សេដ្ឋកិច្ចនៅតំបន់អាស៊ីបានងើបឡើងយ៉ាងឆាប់រហ័សនាពេលថ្មីៗនេះ ដែលការរីកចម្រើននេះបានធ្វើឱ្យប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗកើនឡើងផងដែរ។ កំណើនសេដ្ឋកិច្ចនេះគឺកើតឡើងលើមនុស្សប្រមាណ 4.4ប៊ីលាននាក់ដែលកំពុងរស់នៅក្នុងប្រទេសចំនួន 49ក្នុងទ្វីបអាស៊ី។
ទោះបីយ៉ាងណាកំណើនសេដ្ឋកិច្ច និងទ្រព្យសម្បត្តិនៃប្រទេសទាំងអស់មិនមានភាពស្មើគ្នានោះទេ។ ថ្ងៃនេះយើងសូមបង្ហាញប្រទេស និងតំបន់ចំនួន 5ដែលមាន GDP ច្រើនជាងគេនៅទ្វីបអាស៊ី។
1.ទីក្រុងម៉ាកាវ នៃប្រទេសចិន $73,187
ម៉ាកាវ ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើន និងមានសកម្មភាពសេដ្ឋកិច្ចរស់រវើក ដោយទីក្រុងនេះជាលំនៅរបស់ប្រជាជនប្រមាណ 650,900នាក់លើផ្ទៃដី 30.5គីឡូម៉ែត្រការ៉េ។ សេដ្ឋកិច្ចទីក្រុងម៉ាកាវ រីកចម្រើនខ្លាំងដោយពឹងផ្អែកលើវិស័យទេសចរណ៍ជាគោល។ ក្រៅពីនេះការនាំចេញផ្នែកវាយនភណ្ឌ និងសេវាហិរញ្ញវត្ថុ ដោយរួមទាំងសេវាកម្មធនាគារក៏ជាផ្នែកដែលបានផ្តល់ឱ្យនូវផលប្រយោជន៍យ៉ាងទូលំទូលាយដល់សេដ្ឋកិច្ចទីក្រុងម៉ាកាវផងដែរ។ ប្រមាណ 50%នៃ GDP គឺបានមកពីវិស័យទេសចរណ៍ ល្បែងកម្សាន្ត និងឧស្សាហកម្មបដិសណ្ឋារកិច្ច។ ជនបរទេសដែលបានទៅលេងទីក្រុងម៉ាកាវបានកើនពី 9.1លាននាក់ក្នុងឆ្នាំ2000 ទៅប្រមាណ 22លាននាក់ក្នុងឆ្នាំ2006។
- ប្រទេសកាតា $59,330 កាតា
ជាប្រទេសដែលមានទ្រព្យសម្បត្តិច្រើនជាងគេលេខ2 នៅទ្វីបអាស៊ី ដោយ GDP សម្រាប់ប្រជាជនម្នាក់ៗមានប្រមាណ 59,330ដុល្លារសហរដ្ឋអាមរិក។ សេដ្ឋកិច្ចរបស់ប្រទេសកាតា ពឹងផ្អែកលើការនាំចេញប្រេង និងឧស្ម័នធម្មជាតិ។ ថវិកា70% ជារបស់រដ្ឋាភិបាល ហើយច្រើនជាង 85% គឺបានមកពីការនាំចេញ។ ប្រទេសកាតាមានប្រេងបម្រុងទុកយ៉ាងច្រើន ដែលអាចទ្រទ្រង់ឱ្យប្រទេសនេះមានសេដ្ឋកិច្ចស្ថិតស្ថេររហូតដល់ទៅ23ឆ្នាំ។ ជាគោលដៅរបស់ប្រទេសនេះ គឺចង់អភិវឌ្ឍសេដ្ឋកិច្ចដោយកាត់បន្ថយការពឹងផ្អែកលើប្រេងដែលអាចនឹងអស់ក្នុងពេលឆាប់ៗនេះ។
3.ប្រទេសសិង្ហបុរី – $52.960
