មនុស្សគ្រប់រូបសុទ្ធតែជាកោសិកាដ៏សំខាន់ដែលមិនអាចខ្វះបាននៅក្នុងសង្គម ហើយសង្គមមួយអាចអភិវឌ្ឍ ឬមានបញ្ហាអាស្រ័យលើឥរិយាបថរបស់ប្រជាជនវិជ្ជមាន ឬអវិជ្ជមាន។ ដោយមើលឃើញពីកម្រិតនៃការយល់ដឹងរបស់ប្រជាជនខ្មែរ ពិសេសយុវជនដែលកំពុងសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានានានៅកម្ពុជា កម្មវិធី The Perspectives Cambodia ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសឱ្យយុវជនខ្មែរទាំងអស់បានបញ្ចេញមតិជាសាធារណៈ។
ប្រធានគ្រប់គ្រងកម្មវិធី The Perspectives Cambodia រដូវកាលទី2 លោក ហួរ តុលា បានលើកឡើងថាដោយសារការអប់រំនៅកម្ពុជាមានភាពប្រសើរឡើងជាលំដាប់ ហេតុនេះសមត្ថភាពរបស់យុវជនក៏មានការកើនឡើងស្របពេលដែលសង្គមកំពុងមានការអភិវឌ្ឍ តែបញ្ហាប្រឈមមួយចំនួនសម្រាប់យុវជនក៏កើតមានផងដែរ ពិសេសគឺភាពស៊ីជម្រៅនៃការគិត និងការបញ្ចេញមតិលើបញ្ហានានាក្នុងសង្គម។ សង្គមមួយអាចអភិវឌ្ឍទៅមុខបានលឿន គឺដោយសារតែសង្គមនោះមានប្រជាជនដែលមានទស្សនវិស័យ និងមានការគិតបែបវិជ្ជមានច្រើនដើម្បីរួមគ្នាកសាងសមត្ថភាពចូលរួមចំណែកអភិវឌ្ឍ និងដោះស្រាយបញ្ហាសង្គមនានាប្រកបដោយសន្តិភាព។
លោក តុលា បាននិយាយថា ៖ “ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងនិរន្តរភាពសង្គម ដោយឈរលើមូលដ្ឋានចំណេះដឹង ក្រុមការងារ The Perspectives Cambodia បានបង្កើតកម្មវិធីនេះឡើងដើម្បីផ្តល់ឱកាសដល់យុវជនខ្មែរឱ្យបានទទួលចំណេះដឹងពីអ្នកជំនាញសំខាន់ៗនៅកម្ពុជា ដើម្បីយកចំណេះដឹងទាំងអស់នោះទៅបង្ហាញជាសាធារណៈតាមរយៈការប្រកួតតស៊ូមតិលើបញ្ហាសំខាន់ៗនៅកម្ពុជា។
សមាជិកស្ថាបនិកនៃកម្មវិធីខាងលើបានលើកឡើងថា នៅប្រទេសអភិវឌ្ឍ គឺគេមានធនធានមនុស្សដែលពោរពេញដោយសមត្ថភាពក្នុងការបញ្ចេញទស្សនវិស័យដែលគេចង់ឃើញទៅកាន់សង្គមរបស់គេ។ ជាក់ស្តែងយុវជននៅប្រទេសសិង្ហបុរី គេមានក្រុមអ្នកចងក្រងទស្សនវិស័យ ហើយផ្តល់ឱកាសឱ្យយុវជនចូលរួមបង្ហាញពីទស្សនវិស័យផ្ទាល់ខ្លួនរបស់គេ ខណៈកម្ពុជាយើងក៏ចង់ឃើញយុវជនមានការគិតវែងឆ្ងាយ និងមានទស្សនវិស័យផងដែរ។ លើសពីនេះទៅទៀត ការគិតគឺជារឿងសំខាន់ណាស់សម្រាប់សង្គម ព្រោះប្រសិនបើយុវជន ដែលជាប្រជាជនសកម្មមានគំនិតប្រកបដោយគុណតម្លៃ សក្តានុពល