Skip to content

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ពង្រីក​សាល​អ្នកដំណើរ​ថ្មី​តម្លៃ​ជាង 26លាន​ដុល្លារ

សាល​អ្នកដំណើរ​ថ្មី​ក្នុង​បរិវេណ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដែលមាន​ផ្ទៃក្រឡា​រហូតដល់1ម៉ឺន​ម៉ែត្រការ៉េ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​សប្តាហ៍​កន្លងមក ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​អ្នកដំណើរ​ដែលមាន​កំណើន​ជា​លំដាប់។

ការពង្រីក​សាល​អ្នកដំណើរ​ដែល​អាច​ផ្តល់នូវ​ភាពងាយស្រួល​ដល់​ការកម្សាន្ត​សម្រាប់​អ្នកដំណើរ​ចេញ​និង​ការរង់ចាំ​អ្នកដំណើរ​មកដល់ គឺជា​ការពង្រីក​បន្ថែម​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​ដែល​ក្រុមហ៊ុន VINCI របស់​បារាំង​បាន​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ100លាន​ដុល្លារ រួច​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ខែមីនា ឆ្នាំ2016។

ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ“ស្ថានីយ​សម្រាប់​ទទួល​អ្ន​ក​ដំណើរ​មកដល់ និង​ស្ថានីយ​សម្រាប់​ភ្ញៀវ​រង់ចាំ​ចេញដំណើរ” នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺ​ដើម្បី​ឆ្លើយ​នឹង​កំណើន​នៃ​អ្នកដំណើរ​ដែល​កំពុង​កើន​ឡើងជា​លំដាប់​ក្នុង​បច្ចុប្បន្ន និង​អនាគត។ នេះ​បើតាម​ការកត់សម្គាល់រ​បស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។ ក្នុងឱកាស​អញ្ជើញ​ចូលរួម​ធ្វើជា​គណៈអធិបតី​ក្នុង​ពិធី​សម្ពោធ“ស្ថានីយ​សម្រាប់​ទទួល​អ្ន​ក​ដំណើរ​មកដល់ និង​ស្ថានីយ​សម្រាប់​ភ្ញៀវ​រង់ចាំ​ចេញដំណើរ” ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានឱ្យដឹងថា តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍ ក្នុង​ឆ្នាំ 2017 នេះ​កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង5លាន​នាក់ និង​នៅ​ឆ្នាំ2020 នឹង​ទទួលបាន​យ៉ាងតិច7លាន​នាក់។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា៖“វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​នេះ​សំខាន់​ខ្លាំងណាស់​សម្រាប់​កម្ពុជា ដែល​ទាមទារ​ឱ្យមាន​ការសហការ និង​ខិតខំ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ការសម្រួល​ដល់​ការដឹកជញ្ជូន​អ្នកដំណើរ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​លើកទឹកចិត្ត និង​ជំរុញ​ការងារ​នេះ​ឱ្យបាន​ខ្ជាប់ខ្ជួន​ជាទីបំផុត។

ឯកឧត្តម​បានលើកឡើង​ថា ពេលនេះ​កម្ពុជា​កំពុង​ប្រែ​ក្លាយខ្លួន​ទៅជា​មជ្ឈមណ្ឌល​អាកាសចរណ៍​និង​ទេសចរណ៍​មួយ​ដែលមាន​ភាព​ទាក់ទាញ​ក្នុង​តំបន់ និង​ពិភពលោក។ កម្ពុ​ជាមាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ល្អ ហើយ​ជាទី​ផ្សារ​មួយ​ក្នុងចំណោម​ទីផ្សារ​ទេសចរណ៍ ដែលមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ពោលគឺ​នៅតែ​បន្ត​រក្សា​កំណើន​ជា​មធ្យម​ក្នុង​រង្វង់8.5% រហូតដល់​ឆ្នាំ2040។

លោក នី​កូ​ឡា មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Cambodia Airport បានឱ្យដឹងថា ការបើក​ដំណើរការ​ស្ថានីយ​ថ្មី​នេះ​មាន​គោលបំណង​សំខាន់​ចំនួន2 ទី1 ដើម្បី​គិតគូរ​ពី​កំណើន​ភ្ញៀវទេសចរ​នាពេល​បច្ចុប្បន្ន និង​អនាគត ខណៈ​ជិត​ដាច់​ឆ្នាំ2017 នេះ​អ្នកដំណើរ​ដែល​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​លើសពី4លាន​នាក់ ហើយ​នៅ​ឆ្នាំ 2020 កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​យ៉ាងតិច 7លាន​នាក់ និង ទី2 ដើម្បី​រៀបចំ​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗសម្រាប់​អ្នកដំណើរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន ស្របតាម​ស្ដង់ដារ​អន្តរជាតិ។

