កសិករដាំដំណាំនៅក្នុងស្រុកស្អាង ខេត្តកណ្តាលបាននិយាយថា ការផ្លាស់ប្តូរទម្លាប់ដាំដំណាំតាមបែបបុរាណ មកដាំតាមបែបបច្ចេកវិទ្យាថ្មីដោយមិនមានសារធាតុគីមីកំពុងទទួលបានផលយ៉ាងច្រើន និងទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារទៀតផង។
លោក ជួង វ៉ុន កសិករដាំម្រះ នៅជើងភ្នំស្អាងក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានសម្តែងនូវអារម្មណ៍រីករាយថា ក្នុងនាមជាកសិករគ្មានពេលណាសប្បាយចិត្តជាងពេលដែលដំណាំទទួលបានផលល្អ និងលក់បានថ្លៃនោះទេ ព្រោះវាជាការផ្តល់នូវកម្លាំងចិត្តដ៏ខ្លាំងសម្រាប់កសិករក្នុងការបន្តការដាំដុះ។ លោកបន្តថា គ្រួសាររបស់គាត់បានចាប់របរដាំបន្លែតាមទម្លាប់ចាស់ជាង10ឆ្នាំមកហើយ ដោយទើបតែបានប្តូរមកដាំតាមបច្ចេកទេសទំនើបបែបបន្លែសុវត្ថិភាពនេះជាង1ឆ្នាំប៉ុណ្ណោះ។ ការផ្លាស់ប្តូរទម្លាប់នេះ គឺក្រោយពីទទួលបានការបណ្តុះបណ្តាលពីអង្គការលាស់ថ្មី ដែលធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរ។
កសិករខាងលើបន្តថា តម្លៃផ្លែម្រះនៅឆ្នាំនេះបានថ្លៃគ្រាន់បើ ដោយកាលពីឆ្នាំមុន1គីឡូក្រាមលក់បានតម្លៃត្រឹមតែ1,000រៀលប៉ុណ្ណោះ ប៉ុន្តែឥឡូវបាន2,000រៀល តែក៏មានពេលខ្លះធ្លាក់មកនៅត្រឹមចន្លោះពី1,200-1,300រៀលផងដែរ។
ចំណែក លោកស្រី ជីវ ជីតា ដែលបានប្រកបរបរដាំម្រះ បានប្រាប់ដែរថា ម្រះមុននឹងដាំ គឺគេត្រូវភ្ជូរដីហាលចោលពី1-2សប្តាហ៍ដើម្បីឱ្យដីឆ្អិនល្អ ទើបផ្គុំរង និងបាចកំបោរសដើម្បីសម្លាប់មេរោគ ហើយចាប់ផ្តើមរាយបង្កប់ទុយោ ក្រាលកៅស៊ូលើរង និងដោតឫស្សីសម្រាប់ធ្វើទ្រើង។ បន្ទាប់មកគេយកកូនម្រះដែលបណ្តុះរួម មកដាំតាមប្រហោងដែលបានចោះទុក និងដាំឃ្លាតពីគ្នាប្រហែល20សង់ទីម៉ែត្រ។ មុននឹងបានកូនម្រះដំបូងគេត្រូវយកគ្រាប់ម្រះត្រាំក្នុងទឹកក្តៅអ៊ុនៗចន្លោះពី2-3ម៉ោង រួចយកទៅផ្អាប់ក្នុងដី2-3យប់ទើបយកដីមួយភាគ អាចម៍គោ2ភាគ និងផេះអង្កាម2ភាគ មកលាយចូលគ្នាហើយដាក់ចូលខ្ទះលីងប្រមាណ15នាទីទុកឱ្យត្រជាក់ទើបយកទៅដាក់ក្នុងត្រេដាក់គ្រាប់ម្រះចូលដើម្បីបណ្តុះ។ លោកស្រី បានបញ្ជាក់ថា ការដាំដោយក្រាលកៅស៊ូ និងបង្កប់ទុយោនេះ យើងមិនហត់ក្នុងការធ្វើស្មៅ ឬស្រោចទឹកទេ ហើយក្រោយដាំ1ខែ10ថ្ងៃ គឺអាចបេះបានហើយ ដោយ2ទៅ3ថ្ងៃបេះម្តង និងបន្តបេះរហូតដល់ទៅ1ខែឯណោះទើបគេរើដើមចាស់ចោលដាំសាជាថ្មី។
លោក ប៉ុល អភិរក្ស ប្រធានសាខាអង្គការលាស់ថ្មី ប្រចាំខេត្តកណ្តាល បាននិយាយថា អង្គការរបស់លោកមានគោលដៅជួយបង្រៀនកសិករឱ្យដាំបន្លែសុវត្ថិភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាពទាំងអ្នកដាំក៏ដូចជាអ្នកទទួលទាន ដោយបង្រៀននូវបច្ចេកទេសដល់ពួកគាត់ ព្រមទាំងវិធីសាស្ត្រដាំដុះ ថែទាំ ក៏ដូចជាការប្រើប្រាស់ជី និងថ្នាំពុលគីមី ឱ្យបានត្រឹមត្រូវ និងជួយរកទីផ្សារឱ្យកសិករផងដែរ។
ប្រធានការិយាល័យកសិកម្ម ស្រុកស្អាង លោក អ៊ុក សុគន្ធ មានប្រសាសន៍ថា ស្អាងគឺជាស្រុកមួយក្នុងចំណោមស្រុកក្រុងទាំង11 របស់ខេត្តកណ្តាល ដែលមានសក្តានុពលក្នុងការផលិត និងផ្គត់ផ្គង់បន្លែនាំមុខគេក្នុងខេត្តកណ្តាល ដោយក្នុងមួយថ្ងៃអាចមានបរិមាណពី50-60តោន។ ទូទាំងស្រុកស្អាងមានផ្ទៃដីដាំបន្លែចម្រុះចំនួន2,037ហិកតា។ លោកបានបន្ថែមទៀតថា ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព អ្នកទទួលទានទាំងអស់គួរតែងាកទៅរកការដាំដុះបែបបច្ចេកទេសទំនើប គឺបន្លែសុវត្ថិភាពដើម្បីទទួលបានការគាំទ្រនៅលើទីផ្សារ។
គួរបញ្ជាក់ថា បន្លែសុវត្ថិភាពមានលក្ខណៈខុសពីបន្លែសរីរាង្គ ដោយវាស្ថិតនៅចន្លោះបន្លែមានសារធាតុគីមី និងបន្លែសរីរាង្គដែលគ្មានជាតិគីមីសោះ។ លោក សុគន្ធា និយាយថា បន្លែសុវត្ថិភាពគេប្រើជីគីមីខ្លះដែរ ដើម្បីថែរក្សាដំណាំឱ្យល្អ ប៉ុន្តែគេប្រើក្នុងកម្រិតតិចតួចបំផុត ហើយមុននឹងកាត់យកទៅលក់ ឬទទួលទាន គេត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំគីមីជាច្រើនថ្ងៃ ដោយមិនដូចបន្លែគីមី ដែលជួនកាលពេលគេកាត់យកទៅលក់ហើយនោះ នៅតែបន្តជ្រលក់ថ្នាំគីមីបន្ថែមដើម្បីរក្សាសោភ័ណភាពឱ្យនៅបានយូរ៕