នៅព្រឹកថ្ងៃទី22 ខែធ្នូ ឆ្នាំ2017នេះ បើតាមការចេញផ្សាយរបស់សារព័ត៌មាន Teenee បានឱ្យដឹងថា ក្រុមអ្នកគាំទ្រក្រុមចម្រៀង SHINEE ប្រចាំប្រទេសថៃ ដែលមានចំនួនជាង 1000 នាក់ បានប្រមូលផ្ដុំគ្នា និងដើរដង្ហែក្បួនគ្នារៀបចំពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់តារាចម្រៀងប្រុស Kim Jonghyun ដែលបានធ្វើអត្តឃាតដោយសារវិបត្តិផ្លូវចិត្ត។ កម្មវិធីនេះធ្វើឡើងនៅក្នុងបរិវេណវត្ត សុតធិវៈរ៉ារ៉ាម ផ្លូវចៈរើនគ្រុង ដោយមានការតម្កល់ផ្កាកុលាបស្រស់នៅពីមុខរូបថតតារាប្រុសរូបនេះ ដែលជាទំនៀមទម្លាប់តាមបែបសាសនាគ្រិស្ត។ បន្ទាប់មកទៀត មានកម្មវិធីសរសេរបង្ហាញពីអារម្មណ៍អាឡោះអាល័យនៅក្នុងសំបុត្រ ដែលបញ្ជាក់ពីការលាគ្នាជាចុងក្រោយចំពោះតារារូបនេះ និងចុងក្រោយគឺកម្មវិធីធ្វើបុណ្យបញ្ជូនកុសលដល់វិញ្ញាណក្ខន្ធរបស់តារារូបនេះ ឱ្យបានទៅកាន់សុគតិភព តាមបែបព្រះពុទ្ធសាសនា។
គួររំឭកផងដែរថា សម្រាប់ការបាត់បង់ជីវិតរបស់តារាចម្រៀងប្រុសល្បីឈ្មោះរូបនេះ បានកើតឡើងនៅល្ងាចថ្ងៃទី18 ខែធ្នូ ឆ្នាំ2017 ដែលបានចេញផ្សាយដំបូងដោយសារព័ត៌មានកូរ៉េល្បីឈ្មោះ yonhapnewsបានផ្សាយឱ្យដឹងថា តារាប្រុស Kim Jonghyun វ័យ 27 ឆ្នាំ ជាសមាជិកនៅក្នុងក្រុមចម្រៀង SHINEE ត្រូវបានប្រទះឃើញកំពុងដេកសន្លប់នៅក្នុងបន្ទប់ដេកប្រមាណជាជាង 6 ម៉ោងមកហើយ។ បងស្រីរបស់លោកបានទូរស័ព្ទបញ្ជូនដំណឹងទៅប៉ូលិសដើម្បីសុំជំនួយ ព្រោះនាងបានដឹងជាមុនថា ប្អូនប្រុសបម្រុងនឹងធ្វើអត្តឃាត។ មុនពេលធ្វើអត្តឃាត តារាប្រុសរូបនេះ បានផ្ញើសារអេឡិចត្រូនិកចុងក្រោយចូលទូរស័ព្ទដៃបងស្រីថា «រហូតដល់ពេលនេះវានៅតែលំបាកណាស់ សូមមេត្តាបណ្ដោយខ្ញុំទៅ ខ្ញុំវេទនាណាស់ »៕