លោក Jose Mourinho បានធ្វើការរិះគន់នៅថ្ងៃបុណ្យណូអែលទៅលើក្រុម Manchester City តាមរយៈការបញ្ជាក់ថា ក្រុមកំពុងនាំមុខនៅលើតារាងក្របខ័ណ្ឌ Premier League មួយនេះ ត្រូវបានផ្តល់ឲ្យនូវការមានប្រៀបដ៏អយុត្តិធម៌តាមរយៈការលេងការប្រកួតបន្ទាប់ទៅទៀតរបស់ពួកគេក្នុងរយៈពេលច្រើនជាងក្រុម Man United របស់លោកមួយថ្ងៃ។
Man United នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Burnley នាកីឡដ្ឋាន Old Trafford នៅរាត្រីនេះ ប៉ុន្តែ ក្រុម Man City ដែលកំពុងតែនាំមុខ13ពិន្ទុដាច់លើគូប្រជែងក្នុងតំបន់តែមួយរបស់ពួកគេនោះ នឹងមិនបានលេងឡើយរហូតដល់រាត្រីថ្ងៃពុធ ដែលនៅពេលនោះពួកគេនឹងធ្វើដំណើរទៅជួបក្រុម Newcastle។ ការបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 នៅលើទឹកដីក្រុម Leicester កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន គឺជាការប្រកួតទី1ក្នុងចំណោមការប្រកួតទាំង4លើកនៃក្របខ័ណ្ឌអង់គ្លេស Premier League ក្នុងរយៈពេល10ថ្ងៃសម្រាប់ក្រុម Man United។ លោក Mourinho បានប្រាប់ទូរទស្សន៍ Sky Sports News ថា៖ «ខ្ញុំមិនមែនជាក្រុមដែលមានសិទ្ធិពិសេសដែលមានរយៈពេល6ថ្ងៃក្នុងការសម្រាកឡើយ និងក៏ដូចជាមានពេលវេលាច្រើនក្នុងការត្រៀមសម្រាប់ការប្រកួតនោះដែរ ប៉ុន្តែខ្ញុំសំដៅទៅលើក្រុមដែលមានពេលវេលាច្រើនជាងយើងបន្តិច ជាពិសេសក្រុមមួយដែលនឹងលេងបន្ទាប់ពីថ្ងៃស្អែក។ ការមានពេលសម្រាកច្រើនជាង1ថ្ងៃ ពិតជាមានប្រៀបណាស់»។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្ថែមទៀតថា៖ «វាប្រហែលជាមានន័យថា ពួកគេមិនចាំបាច់ធ្វើការនៅថ្ងៃនេះឡើយ វាមានន័យថា ពួកគេអាចវិលទៅធ្វើការវិញនៅថ្ងៃស្អែក និងត្រៀមសម្រាប់ការប្រកួតបន្ទាប់។ បញ្ហាដែលខ្ញុំមើលឃើញនៅទីនេះគឺមានភាពផ្សេងគ្នារវាងក្រុមមួយចំនួន»។ ការប្រកួតនៅរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង10យប់៕
ប្រភពពី៖ Sky Sports