កុមារជាផ្នែកដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ប្រទេសជាតិ ព្រោះថាចាប់ផ្តើមពីការអភិវឌ្ឍសមត្ថភាពរបស់កុមារ យើងនឹងទទួលបានប្រជាជនសកម្មដែលប្រកបដោយសមត្ថភាពនៅថ្ងៃអនាគត តែប្រសិនបើយើងធ្វេសប្រហែសតែបន្តិច យើងនឹងឃើញមានអំពើអសកម្មជាច្រើនទៅវិញនៅថ្ងៃខាងមុខ។
លោក គង់ វិចិត្រា ស្ថាបនិកអង្គការមូលនិធិកុមារពិការ បានបង្ហាញថា សកម្មភាពទាំងឡាយដែលកុមារទទួលយកអាចក្លាយជារូបភាពនៃការដោះស្រាយបញ្ហារបស់គេនៅថ្ងៃក្រោយ ដូចនេះអាណាព្យាបាល រួមទាំងអ្នកអប់រំផង គួរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសកម្មភាពនៃការអប់រំពួកគេ។ ក្មេងអាចចាប់យករឿងគ្រប់យ៉ាងដែលមនុស្សធំធ្វើចំពោះគេ ហើយក៏ព្យាយាមធ្វើគ្រប់យ៉ាងតាមវិធីដែលមនុស្សធំធ្វើ ដើម្បីបង្ហាញថាគេជាមនុស្សធំពិត។
លោក វិចិត្រា បានលើកឡើងថា ៖ “អាណាព្យាបាលជាច្រើននៅកម្ពុជាយើងចូលចិត្តប្រើប្រាស់ហិង្សាក្នុងការអប់រំកូន ឬដាក់ពិន័យនៅពេលពួកគេធ្វើអ្វីខុស។ សកម្មភាពនេះមិនប្រាកដថាត្រឹមត្រូវទាំងអស់នោះទេព្រោះថាពួកគាត់មួយចំនួនភ្លេចប្រើប្រាស់ហេតុផលដើម្បីបង្រៀនពួកគេ ដែលធ្វើឱ្យក្មេងៗមិនសូវប្រើហេតុផលដូចគ្នាក្នុងការដោះស្រាយបញ្ហានានានៅពេលដែលពួកគេធំឡើង។
ស្ថាបនិកអង្គការដែលធ្វើការគាំពារលើកុមារពិការខាងលើបានបញ្ជាក់ថា នៅពេលដែលកុមារទទួលបានការអប់រំតាមរយៈការវាយដំ នោះគេអាចនឹងមិនឃើញវិធីសាស្ត្រអ្វីក្រៅពីអំពើហិង្សានោះទេ នៅពេលដែលពួកគេមានរឿងត្រូវដោះស្រាយ។ យើងរាល់គ្នាបានមើលឃើញហើយថា យុវជនមួយចំនួនបានប្រើប្រាស់អំពើហិង្សាកាប់ចាក់គ្នានៅពេលដែលពួកគេខឹងនរណាម្នាក់ ឬក្រុមផ្សេង ដើម្បីឱ្យក្រុមម្ខាងទៀតខ្លាច ឬរាងចាល ព្រោះថានៅពេលដែលមានបញ្ហាកើតឡើងម្តងៗពួកគេមិនបានរកឃើញដំណោះស្រាយណាប្រកបដោយហេតុផលនោះទេ ព្រោះក្នុងគំនិតរបស់គេគឺមានអំពើហិង្សារួចជាស្រេចទៅហើយ។
យោងតាមអង្គការ UNICEF នៅឆ្នាំ2014 បានបង្ហាញឱ្យឃើញថា កុមារកម្ពុជាចំនួន 70%ទទួលរងនូវការប្រើប្រាស់អំពើហិង្សាយ៉ាងហោចណាស់មួយទម្រង់មុនពួកគេមានអាយុ18ឆ្នាំ ហើយ 25% ត្រូវបានរំលោភបំពានលើអារម្មណ៍ និងប្រមាណ5% បានឆ្លងកាត់ការរំលោភបំពានផ្លូវភេទ ដែលសកម្មភាពទាំងអស់នេះអាចប៉ះពាល់ដល់ការគិតរបស់កុមារ និងអាចធ្វើឱ្យពួកគេក្លាយជាអ្នកដែលមានសកម្មភាពអវិជ្ជមាននៅថ្ងៃអនាគត៕