នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ 2017 វេលាម៉ោង 09.00 ព្រឹក តាមម៉ោងនៅប្រទេសកូរ៉េ គឺជាពេលដែលត្រូវដង្ហែសពរបស់តារាចម្រៀងប្រុស Kim Jonghyun ដែលជាអតីតសមាជិកក្រុមចម្រៀង SHINEE ដោយត្រូវឱ្យសមាជិករួមក្រុមចំនួន 4 រូបផ្សេងទៀតដូចជា Lee Tae-min, Choi Min-ho, Onew និង Key ជាអ្នកដង្ហែក្ដារមឈូសចេញមកពីសាលបុណ្យទៅទីបញ្ចុះសព។
បើតាមរយៈសារព័ត៌មាន Koreaboo នាព្រឹកថ្ងៃទី21នេះ បានឱ្យដឹងថា មានសមាជិកក្រុមគ្រួសារ និងបុគ្គលិករបស់ផលិតកម្ម SM ចំនួនជាង300 នាក់បានប្រមូលផ្តុំគ្នានៅមុខសាលបុណ្យសពរបស់តារាប្រុសខាងលើនេះ។ ខណៈដែលរថយន្តចាប់ផ្តើមបើកដង្ហែសពបានមកដល់ គេសង្កេតឃើញមានអ្នកគាំទ្រប្រហែល 1000 នាក់ បាននាំគ្នាឈូឆរប្រមូលផ្តុំគ្នា ដើម្បីបានឃើញមុខមាត់របស់ Jonghyun នាវិនាទីចុងក្រោយ ព្រមទាំងសម្ដែងទុក្ខសោកចំពោះ Idol ចម្រៀង Kpop រូបនេះផង ។
គួរបញ្ជាក់ផងដែរថា គ្រាន់តែបងស្រីរបស់ Kim Jonghyun បាននាំមុខក្បួនដង្ហែសពចេញមកក្រៅភ្លាម សំឡេងស្រែកទ្រហោយំពីក្រុមគ្រួសារ មិត្តភ័ក្តិ និងអ្នកគាំទ្របានលាន់ឮឡើងយ៉ាងទ្រហឹងពេញនៅខាងមុខអគារ Asian Medical Center Funeral Hall តែម្ដង។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពក្បួនដង្ហែសពរបស់តារាប្រុស Kim Jonghyun ខាងក្រោមនេះ៖