តាមរយៈសារព័ត៌មាន koreaboo ចេញផ្សាយនៅថ្ងៃទី20 ខែធ្នូ ឆ្នាំ2017 បានឱ្យដឹងថា ចេញពីករណី Kim Jong-hyunតារាចម្រៀងប្រុសជាសមាជិកនៅក្នុងក្រុម SHINEE មានវ័យ 27 ឆ្នាំ បានធ្វើអត្តឃាតបញ្ចប់ជីវិតដោយខ្ទប់ដង្ហើមខ្លួនឯងជាមួយនឹងផ្សែងពុលមានសារធាតុ Carbon monoxide ហើយស្លាប់បាត់បង់ជីវិតនៅក្នុងផ្ទះសំណាក់មួយនៅក្នុងតំបន់ Cheongdam-dong នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលបណ្ដាលឱ្យមានអ្នកគាំទ្រកូរ៉េ និងទូទាំងពិភពលោកមានការតក់ស្លុត និងសោកសៅដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ។
នៅទីបំផុត ក្រុមគ្រួសាររបស់តារាប្រុសរូបនេះ និងខាងផលិតកម្ម SM Entertainment បានរៀបចំពិធីបុណ្យសពនៅក្នុងអគារ Asan Medical Center Funeral Hall ដើម្បីឱ្យតារាកូរ៉េទាំងអស់ទូទាំងប្រទេស បានចូលទៅគោរពវិញ្ញាណក្ខន្ធសម្ដែងក្ដីអាឡោះអាល័យដល់រូប Jong-hyun នាវិនាទីចុងក្រោយ។ នៅក្នុងនោះគេសង្កេតឃើញមានក្រុមចម្រៀងជាច្រើនដូចជា តារានៅក្នុងផលិតកម្ម SM Entertainment , BoA ,Kangta, Super Junior, Girls’ Generation, f(x), EXO, Red Velvet, NCT, BTS, IU, F.T Island, Epik High, Block B, VIXX ដែលបានចំណាយពេលកំដរពិធីបុណ្យទាំងមូលទៀតផង។
សូមជម្រាបបន្ថែមថា ខាងផលិតកម្ម SM Entertainment ក៏បានរៀបចំកន្លែងថ្មីមួយទៀតសម្រាប់ទទួលអ្នកគាំទ្ររបស់តារាប្រុសខាងលើនេះដើម្បីចូលទៅគោរពសពនៅក្នុងថ្ងៃទី19-20 ខែធ្នូ ឆ្នាំ2017 ចាប់ពីវេលាម៉ោង 12.00-18.00 តាមពេលវេលានៅក្នុងប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ផងដែរថា ចំពោះការបើកគម្របមឈូសគឺតម្រូវឱ្យសមាជិកនៅក្នុងក្រុម SHINEE មានចំនួន 4 រូបផ្សេងទៀតដូចជា Lee Tae-min, Choi Min-ho, Onew, Key ជាអ្នកបើក នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ 2017 វេលាម៉ោង 09.00 ព្រឹក តាមម៉ោងនៅប្រទេសកូរ៉េ។
គួរកត់សម្គាល់ផងដែរថា នាវិនាទីចុងក្រោយនេះ សិល្បករកូរ៉េទាំងអស់បានប្រកាសរំសាយការងាររបស់ខ្លួនទាំងអស់ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ Kim Jong-hyun ដែលដូចជាការរំលែកទុក្ខដល់ក្រុមគ្រួសារតារាប្រុសរូបនេះផងដែរ។ សូមទស្សនាទិដ្ឋភាពនៅក្នុងពិធីបុណ្យសពតាមរយៈវីដេអូខាងក្រោមនេះ៕