នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ2017 នឹងត្រូវបញ្ចប់ ហើយជំនួសមកវិញនូវឆ្នាំថ្មីដែលបង្ហាញថាអាយុរបស់មនុស្សគ្រប់គ្នានឹងកើនឡើងមួយឆ្នាំទៀត ហើយវាក៏ជាពេលវេលាដែលអ្នកទាំងអស់គ្នាត្រូវបង្កើនល្បឿននៃការអភិវឌ្ឍឱ្យស្របទៅតាមការវិវត្តនៃពេលវេលាផងដែរ។
ខាងក្រោមនេះជាវត្ថុមួយចំនួនដែលអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍមនុស្សណែនាំឱ្យមនុស្សគ្រប់រូបគួរត្រៀមដើម្បីជាជំនួយសម្រាប់ការសម្រេចគោលដៅសំខាន់ៗ និងបង្កើនប្រសិទ្ធភាពការងារសម្រាប់ឆ្នាំថ្មីខាងមុខ។
- ប្រតិទិន និងតារាងផែនការចុងខែធ្នូ គឺជាពេលវេលាល្អបំផុតសម្រាប់អ្នកទាំងអស់គ្នាក្នុងការរំឭកពីផែនការសម្រាប់ឆ្នាំថ្មីដែលអ្នកគ្រោងថានឹងសម្រេច ហើយវាក៏ជាពេលវេលាល្អបំផុតសម្រាប់ពិនិត្យមើល និងត្រៀមទុកឱ្យហើយពីថ្ងៃដែលត្រូវឈប់សម្រាក រួមទាំងធ្វើការងារសំខាន់ៗនៅក្នុងខែនីមួយ។
ការប្រើប្រាស់តារាងគ្រប់គ្រងផែនការ អាចជាវិធីល្អមួយផងដែរក្នុងការកំណត់ឱ្យបានរួចជាស្រេចចំពោះថ្ងៃសំខាន់ៗរួមទាំងអាចជួយឱ្យអ្នកស្មានទុកផងដែរពីខ្ទង់ចំណាយអាទិភាពមួយចំនួនលើកម្មវិធីបុណ្យប្រពៃណី ឬកម្មវិធីផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរាប់ទាំងខួបកំណើតមនុស្សជាទីស្រឡាញ់ជាដើម។ ម្យ៉ាងវិញទៀត តារាងគ្រប់គ្រងផែនការ និងប្រតិទិនជាឧបករណ៍ដែលអាចជួយសម្រាលបន្ទុករបស់អ្នកបានច្រើនបំផុត ព្រោះថាមនុស្សម្នាក់ៗប្រាកដជាមានការងារច្រើនត្រូវធ្វើ ហេតុនេះបើមានតារាងចំណាំដែលអ្នកបានឃើញរាល់ថ្ងៃ អ្នកនឹងមានការទុកចិត្ត ហើយកាត់បន្ថយការខ្វល់ខ្វាយបានមួយកម្រិតដែរ។ នៅពេលដែលអ្នកអាចកំណត់ពីពេលសំខាន់ៗបានច្បាស់ហើយ អ្នកនឹងក្លាយជាមនុស្សដែលពូកែទំនាក់ទំនង ហើយជាមនុស្ស ដែលគ្រប់គ្នាស្គាល់ជាអ្នកធ្វើការហ្មត់ចត់ និងទៀងទាត់។
- សៀវភៅកត់ត្រា និងសៀវភៅទិនានុលេខន៍ប្រចាំឆ្នាំថ្មី (Diary) ក្រៅពីប្រតិទិន និងតារាងធំៗដែលបិទជាប់នៅជញ្ជាំងការិយាល័យ ឬនៅផ្ទះ អ្នកក៏ត្រូវការជំនួយការមួយទៀតដែលអាចទៅតាមអ្នកគ្រប់ពេលវេលានោះ គឺសៀវភៅទិនានុលេខន៍ (Diary)។
សៀវភៅប្រភេទនេះមានបញ្ជាក់យ៉ាងច្បាស់ពីថ្ងៃខែឆ្នាំច្បាស់លាស់នៅគ្រប់ទំព័ររួចជាស្រេចដែលធ្វើឱ្យអ្នកងាយស្រួលកត់ត្រានូវរឿងដែលត្រូវធ្វើក្នុងមួយថ្ងៃៗបានយ៉ាងល្អ។ ក្រៅពីកត់ត្រានូវអ្វីដែលខ្លួនបានធ្វើសៀវភៅទិនានុលេខន៍ ក៏មានមុខងារជាអ្នកធ្វើផែនការតូចៗប្រចាំថ្ងៃយ៉ាងល្អផងដែរ ព្រោះថាអ្នកអាចសរសេរវាទុកមុនមួយថ្ងៃដើម្បីរំឭកខ្លួនឯងថា នៅថ្ងៃស្អែកត្រូវធ្វើអ្វីខ្លះ ហើយនៅថ្ងៃនេះអ្នកបានសម្រេចអ្វីខ្លះ និងនៅសល់អ្វីខ្លះទៀតដែលមិនទាន់បានធ្វើ។
ការប្រើប្រាស់ទិនានុលេខន៍ នេះអាចនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សមានរបៀប ហើយជំរុញឱ្យការងារជាច្រើនទទួលបានជោគជ័យ ព្រោះថាវាជាជំនួយការដាស់តឿនអ្នកដែលនៅជាមួយអ្នកស្ទើរគ្រប់ពេល។
- សៀវភៅអានដែលត្រូវនឹងគោលដៅសម្រាប់ឆ្នាំបន្ទាប់មនុស្សដែលមានគោលដៅច្បាស់លាស់ និងជាអ្នកដែលតែងតែតាមដានការរីកចម្រើនសម្រាប់ខ្លួនឯង ភាគច្រើនដឹងរួចជាស្រេចពីកន្លែងដែលគេនឹងទៅដល់នៅក្នុងរយៈពេលដែលគេកំណត់ទុករួចជាស្រេច។ សម្រាប់អ្នកដែលមានគំនិតបែបនេះពីមួយឆ្នាំទៅមួយឆ្នាំ គេនឹងអភិវឌ្ឍខ្លួនឯងឱ្យកាន់តែប្រសើរ ហើយទំនួលខុសត្រូវសម្រាប់ខ្លួនឯងក៏កាន់តែខ្ពស់ផងដែរ ដែលទាមទារឱ្យពួកគេត្រូវអភិវឌ្ឍខ្លួនឯងជាប់រហូតទើបទទួលបានជោគជ័យ។
បន្ទាប់ពីកំណត់ពីកន្លែងដែលត្រូវទៅហើយ យើងគួរត្រៀមខ្លួនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាដែលអាចរាំងស្ទះដល់ការងារ ឬអាជីវកម្មនៅឆ្នាំថ្មី ហេតុនេះការជ្រើសរើសសៀវភៅអានដើម្បីឆ្លើយតបឱ្យត្រូវស្ថានការណ៍ជាក់ស្តែងដែលអ្នកនឹងអាចជួបប្រទះជារឿងល្អបំផុត ព្រោះអ្នកអាចនឹងក្លាយជាមនុស្សដែលគ្រប់គ្រងស្ថានការណ៍បានល្អប្រសិនបើអ្នកត្រៀមចំណេះដឹងជាស្រេចដើម្បីទប់ទល់៕