Skip to content

Austin ជាប់​ពិន័យ​ព្យួរ 3ប្រកួត ក្រោយពី​ទាត់​លើ​ផ្ទៃមុខ​របស់​អ្នកចាំទី Lossl

ខ្សែប្រយុទ្ធ Charlie Austin របស់ Southampton ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើហិង្សា និង​បាន​រង​ពិន័យ​ព្យួរ3ប្រកួត ក្រោយពី​បាន​ទាត់​អ្នកចាំទី Jonas Lossl របស់​ក្រុម Huddersfield ចំ​ផ្ទៃមុខ ក្នុងពេល​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 កាលពី​ថ្ងៃ​សៅរ៍។ ខ្សែប្រយុទ្ធ​របស់​ក្រុម Southampton រូបនេះ ត្រូវបាន​មើលឃើញថា បាន​ទាត់​អ្នកចាំទី Lossl ចំ​ច្រមុះ ដែល​បានធ្វើ​ឲ្យ​អ្នកចាំទី​រូបនោះ ហូរឈាម​ពេញ​ផ្ទៃមុខ និង​ត្រូវការ​ការព្យាបាល់​រយៈពេល 4នាទី។

Austin ដែល​ក្រោយមក​ត្រូវបាន​ប្តូរ​ចេញ​ដោយសារតែ​របួស​សរសៃ​ពួរ​គន្លាក់ជើង​នោះ មិនត្រូវ​បានផ្តល់​ការពិន័យ​ដោយ​អាជ្ញាកណ្តាលភ្លាមៗឡើយ ប៉ុន្តែ​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស​ហៅ​កាត់​ថា FA បានសម្រេច​ចិត្ត​ដាក់ពិន័យ​ព្យួរ 3ប្រកួត ក្រោយពី​បាន​ត្រួតពិនិត្យ​មើល​លើ​ឧប្បត្តិ​ហេតុនេះ។ FA បានប្រកាសថា៖ Charlie Austin នឹងត្រូវ​ជាប់​ពិន័យ​ព្យួរ​សម្រាប់​ការប្រកួត 3លើក​បន្ទាប់​របស់ Southampton ក្រោយពី​រូបគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើហិង្សា។

រូបគេ​បានទទួល​ការចោទប្រកាន់​នេះ ប៉ុន្តែ​បានធ្វើ​ការតវ៉ា​ថា ការដាក់ពិន័យ​ព្យួរ​មាន​ទំហំ​ធំ​ពេក​ហើយ។ ការតវ៉ា​នេះ ត្រូវបាន​ច្រានចោល​ដោយ​ក្រុមប្រឹក្សាវិន័យ​ឯករាជ្យ។ Austin វ័យ 28ឆ្នាំ​នឹងត្រូវ​អវត្តមាន​ក្នុងការ​ប្រកួត 3លើក​បន្ទាប់​របស់​ក្រុម Southampton ពោលគឺ​ការប្រកួត​នៅលើ​ទឹកដី​ក្រុម Tottenham និង Manchester United ក៏ដូចជា​ការប្រកួត​លើទឹក​ដី​ខ្លួនឯង ជាមួយនឹង​ក្រុម Crystal Palace នា​ថ្ងៃទី2 ខែមករា ឆ្នាំ2018៕

ប្រភពពី៖ The Sun

Leave a Reply

Your email address will not be published. Required fields are marked *