និងសីលធម៌ នោះសង្គមរបស់យើងនឹងអាចអភិវឌ្ឍបានយ៉ាងលឿនប្រកបដោយសន្តិភាព។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក រិន រ៉ាវុធ ប្រធានក្រុមបច្ចេកទេសនៃកម្មវិធី The Perspectives Cambodia បានលើកឡើងថា ក្នុងគោលបំណងចង់កសាងវេទិកាសង្គមសម្រាប់យុវជន ដើម្បីកសាងសមត្ថភាព ចំណេះដឹង និងការចែករំលែក តាមរយៈការជជែកដេញដោល តស៊ូមតិ និងពិភាក្សាលើស្ថានភាពសង្គមជាក់ស្តែងនៃវិស័យអភិវឌ្ឍនានា យើងបានបង្កើតកម្មវិធី The Perspectives Cambodia ឡើងដែលកម្មវិធីនេះនឹងអាចបំផុសទឹកចិត្តយុវជនឱ្យកាន់តែមានភាពសកម្មក្នុងការចូលរួម។ តាមរយៈកម្មវិធីតស៊ូមតិដ៏មានសារៈសំខាន់នេះ យើងបានជ្រើសរើសបេក្ខជនដែលមានសមត្ថភាព និងសក្តានុពល ដើម្បីមកបណ្តុះបណ្តាលបន្ថែមជាមួយនឹងគ្រូបង្វឹកដែលសុទ្ធតែជាអ្នកជំនាញមកពីពហុវិស័យ មុននឹងឱ្យបេក្ខជននោះទៅតស៊ូមតិដណ្តើមយកពានរង្វាន់ថ្នាក់ជាតិលើការតស៊ូមតិ។
លោក រិន រ៉ាវុធ បានអះអាងថា ៖ “ក្រៅពីការផ្តល់ឱកាសឱ្យយុវជនមកពីគ្រប់សាកលវិទ្យាល័យបានសិក្សា និងប្រកួតតស៊ូមតិ យើងក៏ជួយពួកគាត់ក្នុងការបណ្តុះគំនិតសង្គមវិជ្ជមាននៃការរស់នៅជាមួយគ្នាក្នុងភាពចម្រុះនៃគំនិត។
លោក បានបន្ថែមថា នៅពេលដែលយុវជន ឬប្រជាជនខ្មែរមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើការសម្រេចចិត្តនានា និងមានភាពក្លាហានក្នុងការជជែកពិភាក្សាលើបញ្ហាសង្គម នៅពេលនោះយើងនឹងបានឃើញភាពចម្រុះនៃគំនិតប្រកបដោយភាពវិជ្ជមានដែលអាចរុញច្រានឱ្យសកម្មភាពនានាក្នុងសង្គមនឹងវិវត្តន៍ឆ្ពោះទៅរកភាពវិជ្ជមាន។ ជាគោលដៅ និងជាគុណតម្លៃរបស់កម្មវិធី The Perspectives Cambodia គឺយើងចង់ឃើញយុវជន និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាមនុស្សមានសីលធម៌ ចេះគោរពគ្នា និងមានភាពជាអ្នកវិជ្ជាជីវៈនិយម។ លើសពីនេះទៅទៀត យើងក៏បណ្តុះបណ្តាលពួកគាត់ឱ្យមានសេចក្តីក្លាហានផងដែរ តាមរយៈការពង្រឹងគំនិត និងឥរិយាបថប្រកបដោយឆន្ទៈនៃការផ្លាស់ប្តូរឆ្ពោះទៅរកភាពវិជ្ជមាន និងជំរុញឱ្យគាត់ក្លាយជាមនុស្សដែលមានការយកចិត្តទុកដាក់ខ្ពស់លើការចូលរួម និងមានសតិសម្បជញ្ញៈក្នុងស្មារតីសាមគ្គីភាព ហើយទទួលយកនូវគំនិតចម្រុះពីគ្រប់មជ្ឈដ្ឋានដែលត្រឹមត្រូវ៕