សិង្ហបុរី ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ3 ដែលមានជាងគេនៅក្នុងទ្វីបអាស៊ី ដោយ GDP សម្រាប់ពលរដ្ឋម្នាក់ៗមានប្រមាណ 52,960ដុល្លារអាមេរិក។ សិង្ហបុរី ជាប្រទេសដែលបានកសាងប្រព័ន្ធជំនួញ និងទីផ្សារយ៉ាងល្អបំផុត។ វាជាប្រទេសដែលទទួលចំណាត់ថ្នាក់ល្អក្នុងការកាត់បន្ថយអំពើពុករលួយ និងជាប្រទេសដែលងាយស្រួលរកស៊ីបំផុតមួយនៅក្នុងពិភពលោក។ ប្រទេសនេះអនុគ្រោះច្រើនដល់ការវិនិយោគដើម្បីទាក់ទាញអ្នកវិនិយោគឱ្យបានច្រើនបំផុតពីគ្រប់ទិសទីក្នុងពិភពលោក។ សិង្ហបុរីព្យាយាមក្នុងការជំរុញឱ្យមាននវានុវត្តន៍ និងសហគ្រិនភាពនៅក្នុងប្រទេសឱ្យបានកើនឡើងជាលំដាប់ ខណៈការអភិវឌ្ឍធនធានមនុស្សត្រូវបានគេចាត់ទុកជាផ្នែកចម្បងបំផុតសម្រាប់ប្រទេស។
4.ទីក្រុងហុងកុង នៃប្រទេសចិន – $43,681
ទីក្រុងហុងកុង ជាតំបន់រដ្ឋបាលពិសេសមួយរបស់ប្រទេសចិន ដែលមានផ្ទៃដីប្រមាណ 1,104គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង 7.2លាននាក់។ ទីក្រុងនេះស្ថិតក្នុងចំណាត់ថ្នាក់លេខ4 ដែលមានជាងគេនៅក្នុងអាស៊ី ដោយប្រជាជនម្នាក់ៗមាន GDP 43,681 ដុល្លារអាមេរិក។ សេដ្ឋកិច្ចរបស់ទីក្រុងនេះពឹងផ្អែកច្រើនលើពាណិជ្ជកម្មអន្តរជាតិ និងវិស័យហិរញ្ញវត្ថុ ខណៈទីក្រុងនេះត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលដែលមានពិន្ទុល្អលើវិស័យពាណិជ្ជកម្មអន្តរជាតិ និងហិរញ្ញវត្ថុ។ ក្រៅពីនេះចំណុចពិសេសរបស់ទីក្រុងហុងកុង គឺមានការកម្រិតពន្ធទាប ជាមួយការជំរុញឱ្យមានសេដ្ឋកិច្ចបែបទីផ្សារសេរី។ ទីក្រុងនេះក៏ជាតំបន់ឆ្លងកាត់ទំនិញតាមកំពង់ផែដ៏ធំមួយផងដែរ ដែលមានប្រព័ន្ធដឹកជញ្ជូនល្អ និងតម្លៃពលកម្មសមរម្យ។ ទីក្រុងហុងកុង ក៏ទទួលបានផលប្រយោជន៍ច្រើនផងដែរពីវិស័យទេសចរណ៍ដែរ។
5.ជប៉ុន – $38,894.5
ជប៉ុន ជាប្រទេសដែលមានបំផុតលំដាប់ថ្នាក់លេខ5 នៅតំបន់អាស៊ី ដោយប្រជាជនម្នាក់ៗមានប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំចំនួន 38,894.5ដុល្លារអាមេរិក។ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ផ្តោតខ្លាំងទៅលើការផលិតយានយន្ត និងសហគ្រាសផលិតគ្រឿងអេឡិចត្រូនិក។ ប្រទេសនេះក៏ជាប្រទេសដែលជាប់លេខ3 ដែលមានសង្វាក់ផលិតកម្មផលិតយានយន្តធំបំផុត និងជាប្រទេសដែលមានសហគ្រាសផលិតផលិតផលអេឡិចត្រូនិកធំបំផុតក្នុងពិភពលោកផងដែរ។ ជប៉ុន ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានគំនិតបង្កើតថ្មីខ្ពស់បំផុតក្នុងពិភពលោក តែប្រទេសនេះក៏មានបញ្ហាប្រឈមយ៉ាងធំមួយផងដែរលើការថយចុះនៃចំនួនប្រជាជនយ៉ាងគំហុក៕