អ្នកអុំទូកគេចាប់ច្រវ៉ាសម្លឹងមើលត្រើយដើម្បីធ្វើដំណើរឆ្ពោះទៅដល់គោលដៅ ចំណែកសហគ្រិនវិញ គេប្រកាន់យកចំណុចសំខាន់ៗមួយចំនួនដើម្បីឆ្ពោះទៅដល់គោលដៅជោគជ័យ។ ចំណុចទាំងអស់នោះមិនមែនងាយរក ឬរើសបានតាមផ្លូវនោះទេ តែវាត្រូវការផ្នត់គំនិតប្រកបដោយភាពឆ្លាតវៃដើម្បីអនុវត្តឱ្យមានភាពរីកចម្រើន និងគុណតម្លៃ។
ខាងក្រោមនេះគឺជាផ្នត់គំនិតសំខាន់ៗចំនួន5ដែលសហគ្រិនគួរអនុវត្ត៖
1/ ការធ្វើអាជីវកម្ម មិនត្រូវគិតទៅលើប្រាក់ចំណេញតែមួយមុខនោះទេ
ជាទូទៅគេរាយមងចងសន្ទូច គឺក្នុងគោលបំណងចាប់ត្រីឱ្យបានច្រើន ការចាប់ផ្តើមអាជីវកម្មមួយគ្រប់និយោជកតែងសម្លឹងចង់បានប្រាក់ចំណេញឱ្យបានច្រើន។ ផ្នត់គំនិតរកស៊ីចង់បានតែប្រាក់ចំណេញសម្រាប់ខ្លួនឯងនេះជាគំនិតអាត្មានិយម ឬស្ទើរហួសសម័យទៅហើយ បើទោះជាបានជោគជ័យក៏ជោគជ័យកើតឡើងក្នុងរយៈពេលខ្លីដែរ ហើយវានឹងឆាប់ទទួលបរាជ័យទៅវិញ។ នៅក្នុងប្រទេសជប៉ុនអាជីវកម្មជោគជ័យ គឺតែងជោគជ័យរយៈពេលវែងតកូនតចៅរហូតដល់ជាង 1,500ឆ្នាំក៏មាន។
ចំណុចសំខាន់ដើម្បីឱ្យអាជីវកម្មជោគជ័យមានរយៈពេលវែង គឺមិនត្រូវគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនតែមួយមុខនោះទេ តែត្រូវគិតពីប្រយោជន៍សាធារណៈ និងប្រយោជន៍អតិថិជនជាធំ មិនថាក្រុមហ៊ុនផ្តល់សេវាកម្ម ឬផលិតកម្មនោះឡើយ បើសិនជាក្រុមហ៊ុនផ្តល់នូវផលិតផលមួយដែលមានសេវាកម្មល្អ មានគុណភាពគួរជាទីទុកចិត្ត ក្រុមហ៊ុននោះនឹងទទួលបានការគាំទ្រកាន់តែច្រើនឡើង។ នៅលើរបត់ទីផ្សារសេរីក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនមួយចំនួនដែលចេញលក់ផលិតផលនៅលើទីផ្សារលើកដំបូងត្រូវគេមើលឃើញថា ភាគច្រើនតែងផ្តល់នូវគុណភាព និងសេវាកម្មល្អ ប៉ុន្តែនៅពេលទទួលបានការគាំទ្រច្រើនហើយ ក្រុមហ៊ុនខ្លះបានបន្ថយគុណភាព និងបរិមាណផលិតផលរបស់ខ្លួន ដែលជាយុទ្ធសាស្ត្រទីផ្សារស្វែងរកប្រាក់ចំណេញឱ្យបានច្រើន តែយុទ្ធសាស្ត្រនេះជាការយល់ច្រឡំមិនអាចជោគជ័យរយៈពេលវែងនោះទេ។
2/ កង្វះការស្វែងយល់ពីទីផ្សារ និងអតិថិជនគោលដៅ
ការធ្វើអាជីវកម្មមិនខុសពីការដាក់មងចងសន្ទូចប៉ុន្មាននោះទេ គេដាក់មងក្រឡាធំ ដើម្បីចាប់ត្រីធំ ប៉ុន្តែតាមច្បាប់សត្យានុម័តត្រីធំមិនមានច្រើនដូចត្រីតូចនោះទេ ជួនកាលដាក់មងក្រឡាតូចបានត្រីតូចមែនប៉ុន្តែបានច្រើនជាងត្រីធំ។ សម្រាប់ធុរជនការចាប់ផ្តើមអាជីវកម្មដោយមិនបានសិក្សាទីផ្សារ និងអតិថិជនគោលដៅជាមុនហាក់បីដូចជាប្រថុយប្រថានខ្លាំងណាស់ ជួនកាលមានផលិតផលល្អប៉ុន្តែអតិថិជនគោលដៅ ជីវភាពរស់នៅរបស់ពួកគេមិនសមល្មមនឹងទទួលយកវត្ថុទាំងនោះមកប្រើប្រាស់ ឬទទួលទាន។ ឧទាហរណ៍ទីផ្សារកាហ្វេនៅក្នុងរាជធានីភ្នំពេញ ដែលមានហាងទំនើប មានគុណភាពល្អ មានសេវាកម្មល្អ មានម៉ាស៊ីនត្រជាក់ លក់ក្នុងតម្លៃ1កែវ 2ដុល្លារឡើងទៅនោះ មានអតិថិជនគាំទ្រប្រមាណ 20-30%ប៉ុណ្ណោះ ប៉ុន្តែកាហ្វេដែលមានតម្លៃចន្លោះពី1-2ដុល្លារ ហើយមានគុណភាពក្រោមបន្តិច ឬប្រហាក់ប្រហែលកាហ្វេទំនើប បែរជាមានអតិថិជនគាំទ្រច្រើនចន្លោះពី 30-70% នៃចំណែកទីផ្សារអ្នកនិយមទទួលទានកាហ្វេ ដូច្នេះបើសិនជាចាប់ផ្តើមអាជីវកម្មកាហ្វេ គួរត្រូវជ្រើសរើសអតិថិជនគោលដៅមួយណា?
