ស្បែកមុខស្ងួត របកឡើងហុយ បើនារីៗយើងធ្លាប់ជួបបញ្ហានេះ អាចបណ្តាលមកពីច្រើនមូលហេតុ ជាពិសេសនារីៗដែលត្រូវអង្គុយធ្វើការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ជាប់រហូតរយៈពេលយូរ ធ្វើឱ្យស្បែកមុខរបស់អ្នកសម្រួលខ្លួនមិនទាន់រហូតដល់ខ្វះសំណើម និងខ្វះភាពស្រស់បស់។ ថ្ងៃនេះ ឡារ៉ែន មានផ្លែឈើ5ប្រភេទមកណែនាំក្នុងការជួយថែបំប៉នស្បែកមុខរបស់នារីៗយើងឱ្យត្រឡប់មកមានសំណើមស្រស់បស់កាន់តែខ្លាំងឡើងវិញ តើមានអ្វីខ្លះនោះ សូមតាមដានជាបន្ត។
1/ ប្រទាលកន្ទុយក្រពើ (Aloe Barbadensis Mill)
ស្លឹកប្រទាលកន្ទុយក្រពើមានគុណសម្បត្តិជួយកាពារស្បែកមិនឱ្យស្ងួត បន្ថែមសំណើម ប្រឆាំងការរលាក ធ្វើឱ្យស្បែករាបរលោង ការពារពន្លឺអ៊ុលត្រាវិយ៉ូឡេ។ ស្លឹកប្រទាលកន្ទុយក្រពើមានជ័រខាប់ៗ និងសាច់ថ្លាៗដែលអាចជួយរក្សាសំណើមនៅលើស្រទាប់ស្បែកខាងក្រៅបាន ក្រៅពីនេះនៅមានសារធាតុ Carboxypeptidase ដែលជួយភ្ជិតស្បែក ជួយបកស្រទាប់ស្បែកដែលក្រៀមស្ងួតចេញ និងបង្កើតស្រទាប់ស្បែកថ្មីដែលរាបរលោងឡើងមកជំនួសវិញ។
2/ ត្រសក់ (Cucumis Sativus Linn)
ផ្លែត្រសក់មានសារធាតុ Cystin, Methionin និងនៅមានសារធាតុ ផូលីស៊ែកខារ៉ាយ ដែលជួយធ្វើឱ្យស្បែកមុខស្រស់ថ្លាមានសំណើម ប្រឆាំងនឹងការឡើងស្នាមកន្ទួលក្រហម ល្អសម្រាប់អ្នកដែលមានស្បែកមុខស្ងួត និងអ្នកមានមុខឡើងខ្លាញ់ បង្កើនភាពតឹងណែនរបស់ស្បែក រក្សាភាពក្មេងជាងវ័យ និងថែមទាំងមានសារធាតុរ៉ែផ្សេងទៀតដែលជួយធ្វើឱ្យកើតមានសំណើមតាមធម្មជាតិនៅលើស្រទាប់ស្បែកទៀតផង។
3/ ផ្លែម្នាស់ (Anana Comosus (Linn) Merr)
ផ្លែម្នាស់ ជួយការពារស្បែកពីអនុមូលឥស្សរៈ កាត់បន្ថយការក្លាយ មានអង់ហ្ស៊ីម Papain ជួយរំលាយកោសិកាដែលស្លាប់ហើយរបស់ស្រទាប់ស្បែកឱ្យរបូតចេញមក មានប្រយោជន៍សម្រាប់អ្នកដែលមានមុនក្បាលខ្មៅនៅលើផ្ទៃមុខ ធ្វើឱ្យស្បែកកាន់តែស្រស់ថ្លាឡើង។ ម្នាស់មានគុណសម្បត្តិក្នុងការជួយកាត់បន្ថយការរលាកក្លាយ និងនៅមានវីតាមីន A វីតាមីន C ជួយប្រឆាំងអនុមូលឥស្សរៈ និងមានសារធាតុរ៉ែច្រើនប្រភេទទៀតដែលជួយធ្វើឱ្យស្បែកមុខស្រស់ថ្លាមានសំណើម មិនស្ងួតក្រៀម។
4/ ផ្លែប៉េងប៉ោះទុំ (Lycopersicon Esculentum Mill)
ផ្លែប៉េងប៉ោះទុំ ជួយបង្កើនសំណើម ធ្វើឱ្យស្បែកមុខស្រស់ថ្លា ការពារស្បែកពីអនុមូលឥស្សរៈ ធ្វើឱ្យផ្ទៃមុខសឡើង។ ទឹកចម្រាញ់ពីផ្លែប៉េងប៉ោះមានវីតាមីនច្រើនប្រភេទ និងមានសារធាតុគ្លុយខូអាល់ខាឡយដ៍ឈ្មោះ ថូម៉ាធីន ជាសារធាតុដែលមានឥទ្ធិពលភ្ជិតសន្លាកស្នាម ក្រៅពីនោះនៅមានឬទ្ធិជាទឹកអាស៊ីតខ្សោយជួយលាងផ្ទៃមុខឱ្យស្អាតទន់រលោង និងសម្រួលសភាពស្បែកមុខដែលស្ងួតក្រៀមឱ្យមានសំណើមស្រស់ថ្លាឡើងវិញបានយ៉ាងល្អប្រសើរ។
5/ ផ្លែចេក (Musa Paradisiacal L.Var. sapientum O.Ktze)
ផ្លែចេក មានសារធាតរំអិលបង្កើនភាពស្រស់ស្រាយ និងថែមទាំងមានវីតាមីន សារធាតុរ៉ែ ប្រូតេអុីនច្រើនប្រភេទដែលមានប្រយោជន៍ដល់ស្បែកក្នុងការបង្កើនសំណើម លុបស្នាមជ្រីវជ្រួញ ព្យាបាលសន្លាកស្នាម ធ្វើឱ្យស្បែកមុខស្រស់ថ្លា និងការពារស្បែកពីអនុមូលឥស្សរៈទៀតផង។
អានរួចហើយគឺមិនគួរឱ្យជឿសោះថា បន្លែផ្លែឈើទាំងអស់នេះមានគុណប្រយោជន៍ចំពោះស្បែកមុខរបស់យើងបានច្រើនដល់ថ្នាក់នេះឡើយ ហើយថែមទាំងមិនពិបាករកទៀតផង ចង់ឱ្យនារីៗយើងសាកល្បងយកមកថែបំប៉នស្បែកមុខលមើល ចង់យកមកចិតជាបន្ទះស្តើងៗបិទនៅលើផ្ទៃមុខ ឬយកមកកិនឱ្យម៉ដ្ឋហើយបំពោកលើផ្ទៃមុខ ទុកចោល3-5នាទី ហើយលាងសម្អាតចេញដោយទឹកស្អាតក៏បាន។ ក្រៅពីថែបំប៉នស្បែកមុខហើយ សូមកុំភ្លេចទទួលទានអាហារឱ្យគ្រប់5ប្រភេទក្រុម គេងសម្រាក និងទទួលទានទឹកឱ្យបានគ្រប់គ្រាន់ផង តែប៉ុណ្ណឹងស្បែកមុខរបស់នារីៗយើងនឹងសស្អាត ភ្លឺរលោង តឹងណែន លែងខ្មៅជ្រីញជ្រួញតទៅទៀតមិនខាន៕