ថ្ងៃ Christmas ចាត់ទុកថាជាថ្ងៃពិសេសសម្រាប់មនុស្សមួយចំនួនដែលប្រកាន់នូវជំនឿតាមបែបសាសនាគ្រិស្ត។ វាជាថ្ងៃដ៏រីករាយបំផុតក្នុងការជួបជុំគ្នា បង្កើនភាពរីករាយ ទំនាក់ទំនង ហើយក៏ឆ្លៀតពេលបង្អួតពីភាពស្រស់ស្អាតដាក់គ្នាផងដែរ។ ដូច្នេះដើម្បីឱ្យថ្ងៃជួបជុំដ៏រីករាយរបស់អ្នកកាន់តែពិសេសទៅទៀតនោះ អ្នកត្រូវតែទុកចិត្តថា សម្រស់នៃការផាត់មុខរបស់អ្នកគឺស្រស់ស្អាតគ្រប់គ្រាន់សមស្របទៅនឹងពេលវេលា។
ភ្នែក៖ ការតុបតែងមុខសម្រាប់មនុស្សម្នាក់ ស្អាត ឬមិនស្អាតគឺអាស្រ័យលើការតុបតែងភ្នែកនេះហើយ ហេតុនេះហើយបានជាការតុបតែងភ្នែកត្រូវបានយកចិត្តទុកដាក់ខ្លាំងជាងទីតាំងផ្សេង។ ចង់តុបតែងភ្នែកឱ្យបានស្អាត អ្នកត្រូវដឹងពីទម្រង់ភ្នែក ម៉ូដ និងពណ៌របស់សម្លៀកបំពាក់ដែលអ្នកត្រូវពាក់ ទីកន្លែង និងពេលវេលាដែលអ្នកត្រូវចូលរួមផងដែរ។
ការផាត់ភ្នែកត្រូវផ្តោតលើទីតាំងសំខាន់4គឺ ត្របកភ្នែកខាងលើ ត្របកភ្នែកខាងក្រោម ការគូសរឹមភ្នែក និងការគូសរោមភ្នែក។ ប្រសិនបើអ្នកចង់ផាត់ភ្នែកបែបធម្មជាតិក្នុងថ្ងៃ Christmas អ្នកអាចជ្រើសរើសយកពណ៌ផ្កាឈូក ទឹកក្រូច សូកូឡាស្រាល ឬពណ៌លឿងស្រាលក៏បាន។
ថ្ពាល់៖ មិនបាច់ឱ្យមើលទៅច្បាស់លាស់ពេកទេ ព្រោះថ្ងៃ Christmas គួរតែមើលទៅធម្មតា ស្អាតតាមបែបងាយៗ និងសមភ្នែកទៀតផង។ អ្នកគួរជ្រើសរើសពណ៌ផាត់ថ្ពាល់បែបស្រាលៗ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា ភាពស្រស់ស្អាតដែលអ្នកមានគឺជាភាពស្រស់ស្អាតស័ក្តិសមបំផុតសម្រាប់ថ្ងៃ Christmas របស់អ្នក។
បបូរមាត់៖ វាជាចំណាប់អារម្មណ៍មួយផ្នែកទៀតដែលធ្វើឱ្យអ្នកមានភាពលេចធ្លោកាន់តែខ្លាំង។ ជ្រើសរើសពណ៌ក្រែមលាបមាត់ណាដែលអ្នកគិតថា ស័ក្តិសមជាមួយបបូរមាត់របស់អ្នក ព្រមទាំងត្រូវជាមួយនឹងម៉ូដសម្លៀកបំពាក់របស់អ្នកផងដែរ។ បន្ថែមក្រែមរលោងបន្តិច (បើលាបក្រេមរលោងច្រើនពេក វាអាចមើលទៅប្រតាក) ពីលើពណ៌ក្រែមដែលអ្នកលាបនោះ ធានាថាអ្នកពិតជាទទួលបាននូវបបូរមាត់ដែលពេញទៅដោយមន្តសេ្នហ៍ជាក់ជាមិនខានឡើយ៕