3/ កង្វះការសិក្សាទៅលើដៃគូប្រកួតប្រជែង
សម្រាប់ធុរជនខ្លះ ដោយសារគិតថាខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់ មានផលិតផលល្អហើយនោះក៏ចាប់ផ្តើមចែកចាយនៅលើទីផ្សារតែម្តង ដោយមិនបានគិតទៅលើដៃគូប្រកួតប្រជែងនោះឡើយដែលជាកត្តាសំខាន់មួយធ្វើឱ្យខ្លួនមិនទទួលបានការគាំទ្រ ឬទទួលបានការគាំទ្រតិចតួច។ ដើម្បីឱ្យមានការគាំទ្រច្រើន ធុរជនគួរតែសិក្សាអំពីដៃគូប្រកួតប្រជែង តើដៃគូប្រកួតប្រជែងរបស់យើងជាអ្នកណា? ហើយគេបានធ្វើអ្វីខ្លះ? ចែកចាយផលិតផលបែបណានៅលើទីផ្សារឱ្យបានដឹងច្បាស់ជាមុនដើម្បីទាញយកចំណែកទីផ្សារបស់យើងមកវិញ។
4/ កង្វះយុទ្ធសាស្ត្រក្នុងការធ្វើឱ្យម៉ាកសញ្ញារបស់ខ្លួនមានឈ្មោះល្បី
មុននឹងចរាចរណ៍លក់ផលិតផលនៅលើទីផ្សារក្រុមហ៊ុនធំៗជាច្រើនបានចំណាយប្រាក់រាប់លានដុល្លារដើម្បីធ្វើការផ្សាយពាណិជ្ជកម្មអំពីផលិតផលរបស់ខ្លួនឱ្យអតិថិជនបានស្គាល់ជាមុន (Build Brand) បំណងឱ្យឆាប់ទទួលបានការគាំទ្រ។ យុទ្ធសាស្ត្រនេះមិនថាក្រុមហ៊ុនតូច ឬធំនោះទេ គឺត្រូវធ្វើយ៉ាងណារកវិធីសាស្ត្រពង្រីកបណ្តាញចែកចាយឱ្យបានទៅដល់គ្រប់អតិថិជនគោលដៅឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ឧទាហរណ៍ហាងកាហ្វេតូចៗគាត់មានសមត្ថភាពឆុងកាហ្វេមានរសជាតិឈ្ងុយឆ្ងាញ់ មិនចាញ់ហាងកាហ្វេទំនើប ប៉ុន្តែបើគាត់ភ្លេចគិតពីការសាងកេរ្តិ៍ឈ្មោះ ការសាងម៉ាកសញ្ញារបស់គាត់ ធុរជននោះនឹងមិនអាចពង្រីកទីផ្សារបានច្រើន និងមិនមានអតិថិជនគាំទ្រច្រើនឡើងៗនោះទេ។
5/ កង្វះការថែរក្សាអតិថិជន
ដោយសារចង់បានអតិថិជនឱ្យមានចំនួនកាន់តែច្រើនឡើងៗ ធុរជនខ្លះគិតតែធ្វើយុទ្ធសាស្ត្រដណ្តើមយកអតិថិជនថ្មី ភ្លេចគិតពីការថែរក្សាអតិថិជនចាស់ ប្រៀបដូចជាចាប់ត្រីបានដាក់ទៅក្នុងទ្រុងដែលបែកធ្លាយ គឺធ្វើឱ្យត្រីចូលតាមមាត់ទ្រុង និងចេញទៅវិញតាមគូទទ្រុងរហែកអ៊ីចឹងដែរ។ ដូច្នេះមានតែការថែរក្សាអតិថិជនចាស់ ផ្តល់នូវផលិតផលដែលមានគុណភាពល្អ រួមនឹងសេវាកម្មល្អ រហ័សទាន់ចិត្តធ្វើឱ្យអតិថិជនចាស់លើកសរសើរ និយាយតគ្នាពីមាត់មួយទៅមាត់មួយដែលជាយុទ្ធសាស្ត្រពង្រីកទីផ្សារបានលឿនបំផុត៕