ខណៈបណ្ដាញអគ្គិសនីថ្នាក់ជាតិនៅមិនទាន់អាចបំពេញតម្រូវការដល់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ដាច់ស្រយាលបានគ្រប់ជ្រុងជ្រោយ ក្រុមហ៊ុន Nuri Telecom Co.,Ltd ដែលមានការសហការពីក្រសួងរ៉ែ និងថាមពល បានបង្កើតគម្រោងសិក្សាមួយស្តីពីលទ្ធភាពសម្រាប់ប្រព័ន្ធផលិតថាមពលពីពន្លឺព្រះអាទិត្យ និងខ្យល់ខ្នាតតូច សម្រាប់ប្រើប្រាស់នៅតាមផ្ទះក្នុងតំបន់ដាច់ស្រយាល ក្នុងខេត្ដចំនួន3 ក្នុងប្រទេសកម្ពុជា។
លោក Kim Yu Kwon ប្រធានក្រុមហ៊ុន Nuri Telecom Co.,Ltd. បានលើកឡើងថា គម្រោងសិក្សាលទ្ធភាពប្រព័ន្ធផលិតថាមពលពីពន្លឺព្រះអាទិត្យ និងខ្យល់ខ្នាតតូចសម្រាប់ប្រើប្រាស់តាមផ្ទះក្នុងតំបន់ដែលមិនមានបណ្តាញអគ្គិសនីនេះបានស្នើថវិការហូតដល់5លានដុល្លារអាមេរិក ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ ដូច្នេះលោកសង្ឃឹមថាគម្រោងនេះនឹងទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជា។
កម្ពុជា ជាប្រទេសមួយដែលមានសក្ដានុពលលើថាមពលកកើតឡើងវិញ ដោយតាមការសិក្សាថាមពលដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់ដែលអាចផ្ដល់ថាមពលមានរហូតដល់ជាង8,000ម៉េហ្គាវ៉ាត់ និងថាមពលខ្យល់មានប្រមាណ 1,380ម៉េហ្គាវ៉ាត់ ។ តាមរយៈការសិក្សាលទ្ធភាពនៃការផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ និងខ្យល់នឹងដាក់ឱ្យប្រើប្រាស់ក្នុងផ្ទះសម្រាប់ប្រជាពលរដ្ឋនៅខេត្ដចំនួន3 គឺខេត្ដពោធិ៍សាត់ ខេត្ដកណ្ដាល និងខេត្តមណ្ឌលគីរី។
រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល ឯកឧត្តមអុិត ប្រាំង មានប្រសាសន៍ថា ការចូលរួមពីប្រទេសកូរ៉េ ពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកផ្គត់ផ្គង់អគ្គិសនីដែលដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់ សម្រាប់បម្រើសេចក្ដីត្រូវការដល់ប្រជាពលរដ្ឋខ្មែរនៅតាមទីដាច់ស្រយាលដែលបណ្ដាញអគ្គិសនីថ្នាក់ជាតិពុំទាន់បានទៅដល់។ ឯកឧត្ដម បន្ដថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមសូមសាទរចំពោះលទ្ធផលដ៏ល្អរបស់ក្រុមការងារដែលបានអនុវត្តជោគជ័យនូវការដំឡើងសាកល្បងប្រព័ន្ធផលិតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់តាមខ្នងផ្ទះក្នុងខេត្តចំនួនបីនេះ៕