Skip to content

កម្ពុជា និង​ឥណ្ឌា​ផ្តួចផ្តើម​ពង្រឹង​លើ​វិស័យ​ទេសចរណ៍ និង​ការវិនិយោគ

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា និង​ឥណ្ឌា បានបង្ហាញ​ពី​គោលជំហរ​សហការគ្នា​ក្នុងការ​ជំរុញ​ចរន្ត​លំហូរ​ទេសចរណ៍ និង​អ្នកវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ឱ្យបាន​ច្រើន​បន្ថែមទៀត ខណៈ​ចំនួន​ភ្ញៀវទេសចរ​នៃ​ប្រទេស​ទាំងពីរ​នៅមានកម្រិត​នៅឡើយ។

ក្នុងជំនួប​ទ្វេភាគី​ជាមួយ លោកជំទាវ ប្រា​មី​ឡា រ៉ានី​ប្រា​ម៉ា រដ្ឋមន្ត្រី​បរិស្ថាន និង​ព្រៃឈើ នៃ​រដ្ឋ​អាសា​ន់​របស់​សាធារណរដ្ឋ​ឥណ្ឌា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ថ្វី​ត្បិត​ភ្ញៀវទេសចរ​ឥណ្ឌា​មក​ទស្សនា​កម្ពុជា​នៅមាន​ចំនួន​តិច បើ​ធៀប​នឹង​អត្រា​ប្រជាជន​នៃ​ប្រទេស​ឥណ្ឌា​យ៉ាងណាក៏ដោយ ប៉ុន្តែ​និន្នាការ​នៃ​ភ្ញៀវទេសចរ​ឥណ្ឌា​មកកាន់​ប្រទេស​កម្ពុជា​បានបង្ហាញ​ពី​សក្តានុពល​នៃ​ការកើនឡើង​ជា​បន្តបន្ទាប់។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​ភ្ញៀវទេសចរ និង​វិនិយោគិន​ឥណ្ឌា​ក្នុងការ​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា។ កម្ពុជា​ក៏​ស្នើឱ្យ​ភាគី​ឥណ្ឌា​ជួយ​ជា​ជំនួយ​ផ្នែក​បច្ចេកទេស​ក្នុងការ​រៀបចំ និង​អភិវឌ្ឍន៍​បន្ថែម​លើ​ផ្នែក​អេកូ​ទេសចរណ៍ ទេសចរណ៍វប្បធម៌ ទេសចរណ៍​សត្វព្រៃ​ពិសេស​ការនាំយក​សត្វ​ខ្លាធំ​ពីរ​ដ្ឋ​អាសា​ន់ មក​ព្រលែង និង​អភិរក្ស​ឡើងវិញ​នៅ​កម្ពុជា​ផងដែរ។

ក្នុងជំនួប​នោះ​ភាគី​ទាំងពីរ​ក៏បាន​ជំរុញឱ្យមាន​ការហោះហើរ​ត្រង់​ពី​កម្ពុជា​ឆ្ពោះទៅកាន់​រដ្ឋ​អាសា​ន់ ព្រោះ​រដ្ឋ​ដែល​ស្ថិតនៅ​ភាគ​ឦសាន​របស់​ប្រទេស​ឥណ្ឌា​មួយ​នេះ ប្រៀបដូចជា​ច្រក​ត​ភ្ជាប់​អាស៊ាន និង​កម្ពុជា​យ៉ាង​ដូច្នេះ​ដែរ ហើយ​ការតភ្ជាប់​នេះ​អាចជា​ផ្នែក​មួយ​នៃ​ការជំរុញ​វិនិយោគ​ថ្មី​បន្ថែមទៀត។

យោងតាម​ស្ថិតិ​ភ្ញៀវទេសចរ​របស់​ក្រសួងទេសចរណ៍ ភ្ញៀវទេសចរ​ឥណ្ឌា ចូលមក​កម្ពុជា​មានកំ​ណើ​ន​ជិត26% ក្នុង​ឆ្នាំ2016 ធៀប​នឹង​ឆ្នាំ2015។ ទិន្នន័យ​បង្ហាញថា កាលពី​ឆ្នាំ2016 ជនជាតិ​ឥណ្ឌា​ដែល​បាន​ចូលមក​កម្ពុជា មាន​ចំនួន46,131នាក់ ខណៈ​កាលពី​ឆ្នាំ2015 មាន​ចំនួន36,671នាក់។ ភ្ញៀវទេសចរ​ឥណ្ឌា មកកាន់​ប្រទេស​កម្ពុជា​ស្មើនឹង0.9%នៃ​ចំនួន​ភ្ញៀវទេសចរ​សរុប​កាលពី​ឆ្នាំ2016 ដែលមាន​ចំនួន​ជាង5លាន​នាក់។

យោងតាម​ជំនួប​ទ្វេភាគី​នោះ កម្ពុជា និង​ឥណ្ឌា នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយគ្នា​នាពេលខាងមុខ ដោយ​គណៈប្រតិភូ​ក្រសួងទេសចរណ៍​កម្ពុជា នឹង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​វិនិយោគិន​សកល ដែល​នឹង​ប្រារព្ធ​ឡើង​នា​ថ្ងៃទី3-4 ខែកុម្ភៈ ឆ្នាំ2018 ខាងមុខ ក្នុង​រដ្ឋ​អាសា​ន់ ប្រទេស​ឥណ្ឌា ដែលមាន​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក​ចូលរួម។

កម្ពុជា ជា​ប្រទេស​តូច មាន​ប្រជាជន​តិច ប៉ុន្តែ​កម្ពុជា​ជាទី​ផ្សារ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​សម្រាប់​ឥណ្ឌា ដោយសារ​ប្រជាជន​កម្ពុជា​ជា​ពុទ្ធសាសនិក ហើយ​មនុស្ស​វ័យ​ចំណាស់​ជាច្រើន រួមទាំង​ព្រះសង្ឃ​ខ្មែរ​ផង តែង​ជ្រើសរើស​ដំណើរ​ទៅ​ទស្សនា​ពុទ្ធ​ដា្ឋ​ន​នានា​នៅ​ប្រទេស​ឥណ្ឌា៕

Leave a Reply

Your email address will not be published. Required fields are marked *