មនុស្សម្នាក់ៗតែងមានគំនិត និងគន្លឹះជោគជ័យសម្រាប់ជីវិតរៀងៗខ្លួន ដែលប្រភពចំណេះដឹង និងការគិតទាំងអស់នោះគឺជាកូនសោដ៏សំខាន់ដែលអាចធ្វើឱ្យជីវិតមានការអភិវឌ្ឍ ឬមានភាពរីកចម្រើនទៅមុខ។
ដើម្បីផ្តល់ឱកាសឱ្យមនុស្សគ្រប់គ្នាដែលមានគន្លឹះជីវិតល្អៗបានចែករំលែកនូវអ្វីដែលជាកូនសោជីវិតរបស់ខ្លួនទៅកាន់មនុស្សជាច្រើនទៀតនៅកម្ពុជា Ignite Phnom Penh បានរៀបចំវេទិកានិយាយសាធារណៈជាបន្តបន្ទាប់នាពេលកន្លងមក។
Ignite Talks គឺជាកម្មវិធីនិយាយជាសាធារណៈមួយដែលបានបង្កើតឡើងក្នុងឆ្នាំ2006 នៅទីក្រុងស៊ាថល រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយលោក Brady Forrest និង លោក Bre Pettis។ នាឆ្នាំ2016 Ignite Talks ត្រូវបាននាំមកកាន់ប្រទេសកម្ពុជាដែលមានឈ្មោះថា Ignite Phnom Penh ហើយបានប្រារព្ធធ្វើចំនួន2លើក ដោយមានចំនួនវាគ្មិនសរុប31នាក់ និងអ្នកចូលរួមសរុបចំនួនជាង 1,500នាក់។
ប្រធានគ្រប់គ្រងកម្មវិធី Ignite Phnom Penh លោក ជា សុខហ៊ី បានលើកឡើងថា គោលបំណងដែលនាំកម្មវិធីនេះមកកម្ពុជាគឺចង់ពង្រឹងសមត្ថភាពនៃការនិយាយជាសាធារណៈដល់ប្រជាជនគ្រប់រូប និងផ្តល់ឱកាសឱ្យសិស្សានុសិស្ស យុវជន និងកូនខ្មែរទាំងអស់អាចឡើងនិយាយពីគំនិតរបស់ខ្លួនដែលចង់ចែករំលែកទៅសាធារណជនទាំងឡាយ។ ប្រធានបទមានការពាក់ព័ន្ធទៅនឹងវិស័យអប់រំ ការលើកទឹកចិត្ដ ការចែករំលែកពីភាពជោគជ័យ ក្ដីស្រមៃ និងគោលដៅរបស់ខ្លួន។
លោក សុខហ៊ី បាននិយាយថា ៖ “ចំណុចពិសេសរបស់កម្មវិធី Ignite Phnom Penh គឺវាគ្មិននីមួយៗត្រូវធ្វើបទបង្ហាញក្នុងរយៈពេលត្រឹមតែ 5នាទី និងស្លាយ (Slide) ចំនួន20។ ចំណុចនេះគឺតម្រូវឱ្យវាគ្មិននីមួយៗមានការត្រៀមរៀបចំខ្លួនយ៉ាងល្អ។ អាស្រ័យហេតុនេះ វាគ្មិនទទួលបានបទពិសោធថ្មីៗដែលជួយឱ្យពួកគាត់អាចគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញឱ្យបានល្អ។
សហស្ថាបនិកកម្មវិធីនិយាយសាធារណៈដែលប្រកបដោយគុណតម្លៃមួយនេះបានលើកឡើងថា កម្មវិធីនេះមានការចូលរួមពីសំណាក់វាគ្មិនចំនួន 15 រូបមកពីគ្រប់ស្ថាប័ន ដោយមានវាគ្មិនមួយចំនួនជាអ្នកដែលមានបទពិសោធនៅក្នុងសង្គមជាច្រើនឆ្នាំ និងវាគ្មិនមួយចំនួនទៀតជាសិស្សា និស្សិតដែលមកពីវិទ្យាល័យ និងមហាវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ៕