Skip to content

ក្រមា​ខ្មែរ​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ក្រៅប្រទេស

បើទោះបី​បច្ចុប្បន្ន​យុវជន​មួយចំនួន​មានការ​ពេញនិយម​ចំពោះ​សម្លៀកបំពាក់​សម័យថ្មី​ក៏ដោយ ក៏​ក្រមា​ខ្មែរ​នៅតែមាន​ការពេញនិយម​ប្រើប្រាស់​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ព្រម​ទាំងពី​សំណាក់​ជនបរទេស​ផងដែរ។

លោកស្រី គឹម ដាវី ប្រធាន​សមាគម​សិប្បក​ម្ម​អង្គរ បាន​មានប្រសាសន៍ថា ដោយមាន​ការជួយជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ផ្តល់ជំនួយ​បច្ចេកទេស សមាគម​របស់​លោកស្រី​បានរៀបចំ​សិប្បកម្ម​ផលិត​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ប្រភេទ​សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ ជាពិសេស​ក្រមា​អំបោះ​ត្បាញ​ដោយ​ដៃ​ផ្ទាល់​ដែលមាន​ការគាំទ្រ​ខ្លាំង​ទាំង​ទីផ្សារ​ក្នុងប្រទេស និង​ក្រៅប្រទេស។

លោកស្រី​បាន​ប្រាប់ថា ជា​មធ្យម​ក្នុង​មួយខែ​សមាគម​សិប្បកម្ម​អង្គរ​លក់​ក្រមា កន្សែង និង​ភួយ​ក្នុងស្រុក បាន​ចន្លោះ​ពី 7,000 ទៅ 8,000 និង​បាន​នាំ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​ប្រទេស​មួយចំនួន​ដូចជា អូស្ត្រាលី កាណាដា ន័​រវេ​ស និង​នូវ៉ែល​សេ​ឡង់​ជាដើម ដែលមាន​ចំនួន​ប្រមាណ​ចន្លោះ​ពី 1,500 ទៅ 1,800ក្រមា​ថែម​ទៀតផង។ នេះ​អាច​និយាយថា ជា​សកម្មភាព​មួយ​ក្នុងការ​ជួយផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន សម្រាប់​រក​ចំណូល​បន្ថែម​ពី​ការងារ​ស្រែចម្ការ ក៏ដូចជា​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​បាន​មួយចំណែក​ផងដែរ។ អ្វីដែល​ធ្វើឱ្យ​ក្រមា​ខ្មែរ​មានការ​ពេញនិយម​ប្រើប្រាស់​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក គឺ​ដោយសារ​ក្រមា​ត្បាញ​ដោយ​ដៃ​សិប្បករ​ខ្មែរ​មានគុណ​ភាពល្អ​ជាង​ក្រមា​ផលិត​ចេញពី​រោងចក្រ​នាំចូល​មកពី​ក្រៅប្រទេស។

គួរ​បញ្ជាក់ថា សមាគម​សិប្បកម្ម​អង្គរ មិនមែន​ផលិត​ក្រមា​តែមួយ​ប្រភេទ​នោះទេ ពោលគឺ​មាន​ផលិត​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ប្រភេទ​ថែមទៀត សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប ហើយ​មានការ​ពេញនិយម​គាំទ្រ​យ៉ាងខ្លាំង​ពី​ជនបរទេស។ លោកស្រី ដាវី បាន​បញ្ជាក់ថា៖“ដោយ​សង្កេតឃើញ​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​ត្រូវបាន​នាំចូល​ពី​ក្រៅប្រទេស មក​លក់​ទៅឱ្យ​ជនបរទេស​នៅក្នុង​ប្រទេស​កម្ពុជា សមាគម​ក៏បាន​ផ្តួចផ្តើម​គំនិត​ផលិត​វត្ថុ​អនុស្សាវរីយ៍​នេះ​ឡើង​ដើម្បី​ជួយផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ពួកគាត់​មាន​ជីវភាព​បាន​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត។

សិប្បកម្ម​ចម្លាក់​ទាំងនោះ ត្រូវបាន​ចែកចេញជា​ផ្នែកផ្សេងៗគ្នា​មានដូចជា ទី1 សិប្បកម្ម​ចម្លាក់​ប្រាក់ ថ្ម ឈើ ស្ពាន់ ស្បែក និង​គំនូរ​ធម្មជាតិផ្សេងៗទៀត ទី2 សិប្បកម្ម​បែប​សរសៃ​ធម្មជាតិ​សម្រាប់​ធ្វើជា​កន្ត្រក កញ្ច្រែង កញ្ជើ ល្អី ឬ​សម្បក​វេច​ខ្ចប់​ជំនួស​ថង់​ផ្លា​ស្ទិ​ក​ជាដើម ដែល​ធ្វើ​ពី​វត្ថុធាតុដើម​ដូចជា ល្ពា​ក់ ផ្តៅ ស្លឹកត្នោត និង​គាវត្នោត​ជាដើម។ ចំណែក​ទី3 សិប្បកម្ម​វាយ​ន​ភណ្ឌ​អំបោះ សរសៃ​ក្រមា ភួយ​និង​សរសៃសូត្រ​ជាដើម ទី4 សិប្បកម្ម​ផលិត​ឧបករណ៍​តន្ត្រីបុរាណ​មាន​ដូចជា​ស្គ តាខេ ទ្រ ភ្លេង​រនាត​ពិណពាទ្យ ចាប៉ីដងវែង​ជាដើម និង​ទី5 សិប្បកម្ម​ផលិត​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​ដូចជា ប្រអប់​ដាក់​ក្រដាស ប្រអប់​ដាក់​សាប៊ូ ដែល​ផលិត​ចេញ​ជា​ចម្លាក់​រូប​អប្សរា និង​រូបភាព​ទាក់ទាញ​ផ្សេងទៀត ផលិត​ចេញពី​កម្ទេច​ឈើតូចៗ ឬ​ឈើ​ដែល​គេ​បោះចោល​ប្រើប្រាស់​លែងកើត។

មកទល់​បច្ចុប្បន្ន សមាគម​សិប្បកម្ម​អង្គរ បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ប្រមាណ 4,000នាក់ ពិសេស​ជា​ស្ត្រី​មេផ្ទះ​អាច​មើលថែទាំ​ផ្ទះ មើលថែទាំ​កូនចៅ​នៅផ្ទះ​ផង និង​ឆ្លៀត​ពេលធ្វើ​ការងារ​សិប្បកម្ម​ខាងលើនេះ ដែល​ភាគច្រើន​ពួកគាត់​រស់នៅ​ក្នុងស្រុក​ពួក និង​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប។ ជាមួយគ្នានេះ​លោកស្រី​ប្រធាន​សមាគម​សិប្បកម្ម​អង្គរ ក៏បាន​សំណូមពរ​ដល់​ពលរដ្ឋ​ខ្មែរ ឱ្យជួយ​គាំទ្រ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែខ្លាំង​ថែមទៀត ដើម្បី​ផ្តល់​ការងារ ក៏ដូចជា​ផ្តល់​ចំណូល​ដល់​ពលរដ្ឋ​ខ្មែរ​នៅតាម​ជនបទ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *