Skip to content

Swansea បណ្តេញ​គ្រូបង្វឹក Clement ចេញពី​តំណែង

ក្លិប Swansea City កាលពី​ថ្ងៃ​ពុធ បាន​បណ្តេញ​លោក Paul Clement ពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ ខណៈដែល​ក្លិប​បាត​តារាង​នៃ​ក្របខ័ណ្ឌ Premier League រំពឹង​អាច​គេច​ឲ្យ​ផុតពី​តំបន់​កាត់ចោល។ ស្រប​ពេលដែល​រដូវ​កាល​នេះ ជិត​ឈានដល់​ពាក់​កណ្តាលផ្លូវ ក្រុម​របស់​វែ​លស៍​មួយ​នេះ​កំពុងតែ​ដេញតាម​ពីក្រោយ​ក្រុម​ស្ថិតក្នុង​តំបន់​សុវត្ថិភាព​ចំនួន4ពិន្ទុ ក្រោយពី​បាន​ចាញ់​ក្នុង​លទ្ធផល 3-1 នៅលើ​ទឹកដី​ក្រុម Everton ដោយ​ពួកគេ​បាន​កត់ត្រា​ជ័យជម្នះ​ត្រឹមតែ3ប្រកួត​គត់​ក្នុងចំណោម​ការប្រកួត18លើក​នៃ​ក្របខ័ណ្ឌ Premier League។

ក្លិប​នេះ​បាន​ឲ្យ​ដឹង​នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន​ថា៖ «យើង​អាច​ប្រកាស​បាន​ថា នៅ​រាត្រី​នេះ​ក្លិប​បាន​ចែកផ្លូវ​ជាមួយនឹង​គ្រូបង្វឹក​បង្គោល​លោក Paul Clement ហើយ»។ លោក Huw Jenkins ប្រធាន​ក្លិប Swansea City បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ដើម្បី​ផ្លាស់ប្តូរ​អ្នកចាត់ការ​ទូទៅ ជាពិសេស​នៅត្រឹម​ពាក់​កណ្តាលផ្លូវ​នៃ​រដូវ​កាល​នេះ គឺជា​រឿង​ចុងក្រោយ​ដែល​យើង​ចង់​ធ្វើ​ក្នុងនាម​ជា​ក្លិប​មួយ»។ លោក Jenkins បាន​បន្ថែមទៀតថា៖ «យើង​មាន​អ្នកចាត់ការ​ទូទៅ3នាក់​ផ្សេងគ្នា​កាលពី​រដូវ​កាល​មុន ហើយ​ជា​លទ្ធផល យើង​ចង់​ផ្តល់​ឲ្យ​លោក Paul នូវ​ពេលវេលា​ជាច្រើន​តាម​ដែល​អាច ក្នុងការ​ផ្លាស់ប្តូរអ្វី។ ប៉ុន្តែ យើង​មាន​អារម្មណ៍​ថា យើង​មិនអាច​រក្សាអ្វីៗឱ្យ​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​យូរ​ឡើយ និង​ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​ដើម្បី​ធ្វើ​ឲ្យ​យើង​មានឱកាស​ដ៏​ល្អ​បំផុត​ក្នុងការ​ផ្លាស់ប្តូរ​ជោគវាសនា​ខណៈដែល​ក្លិប​នេះ​កំពុងតែ​ស្ថិតនៅ​បាត​តារាង​នៃ​ក្របខ័ណ្ឌ Premier League»៕

ប្រភពពី៖ The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *