ក្រុមដែលមានការផ្លាស់ប្តូរកីឡាករច្រើនបំផុត Manchester City បានទម្លាក់ក្រុមប្រកបដោយស្មារតីប្រយុទ្ធ Leicester កាលពីថ្ងៃអង្គារ ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន League Cup ក្រោយពីការកាត់សេចក្តីឱ្យស៊ុតបាល់ប៉េណាល់ទីដ៏ចម្រូងចម្រាស ខណៈដែលកាំភ្លើងធំ Arsenal ក៏បានឈានទៅវគ្គបន្តផងដែរ។
លោក Pep Guardiola បានបង្ហាញពីសមត្ថភាពដឹកនាំរបស់លោក តាមរយៈការផ្លាស់ប្តូរកីឡាករដល់ទៅ 9 នាក់ក្នុងជម្រើសដំបូងរបស់លោក ខណៈដែលក្រុមកំពុងតែនាំមុខដាច់លើតារាងក្របខ័ណ្ឌ Premier League មួយនេះ បានគ្រប់គ្រងការភិតភ័យរបស់ពួកគេ ដើម្បីយកឈ្នះក្នុងការស៊ុតបាល់ប៉េណាល់ទី 4 -1 ក្រោយពីក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 បន្ទាប់ពីការបន្ថែម15នាទីពីរដងរួចមក។
ស្របពេលជាមួយគ្នានេះ ក្រុម Arsenal បានផ្តួលក្រុម West Ham ក្នុងលទ្ធផល 1-០ ដើម្បីរក្សាក្តីសង្ឃឹមនៃការជួបគ្នាដ៏រំភើបដែលមានក្រុមខ្លាំង4ក្នុងចំណោមក្រុមខ្លាំងបំផុតទាំង6របស់អង់គ្លេស។ Man City និងក្រុម Leicester បានរួមគ្នាឈ្នះពាន League Cup ចំនួន7លើក ប៉ុន្តែ លោក Guardiola និងលោក Claude Puel គ្រូបង្វឹករបស់ក្រុម Leicester បានបង្ហាញថា អាទិភាពរបស់ពួកគេគឺមិនស្ថិតក្នុងយុទ្ធនាការនេះឡើយ ខណៈដែលតារាឆ្នើមៗរបស់ក្លិបទាំងពីរសឹងតែទាំងអស់ បានអវត្តមានក្នុងជម្រើសទាំង11នាក់ដំបូង។ បើទោះបីមានការផ្លាស់ប្តូរកីឡាករច្រើនក៏ដោយ ប៉ុន្តែ Man City ដែលបានដាក់ឲ្យតារាឆ្នើមវ័យក្មេងរបស់អង់គ្លេស Phil Foden ចូលលេង បានគ្រប់គ្រងស្ទើរតែទាំងស្រុង នៅដើមតង់ ដោយមានឱកាសរកគ្រាប់បាល់ពីរលើកតាមរយៈកីឡាករ Ilkay Gundogan តែធ្វើមិនបានសម្រេច។
នៅរាត្រីនេះ ក្រុម Manchester United នឹងធ្វើដំណើរទៅជួបក្រុម Bristol City របស់ក្របខ័ណ្ឌ Championship ខណៈ Chelsea ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bournemouth៕
ប្រភពពី៖ Sport24