ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញប្រចាំភូមិភាគអាស៊ី-អាគ្នេយ៍ Bangkok Airways ម្ចាស់ពាក្យស្លោក “Asia’s Boutique Airline” កាលពីដើមខែធ្នូ កន្លងទៅថ្មីៗនេះ បានរៀបចំព្រឹត្តិការណ៍ដំណើរកម្សាន្តដ៏អស្ចារ្យមួយរយៈពេល 3ថ្ងៃ2យប់ នៅតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងប្រទេសថៃ គឺកោះសាមុយ ដែលមានការចូលរួមដំណើរពីខាងក្រុមហ៊ុនទេសចរណ៍ និងអ្នកសារព័ត៌មានជាច្រើនរូប។
បន្ទាប់ពីធ្វើដំណើរដោយជំនឿទុកចិត្ត និងសប្បាយរីករាយតាមជើងហោះហើរ Bangkok Airways PG 938 (ភ្នំពេញ-បាងកក) និងបន្តដោយជើងហោះហើរលេខ PG 120 (បាងកក- សាមុយ) ក្រុមភ្ញៀវទេសចរបានមកដល់កោះសាមុយប្រកបដោយសុវត្ថិភាព និងក្ដីរីករាយបំផុត។
នៅថ្ងៃដំបូងក្រុមភ្ញៀវទេសចរទាំងឡាយត្រូវបាននាំធ្វើដំណើរកម្សាន្តដើម្បីទទួលយកបទពិសោធដ៏ស្រស់បំព្រងនៅលើទឹកដីកោះសាមុយ តាមរថយន្តទេសចរណ៍ទៅកាន់មណ្ឌលទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ និងល្បីល្បាញបំផុតនៅលើកោះសាមុយ គឺ Hin Ta និង Hin yai (ថ្មតា ថ្មយាយ) ដែលស្ថិតនៅលើឆ្នេរសមុទ្រ និងបានបញ្ចប់ដំណើរទេសចរណ៍នៅថ្ងៃដំបូងនេះដោយការទៅទស្សនានៅមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ និងសម្បូរបែបមួយនៅលើកោះសាមុយ នេះគឺ Central Festival Samui និងបន្ទាប់មកក៏បានធ្វើដំណើរត្រឡប់ទៅសម្រាកនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ 5ដ៏ទំនើប និងល្បីល្បាញ Novotel Samui ដែលស្ថិតនៅជាប់នឹងមាត់សមុទ្រ។
ថ្ងៃទី8ធ្នូ ដែលជាថ្ងៃទី2 នៃដំណើរកម្សាន្តដ៏សែនអស្ចារ្យជាមួយក្រុមហ៊ុនអាកាសចរណ៍ល្បីល្បាញ និងប្រណីតឥតខ្ចោះ Bangkok Airways ភ្ញៀវទេសចរទាំងអស់ត្រូវបាននាំទៅកម្សាន្ត និងទស្សនាធម្មជាតិដ៏ស្រស់បំព្រងនៅលើរមណីយដ្ឋានកោះ តៅ និងកោះណាង យួន តាមរយៈទូកទេសចរណ៍ល្បឿនលឿន(Speed Boat) និងបានទៅដល់ អាវ មួង ឆ្នេរ ស្វាយ លើកោះ តៅ ដែលស្ថិតនៅកណ្ដាលផ្ទៃទឹកសមុទ្រដ៏ខៀវស្រងាត់ដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ មានមុជក្នុងទឹកជ្រៅ (Snorkeling) និងដើរទស្សនាកោះដ៏សែនស្រស់ស្អាតមួយនេះ។
ក្រោយពីទទួលទានអាហារថ្ងៃត្រង់ដ៏សែនឆ្ងាញ់ និងសម្បូរបែបនៅក្នុងភោជនីយដ្ឋានលើកោះ តៅរួចហើយភ្ញៀវទេសចរទាំងអស់ត្រូវបាននាំចេញដំណើរទៅកាន់ កោះ ណាង យួន ដែលស្ថិតនៅចម្ងាយតែ 480 ម៉ែត្រពីកោះ តៅប៉ុណ្ណោះ។ នៅទីនោះលោកអ្នកអាចសម្រាកកាយ បន្ធូរអារម្មណ៍ជាមួយនឹងបណ្ដុំផ្កាថ្មដ៏ស្រស់ស្អាត ប្លែកៗ និងកម្របានឃើញដ៏ច្រើនដែលត្រូវបានគេដាក់ឈ្មោះឱ្យថា “Crystal Clear” រួចហើយបន្តឡើងទៅលើកំពូលកូនភ្នំដើម្បីទស្សនាឆ្នេរកោះណាង យួនទាំងមូល និងថតរូបទុកជាអនុស្សាវរីយ៍។
ដោយភាពសម្បូរបែបខាងវិស័យទេសចរណ៍ដ៏ទំនើប និងស្រស់ស្អាត រាត្រីថ្ងៃទី2 នេះក្រុមភ្ញៀវទេសចរត្រូវបានខាងម្ចាស់កម្មវិធី គឺក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways នាំទៅសម្រាកនៅឯ New Star Beach Resort ដែលជារីសតនៅជាប់នឹងឆ្នេរដ៏ស្រស់ត្រកាល ដ៏ទំនើប និងស្ថិតនៅកណ្ដាលធម្មជាតិដ៏គួរឱ្យចង់ស្នាក់នៅ។
នៅថ្ងៃបង្ហើយ (ទី9 ខែធ្នូ) បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច ភ្ញៀវទេសចរទាំងអស់ត្រូវបាននាំទៅទស្សនាតំបន់ទេសចរណ៍រមណីយដ្ឋាន Pra Yai Temple និងពិសាអាហារថ្ងៃត្រង់នៅឯភោជនីយដ្ឋាន Khao Hom restaurant រួចហើយនៅវេលាម៉ោង13:00 ទាំងអស់គ្នាបានមកដល់អាកាសយានដ្ឋានសាមុយ និងធ្វើដំណើរត្រឡប់ទៅទីក្រុងបាងកក តាមជើងយន្តហោះ PG 134 និង PG 935 មកទីក្រុងភ្នំពេញវិញដោយសុវត្ថិភាព និងពោរពេញដោយក្ដីពេញចិត្ត និងជំនឿចិត្តយ៉ាងខ្លាំងចំពោះសេវាកម្មដ៏ល្អប្រណីតរបស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways “Asia’s Boutique Airline” ដ៏ល្បីល្បាញមួយនេះ៕