ្រានោះគឺជាលើកចុងក្រោយ ព្រោះពួកយើងនឹងលែងបានឃើញមុខអ្នកគាំទ្រទៀតហើយ គ្រប់គ្នានឹងត្រូវបែកគ្នាមួយរយៈសិន»។
ក្រៅពីនោះ លោក Taeyang បានប្រកាសឱ្យដឹងបន្ថែមទៀតថា «ខ្ញុំក៏មានគម្រោងត្រូវរៀបចំពិធីអាពាហ៍ពិពាហ៍ និងចុះលិខិតតាមផ្លូវច្បាប់ជាមួយគូស្នេហ៍ គឺកញ្ញា Min Hyo Rin មុនពេលចូលធ្វើបរិច្ចាគកិច្ចយោធាទៀតផង»។ សូមជម្រាបផងដែរថា ការប្រគំតន្ត្រី “BIGBANG 2017 Concert ‘Last Dance’ in Seoul” នឹងប្រព្រឹត្តទៅនៅថ្ងៃឆ្លងឆ្នាំសកល ទី30 – 31 ខែធ្នូនេះ៕