របាយការណ៍​ពី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល10ខែ ឆ្នាំ 2017 នេះ​មាន​ប្រមាណ 4.4លាន​នាក់ កើនឡើង10.4%បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

បច្ចុប្បន្ននេះ​វិស័យ​ទេសចរណ៍​បាន​ចូលរួមចំណែក​ក្នុង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ប្រមាណ13% ជា​វិស័យ​ដែល​កំពុងមាន​ការរីក​ចម្រើន​យ៉ាង​លឿន​ប្រកបដោយ​សក្តានុពល។ ជាមួយគ្នានេះ​ប្រទេស​កម្ពុជា​ក៏​កំពុងតែ​ជំរុញ​ការទាក់ទាញ​ភ្ញៀវទេសចរ​ពី​ប្រទេស​ចិន​កាន់តែខ្លាំង​ជាង​មុន ខណៈដែល​ភ្ញៀវទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​បាន​នាំមុខគេ​រួចជាស្រេច​ទៅហើយ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងថា តាម​ការរំពឹងទុក​ចំនួន​ភ្ញៀវទេសចរ​បរទេស​នឹង​កើន​ដល់ 5.6លាន​នាក់ នៅ​ឆ្នាំ2017 នេះ ដោយ​អាច​រកចំណូលបាន​ពី​វិស័យនេះ​ច្រើនជាង3,500លាន​ដុល្លារ ក្នុងនោះ​ភ្ញៀវទេសចរ​ចិន​រំពឹងថា នឹង​កើន​ដល់​ចំនួន1លាន​នាក់។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា៖“សមិទ្ធផល​នេះ ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ចាប់យក​ឱកាស​នៃ​ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា ឱ្យ​ក្លាយជា​ឱកាស​មាស​ឆ្ពោះទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឆ្នាំ2030”។

ក្រុមហ៊ុន VINCI របស់​បារាំង​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​អាកាសយានដ្ឋាន​នៅ​កម្ពុជា​រយៈពេល30ឆ្នាំ បាន​ពង្រីក​ខ្លួន​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅកាន់​ព្រលានយន្តហោះ​ក្នុង​ខេត្តសៀមរាប នា​ឆ្នាំ1997 ហើយក៏​ពង្រីក​ខ្លួន​ទៅកាន់​ក្រុងព្រះសីហនុ​ផងដែរ​ក្នុង​ឆ្នាំ2013។ ក្រុមហ៊ុន​នេះ​កំពុង​គ្រប់គ្រង​ព្រលានយន្តហោះ​ទាំង3ខាងលើ ប៉ុន្តែ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ស្ថិតនៅ​ដំណាក់កាល​ចរចា​ជាមួយ​ក្រុមហ៊ុន​នេះ ដើម្បី​ផ្តល់​សំណង​ណាមួយ​សម្រាប់​ការយក​អាកាសយានដ្ឋាន​ខេត្តសៀមរាប ត្រឡប់មកវិញ ដើម្បី​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​មកពី​ចិន វិនិយោគ​នៅ​តំបន់​ផ្សេង​ពី​ទីតាំង​ចាស់។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុងឱកាស​សម្ពោធ​ស្ថានីយ​អ្នកដំណើរ​កាលពី​ឆ្នាំ 2016 ក៏បាន​អះអាង​ពី​សមត្ថភាព​របស់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ក្នុង​ការទទួល​ការ​ចុះចត​របស់​យន្តហោះ​ធំ​ផងដែរ។ ជាក់ស្តែង កម្ពុជា​បាន​សាកល្បង​រួចមកហើយ​នូវ​ការទទួល​យន្តហោះធំៗ ដែល​មក​ចុះចត​នៅ​រាជធានី​ភ្នំពេញ ជាពិសេស​ក្នុង​ឆ្នាំ2012 ពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​យន្តហោះ​ដែល​ដឹក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា បានមក​ចុះចត និង​សំចត​រួចហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *